ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសោធនកម្ម​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដោយ​ឯកច្ឆន្ទ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ដើម្បី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ កាន់តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឯកច្ឆន្ទ​ នៃ​ចំនួន​សមាជិក​សភា​ចូលរួម​សរុប​១១០​សម្លេង​ ។

ការ​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែសីហា ឆ្នាំ​២០២៦ ​ក្រោម​អធិបតីភាព​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ​។

សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ បាន​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ចំនួន ៤ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ន​ស​/​រកម​/០៣០១/០៥ ចុះ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០០១ មាន មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ និង​មាត្រា​៣៨ ឱ្យ​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ និង​កម្មវិធី​កែទម្រង់​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​ការ​បន្ត​ពង្រឹង​ប្រសិទ្ធភាព ​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​ធានា​ឱ្យ​ការ​ដឹកនាំ និង​គ្រប់គ្រង​រដ្ឋ​បាល​ឃុំ សង្កាត់ មាន​ឯកភាព ប្រសិទ្ធភាព តម្លាភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ជាង​មុន ​។

វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ មាន​គោលបំណង​សំខាន់​ៗ​ដូច​ជា ធានា​ឱ្យ​ការ​កំណត់​មុខ​តំណែង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ឃុំ សង្កាត់ មាន​ភាព​សម​ស្រប​ជាមួយ​លទ្ធផល​ នៃ​ការ​បោះ​ឆ្នោត ស្រប​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ​ដែល​ជា​ម្ចាស់​ឆ្នោត និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ពង្រឹង​ប្រសិទ្ធភាព​ នៃ​ការ​ដឹកនាំ និង​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ធានា​ឱ្យ​មាន​ឯកភាព និង​ភាព​ស៊ីសង្វាក់​គ្នា​ក្នុង​ការ​អនុវត្ត​ការងារ​រដ្ឋបាល​នៅ​ថ្នាក់​មូលដ្ឋាន ជាដើម​ ។

ក្រោយ​ពី​បាន​ពិភាក្សា​តាម​នីតិវិធី អង្គ​រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ជា​ឯកច្ឆន្ទ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ដែល​បាន​ចូលរួម​ប្រជុំ​ ៕