ទីក្រុងវ៉ាស៊ីនតោន៖ ថ្ងៃនេះ លោកដូណាល់ត្រាំចេញសេចក្ដីព្រមានធ្ងន់ៗថាលោកនឹងចាត់ការបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសណាក៏ដោយដែលហ៊ានជួយជ្រោមជ្រែងប្រទេសអ៊ីរ៉ង់តាមគ្រប់រូបភាព។ លោកថ្លែងដូច្នេះស្របពេលដែលអាមេរិកកំពុងតែស្វះស្វែងរកការដោះស្រាយបញ្ចប់សង្គ្រាមអ៊ីរ៉ង់។ ចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើងកាលពីចុងខែកុម្ភៈ មនុស្សរាប់ពាន់នាក់បានស្លាប់, បណ្ដាប្រទេសនៅឈូងសមុទ្រពែក្សត្រូវបានអូសទាញឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាម ហើយទីផ្សារពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិ។ អ៊ីរ៉ង់កំពុងខិតខំពង្រឹងជំហររបស់ខ្លួនដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស។ អាមេរិក និងអ៊ីរ៉ង់ធ្លាប់បានប្រកាសបទឈប់បាញ់ចំនួន២ដងរួចមកហើយកាលពីខែមេសាម្ដង និងខែមិថុនាម្ដងទៀត។ គោលដៅនៃបទឈប់បាញ់ទាំងនេះដើម្បីបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ ប៉ុន្តែបទឈប់បាញ់ទាំងនេះមានជីវិតរស់នៅមិនបានយូរប៉ុន្មានទេក៏ស្លាប់ទៅវិញ។

នៅក្នុងការបង្ហោះសារនៅលើបណ្ដាញសង្គមកាលពីយប់មិញ លោកត្រាំបានសន្យាថានឹងធ្វើសង្គ្រាមសេដ្ឋកិច្ច និងសង្គ្រាមដាក់ឱ្យនៅឯកោនៅក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក។ លោកគ្រាន់តែនិយាយដោយខ្លីៗតែត្រឹមនេះដោយមិនបានបរិយាយលម្អិតពេកទេ។ អស់រយៈពេលជិត៥០ឆ្នាំមកហើយចាប់តាំងពីក្រោយបដិវត្តឥស្លាមឆ្នាំ១៩៧៩ ប្រទេសអ៊ីរ៉ង់បន្តទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាហូរហែងើបមុខមិនរួចឡើយបន្ទាប់ពីពួកគេផ្ដួលរំលំសម្ព័ន្ធមិត្តរបស់អាមេរិកគឺអតីតព្រះមហាក្សត្រសារបស់អ៊ីរ៉ង់ពីតំណែង។ លោកត្រាំសរសេររៀបរាប់ថាប្រទេសណាក៏ដោយដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ, ជំនួញ, ព្រលានយន្តហោះ ឬស្ថាប័នរដ្ឋាភិបាលរបស់ខ្លួនផ្ដល់អត្ថប្រយោជន៍កម្រិតណាក៏ដោយសម្រាប់អ៊ីរ៉ង់ ពួកគេនឹងទទួលរងផលវិបាកសេដ្ឋកិច្ចដ៏មហិមា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបាស់ អារ៉ាក់ឈី ចាត់ទុកសម្ដីរបស់ត្រាំជាចេតនាបំភាន់មតិសាធារណៈរបស់ពលរដ្ឋអាមេរិកមិនឱ្យគិតគូរអំពីបញ្ហាហិរញ្ញវត្ថុនៅក្នុងប្រទេសរបស់ខ្លួន។ ក្នុងនោះ ក៏មានបញ្ហាបំណុលវ័ណ្ឌក និងអត្រាការប្រាក់កម្ចីហក់ឡើងខ្ពស់ផងដែរ។

លោកអារ៉ាក់ឈីថ្លែងបន្តទៀតថាការដែលទីក្រុងវ៉ាស៊ីនតោនបន្តអនុវត្តនូវអ្វីដែលលោកចាត់ទុកថាជានយោបាយបរាជ័យនោះ ពេលនោះលោកយល់ថាអាមេរិកបានត្រឹមតែទទួលបរាជ័យកាន់តែខ្លាំងប៉ុណ្ណោះ។ លោកបង្ហោះសារនៅលើបណ្ដាញអ៊ិចថាគំនិតភេរវកម្មសេដ្ឋកិច្ចរបស់អាមេរិកបង្កការគំរាមកំហែងចំពោះសេដ្ឋកិច្ចពិភពលោក និងអធិបតេយ្យភាពជាតិរបស់បណ្ដាប្រទេសនានានៅលើសាកលលោក។ រហូតមកដល់ពេលនេះ លោកត្រាំមិនទាន់សម្រេចគោលដៅរបស់ខ្លួនក្នុងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់ទេ។ នោះគឺការកាត់រំសាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់, ទប់ស្កាត់មិនឱ្យអ៊ីរ៉ង់វាយប្រហារប្រទេសដែលជាគូប្រជែងរបស់ខ្លួននៅក្នុងតំបន់ និងលក្ខខណ្ឌមួយចំនួនដើម្បីឱ្យអ៊ីរ៉ង់បោះបង់ចោលរបបដឹកនាំបែបសាសនាធិបតេយ្យរបស់ខ្លួន។ លោកមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើអាមេរិកនឹងចាត់វិធានការបែបណាខ្លះ ហើយនឹងចាត់ការទៅលើប្រទេសណាខ្លះនោះទេ។ ប៉ុន្តែការព្រមាននេះក៏អាចនឹងប៉ះពាល់បណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដែលជួយជ្រោមជ្រែងនៅក្នុងការចរចាសន្តិភាពផងដែរ។

កាលពីថ្ងៃអង្គារ អារ៉ាប់រួមប្រកាសថាខ្លួនសម្រេចព្យួរទុកការធ្វើពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីរ៉ង់រហូតដល់មានការជូនដំណឹងជាថ្មី។ វិធានការនេះធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិអារ៉ាប់រួមអះអាងថាប្រទេសរបស់ខ្លួនរងការគំរាមកំហែងពីមីស៊ីល២គ្រាប់របស់អ៊ីរ៉ង់។ ប៉ុន្តែមីស៊ីលទាំងនោះត្រូវបានបាញ់ទម្លាក់នៅលើផ្ទៃសមុទ្រ។ ប្រេងឆៅរបស់អ៊ីរ៉ង់ដែលនាំចេញទៅក្រៅប្រទេសគឺរហូតដល់ទៅជាង៨០%នាំចេញទៅប្រទេសចិន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Kpler ឆ្នាំ២០២៥។ ទោះជាបែបនេះក្ដី អាមេរិកមិនទាន់ហ៊ានហក់ជាមួយចិនទេព្រោះសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំង២ដែលមានស្រាប់ទៅហើយនោះមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេ។ ប្រសិនបើលោកត្រាំហ៊ានធ្វើខ្លាំងដាក់ចិន ចិននឹងបញ្ឈប់ការនាំចេញរ៉ែកម្រទៅអាមេរិក។ នេះជាសន្លឹកបៀរដ៏សំខាន់របស់ចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកលីនចៀន ថ្លែងថាប្រទេសរបស់លោកសូមអំពាវនាវឱ្យគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ធ្វើអ្វីៗប្រកបដោយការទទួលខុសត្រូវដើម្បីដោះស្រាយទំនាស់តាមផ្លូវនយោបាយ និងការទូត។

អ៊ីរ៉ង់នៅតែបើកទូលាយជានិច្ចសម្រាប់ការសន្ទនាគ្នាជាមួយអាមេរិក។ ប៉ុន្តែមិនត្រូវយល់ច្រឡំរវាងការចរចាគ្នា និងការលើកដៃសូមចុះចាញ់នោះឡើយ។ ខាងលើនេះជាប្រសាសន៍របស់លោកមហាម៉ាត់ ម៉ូក្បឺ (Mohammad Mokhber) ជាទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់។ លោកថ្លែងបន្តទៀតថាការដាក់សម្ពាធផ្នែកយោធា និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនអាចបំបាក់ទឹកចិត្តមោះមុតរបស់អ៊ីរ៉ង់បានឡើយ។ កាលពីថ្ងៃអង្គារ លោកត្រាំមានប្រសាសន៍ថាលោកគ្មានផែនការចរចាជាមួយអ៊ីរ៉ង់ទៀតទេ។ ដូច្នេះ វាផ្ទុយពីការប្រកាសរបស់ប្រេសិតពិសេសរបស់លោកកាលពីមួយថ្ងៃមុននោះ។ លោកស្ទីវវីតខូស និងកូនប្រសាលោកត្រាំអះអាងថាដំណើរការចរចានៅតែបន្ត ហើយអាចនឹងបត់បែនប្រែប្រួលខ្លាំងជាងពេលណាៗទាំងអស់។ លោកត្រាំចង់រឹបអូសសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ និងចង់បង្កើតកិច្ចព្រមព្រៀងថ្មីដែលមានលក្ខណៈរឹតត្បិតខ្លាំងជាងមុនទៅលើកម្មវិធីនុយក្លេអ៊ែរ និងការស្រាវជ្រាវរបស់អ៊ីរ៉ង់។ កិច្ចព្រមព្រៀងដែលលោកចង់បាននោះនឹងទៅជំនួសកិច្ចព្រមព្រៀងឆ្នាំ២០១៨៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ