ទីក្រុងកៀវ៖ គ្រាប់មីស៊ីលផ្លោងរបស់រុស្ស៊ីវាយប្រហារស្លាប់មនុស្សយ៉ាងតិច១២នាក់ និងរបួសជាង៣០នាក់នៅទីក្រុងកៀវ នៅពេលរំលងអធ្រាត្រឆ្លងចូលព្រឹកថ្ងៃនេះ។ អគារជាច្រើនខ្នងរងការខូចខាត ចំណែកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីក៏រអាក់រអួលនៅក្នុងទីតាំងខ្លះនៃរដ្ឋធានី។ អគ្គិភ័យចាប់ផ្ដើមឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយអគារស្នាក់នៅរបស់ប្រជាជនកម្ពស់៩ជាន់មួយខ្នងត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីអស់នៅសង្កាត់សូឡូមីយ៉ាន់ស្គី នៃរដ្ឋធានី បណ្ដាលឱ្យស្លាប់មនុស្ស៧នាក់។ នេះបើយោងតាមអភិបាលនៃគណៈអភិបាលក្រុងកៀវ លោកវីតាលី គ្លីសឆ្កូ (Vitali Klitschko)។ លោកស្នើសុំឱ្យយកថ្ងៃសុក្រស្អែកជាទិវាកាន់មរណទុក្ខ។ សង្កាត់២ទៀតរបស់ទីក្រុងកៀវក៏រងការវាយប្រហារបណ្ដាលឱ្យខូចខាតមិនតិចតួចនោះដែរ។ នេះបើយោងតាមអ្វីដែលលោកគ្លីសឆ្កូបង្ហោះនៅលើតេឡេក្រាម។ មិនថាអគារដែលមិនមែនជាកន្លែងស្នាក់នៅ ឃ្លាំងស្តុកទុកទំនិញ សាលារៀន ឬមន្ទីរពេទ្យកុមារនោះទេសុទ្ធតែរងការវាយប្រហារទាំងអស់។

ក្រុមហ៊ុនអគ្គិសនីអ៊ុយក្រែនឈ្មោះ DTEK ថ្លែងថាករណីដាច់ភ្លើងនៅក្នុងផ្ទះ៩ម៉ឺនខ្នងនោះ ខ្លួនបានតភ្ជាប់ឡើងបានជាង៥០%ហើយ។ រុស្ស៊ីឥឡូវនេះបង្កើនការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងៗព្រោះដឹងថាអ៊ុយក្រែនកំពុងតែខ្សត់ខ្សោយខ្លាំងនូវប្រព័ន្ធការពារដែនអាកាសម៉ាកផេទ្រាតសម្រាប់តាមបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី។ លោកត្រាំលែងផ្ដល់មីស៊ីលនេះទៅឱ្យអ៊ុយក្រែនហើយ ហើយសុខចិត្តផ្ដល់អាជ្ញាប័ណ្ណសម្រាប់អ៊ុយក្រែនផលិតនៅក្នុងស្រុកតែម្ដង។ ប៉ុន្តែទម្រាំអាចរៀបចំនីតិវិធីផលិតមីស៊ីលនេះបានត្រូវប្រើពេលរាប់ឆ្នាំ ឬរាប់សិបឆ្នាំទៅមុខទៀត។ ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាកងទ័ពរបស់ខ្លួនបានវាយប្រហារទីក្រុងកៀវ និងតំបន់ខ្សែក្រវាត់ទីក្រុងនេះពិតមែនដោយប្រើប្រាស់មីស៊ីល និងដ្រូន បណ្ដាលឱ្យត្រូវចំទីតាំងផលិតដ្រូន ដេប៉ូស្តុកទុកគ្រឿងបរិក្ខារយោធា និងព័ស្តុភាររបស់អ៊ុយក្រែន។

សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថាពួកគេស្ដាប់ឮសំឡេងផ្ទុះគ្រាប់មីស៊ីលជាងដប់គ្រាប់។ នៅទីតាំងជុំវិញទីក្រុងកៀវ មានករណីស្លាប់មនុស្សម្នាក់ទៀត។ នេះបើយោងតាមមន្ត្រីថ្នាក់មូលដ្ឋានប្រកាសនៅលើបណ្ដាញតេឡេក្រាម។ ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបង្ហាញរូបវីឌីអូក្រុមការងាររបស់ខ្លួនខិតខំបាញ់ទឹកពន្លត់ភ្លើងដែលឆាបឆេះអគារមួយកន្លែង និងបង្ហាញរូបពួកគេជួយដឹកជញ្ជូនមនុស្សដែលជាប់ផុងនៅក្នុងអគារចេញមកខាងក្រៅ។ មិនត្រឹមតែអ៊ុយក្រែនទេដែលត្រូវរុស្ស៊ីវាយប្រហារ អ៊ុយក្រែនក៏វាយប្រហាររុស្ស៊ីវិញដែរដោយផ្ដោតគោលដៅសំខាន់ទៅលើទីតាំងផលិត និងស្តុកទុកប្រេង ព្រមទាំងទីតាំងទុកដាក់ព័ស្តុភារ។ ធ្វើដូច្នេះដើម្បីបន្ទច់បង្អាក់មិនឱ្យរុស្ស៊ីមានកម្លាំងវាយប្រហារខ្លាំងពេក។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតហាក់ដូចជាមិនសូវបានផលប៉ុន្មានទេដោយសារអាមេរិកខ្លួនឯងក៏កំពុងជាប់ដៃនៅក្នុងសង្គ្រាមអ៊ីរ៉ង់ផងដែរ។

មានសេចក្ដីរាយការណ៍ថានៅអំឡុងពេលដែលរុស្ស៊ីកំពុងតែជក់ដៃវាយប្រហារអ៊ុយក្រែននោះ ដ្រូនមួយគ្រឿងបានធ្លាក់នៅលើទឹកដីនៃប្រទេសរ៉ូម៉ានីដែលជាសមាជិកអង្គការណាតូ ហើយក៏ជាសមាជិកសហភាពអឺរ៉ុបផងដែរ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិរ៉ូម៉ានី។ ដ្រូនមួយគ្រឿងទៀតបានហោះរំលងដែនអាកាសប្រទេសម៉ុលដូវ៉ា។ លោកហ្សេឡិនស្គីបានប្រគល់សំណើសន្តិភាពជូនលោកស្ទីវវីតខូស និងកូនប្រសាលោកត្រាំដោយភ្ជាប់លក្ខខណ្ឌមួយចំនួនជាថ្នូរនឹងការបញ្ចប់សង្គ្រាម។ លោកក៏បានស្នើសុំឱ្យអាមេរិកបញ្ជូនគ្រាប់មីស៊ីលការពារដែនអាកាសបន្ថែមទៀតទៅឱ្យអ៊ុយក្រែនផងដែរ។ អ្នកនាំពាក្យរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា មានប្រសាសន៍ថារុស្ស៊ីមិនបានទទួលសំណើណាមួយនៅឡើយទេដើម្បីជួបគ្នាជាថ្មីជាមួយក្រុមអ្នកចរចារបស់អាមេរិក។ ប៉ុន្តែលោកស្រីបញ្ជាក់ថារុស្ស៊ីត្រៀមខ្លួនជានិច្ចដើម្បីរៀបចំកិច្ចប្រជុំនេះប្រសិនបើមានសំណូមពរ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ