ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សង្គមកិច្ច ៖​ ឱ​ពុក​ម្តាយដែល​បោះបង់​កូន​ចោល ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ​បាន​គូសបញ្ជាក់​ថា​ ឱ​ពុក​ម្តាយ​ដែល​បោះបង់​កូន​ចោល​ និង​ត្រូវ​ផ្ត​ន់​ន្ទា​ទោស​ ហើយ​ពិន័យ​ជា​ប្រាក់​ផង​ដែរ​ ។

យោង​តាម​សេចក្តីណែនាំ ស្តី​ពី​កិច្ច​ការពារ និង​អន្តរាគមន៍​ចំពោះ​ទារក ​និង​កុមារ ​ដែល​ត្រូវ​គេ​បោះបង់​ចោល​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ បាន​លើក​ឡើង​ថា​ ថ្មី​នេះ​ៗ​ជា​ការ​កត់សម្គាល់​ឃើញ​ថា មាន​ឪពុក​ម្តាយ ឬ អ្នក​អាណាព្យាបាល​មួយ​ចំនួន​តូច បាន​បោះបង់​ទារក ឬ​កុមារ នៅ​តាម​មន្ទីរពេទ្យ ឬ​ទី​សាធារណៈ ហើយ​មានការចែក​ផ្សាយ​ជា​បន្តបន្ទាប់​នៅ​ក្នុង​បណ្តាញ​សង្គម ​។

ក្រសួង​ សូម​ចាត់​ទុក​អំពើ​នេះ ជា​អំពើ​អមនុស្សធម៌ ឃោរឃៅ និង​ព្រៃផ្សៃ ដែល​ផ្ទុយ​នឹង​ច្បាប់ សេចក្តី​ថ្លៃថ្នូរ វប្បធម៌ ក្រមសីលធម៌ គោលនយោបាយ​កិច្ច​ការពារ​កុមារ អនុសញ្ញា ស្តី​ពី​សិទ្ធិ​កុមារ និង​លិ​ខិ​តូប​ករ​ណ៍​អន្តរជាតិ​ដទៃ​ទៀត​ ។

ទន្ទឹម​គ្នា​នេះ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ពិនិត្យ​ឃើញ​ថា អំពើ​ល្មើស​ខាងលើ​នេះ គឺ​មាន​ចែង​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ឆ្នាំ​២០០៩ ដែល​ឪពុក​ម្តាយ ឬ​អ្នក​អាណាព្យាបាល ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដូច​មាន​ខាងក្រោម​ ៖

-មាត្រា​៣២១៖ បទ​បោះបង់​អនីតិជន “​អំពើ​របស់​បុគ្គល​មាន​អំណាច​ថែរក្សា ដែល​បោះបង់​អនីតិជន​អាយុ តិច​ជាង​១៥​ឆ្នាំ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២,០០០,០០០ រៀល ទៅ ១០,០០០,០០០ រៀល ប្រសិនបើ​អំពើ​បោះបង់​នោះ​បណ្តាល​ឱ្យ​អន្តរាយ​ដល់​សុខភាព ឬ​សន្តិសុខ​របស់ អនីតិជន​នោះ​” ។
-មាត្រា​៣៣០៖ បទ​ញុះញង់​ឱ្យ​បោះបង់​ទារក “​អំពើ​នៅ​ក្នុង​គោលដៅ​ចង់បាន​កម្រៃ ញុះញង់​ដោយ​ផ្ទាល់ ដល់​ឪពុក​ម្តាយ ឬ​ដល់​ឪពុក ឬ​ម្តាយ​ឱ្យ​បោះ​ប ង់​ចោល​ទារក​ដែល​កើតមក​ហើយ ឬ​ដែល​នឹង​កើត ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០០,០០០ រៀល ទៅ ១,០០០,០០០ រៀល​”។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ កន្លង​ទៅ​ក្រសួង​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ជា​ច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​ដើម្បី​ជាការ​ក្រើនរំលឹក​ក្នុង​ការ​អនុវត្ត​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ក្រសួង​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ពង្រឹង​កិច្ចសហការ និង​ជំរុញ​ការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​អង្គភាព រួម​ទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ លើ​ការ​អនុវត្ត​នីតិវិធី និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា ទាក់ទង​នឹង​កិច្ច​ការពារ​ទារក ឬ​កុមារ​ពី​ការ​បោះបង់​ចោល ជា​ពិសេស​ប្រកាស​លេខ ២២៨០ ស​.​អ​.​យ ចុះ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១១ ស្តី​ពី​នីតិវិធី​អនុវត្ត​គោលនយោបាយ​ ស្តី​ពី​ការ​ថែទាំ​ជំនួស​ចំពោះ​កុមារ និង​ប្រកាស​អន្តរក្រសួង រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា លេខ​០៧៤ ប្រក ចុះ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៤ ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​សៀវភៅ​ណែនាំ​ស្តី​ពី​នីតិវិធី​ប្រតិបត្តិ​កិច្ច​ការពារ​កុមារ​សម្រាប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ។

ក្រសួង សូម​សំណូមពរ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​សហការ​អនុវត្ត ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដូច​មាន​កំណត់​ក្នុង​ច្បាប់ នីតិវិធី និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ ដើម្បី​រួម​គ្នា​ការពារ​កុមារ និង​ផ្តល់​សេវា​សម​ស្រប​ជូន​ពួក​គេ​ ។

ក្រសួង សូម​ធ្វើការ​អំពាវនាវ​ដល់​ឪពុក​ម្តាយ ឬ​អ្នក​អាណាព្យាបាល និង​សាធារណជន​ទាំងអស់ សូម​ចូលរួម ចិញ្ចឹម​បីបាច់ និង​ថែរក្សា​ការពារ​ទារក ឬ​កុមារ ជា​កូន​ៗ​របស់​ខ្លួន ដើម្បី​ឱ្យ​ពួក​គេ​ធំ​លូតលាស់ និង​អភិវឌ្ឍន៍​ក្នុង បរិយាកាស​គ្រួសារ​ប្រកបដោយ​ក្តី​ស្រឡាញ់ និង​ភាព​កក់ក្តៅ ព្រមទាំង​ទទួល​បាន​ឧត្តម​ប្រយោជន៍​ពេញលេញ​។ ក្នុង​ករណី មានការ​លំបាក ឬ​មាន​បញ្ហា​ណាមួយ​ក្នុង​ការ​ច​ញ្ចឹ​ម​បីបាច់​ថែទាំ​ទារក ឬ​កុមារ ក្រសួង​សូម​លើកទឹកចិត្ត ដល់​ឪពុក​ម្តាយ ឬ​អ្នក​អាណាព្យាបាល ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី ទទួល​បានការ​គាំទ្រ​សេវា​សង្គម​សម​ស្រប​ដែល​ផ្តល់​ដោយ​ក្រសួង ស្ថាប័ន និង​អង្គភាព​របស់​រាជរដ្ឋាភិបាល ព្រមទាំង អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដៃគូ ជៀសវាង​ការ​មិន​អើពើ ឬ​ការ​បោះបង់​ពួក​គេ​៕