លាមកប្រចៀវមួយធុង២ម៉ឺនរៀល គេយកធ្វើជីដាក់ដំណាំធ្វើឱ្យដីធូរ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋរស់នៅភូមិវ៉ារិនទី៣ ឃុំខ្ចៅ ស្រុកកងមាស បាននាំគ្នាចិញ្ចឹមប្រជៀវ ដើម្បីយកលាមកធ្វើជីដាក់ដំណាំផ្សេងៗ ក្នុងនោះមានស្ពៃ ស្លឹកខ្ទឹម ស្វាយចន្ទី ទុរេន ដើម្បីឲ្យដីធូរ ។ ហើយរបរមួយនេះ បានជួយលើកស្ទួយជីវភាពរបស់ប្រជាជនបានធូរស្រាលមួយកំរិត មានគ្រួសារខ្លះ បានបន្តអាជីពពីឪពុកមកកូនផងដែរ ។

អ្នកស្រីសុទ្ធ ឆេងហ៊ុច អាយុ៤៦ឆ្នាំ រស់នៅភូមិវ៉ារិនទី៣ បានរៀបរាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២០ កក្កដា ឆ្នាំ២០២៦ ថា ដើម្បីចិញ្ចឹមប្រចៀវ គឺត្រូវទិញធាងត្នោតពីតំបន់ផ្សេងដោយក្នុងមួយធាងតម្លៃ៥០០រៀល យកមកធ្វើសំបុកដោយសង់ជាជួរតំរៀបគ្នាត្រង់ដូចបន្ទាត់ដែលមានរាប់រយពាន់ធាង ត្រូវបានដាក់នៅចំហៀងខាងមុខផ្ទះហ្នឹងខាងក្រោយផ្ទះរបស់ឪពុក ។ ជាធម្មតា ក្នុងមួយថ្ងៃអាចប្រមូលលាមកសត្វប្រចៀវបានមួយធុងលក់ឱ្យគេតម្លៃ២ម៉ឺនរៀល ។

អ្នកស្រីឆេង ហ៊ុច បានប្រាប់បន្តឱ្យដឹងទៀតថា ចាប់តាំងពីពេលដែលឪពុករបស់គាត់បានចិញ្ចឹមប្រចៀវ ដើម្បីប្រមូលលាមករបស់វាលក់ គិតរហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេលប៉ុន្មាន១៥ឆ្នាំហើយ ។ ក្នុងមួយរយៈចុងក្រោយនេះ ដោយសារឪពុកចាស់ណាស់ទៅហើយដើរមិនរួច ។ នៅតែលើផ្ទះឈើ ដូច្នេះ បន្ទុកនៃការមើលថែសំបុកប្រចៀវ គឺត្រូវបានធ្លាក់មកលើរូបគាត់ និងប្ដី គឺបានប្រឹងយកចិត្តទុកដាក់ ដោយប្ដីជាអ្នកប្រមូលលាមកនៅក្រោមសំបុកដែលត្រង់ដោយសំណាញ់ស្បៃក្រឡាញឹក ពេលដែលប្រមូលបានត្រូវចាក់ដាក់នៅលើកន្ទេលហាលឱ្យស្ងួតរួចចាក់ក្នុងធុង ។

មានឈ្មួញបានចុះមកប្រមូលទិញលក់ក្នុងមួយធុងបាន២ម៉ឺនរៀល តម្លៃនេះ មិនឡើងមិនចុះចំពោះអត្ថប្រយោជន៍លាមកសត្វនេះ ត្រូវបានប្រជាពលរដ្ឋទិញ ដើម្បីយកទៅដាក់ដំណាំតាមចម្ការ ក្នុងនោះ មានស្វាយចន្ទីរ ទុរេន ព្រមទាំងដំណាំផ្សេងទៀត ដើម្បីឱ្យដីធូរនិងបានទិន្នផលខ្ពស់ ។

អ្នកចិញ្ចឹមប្រចៀវរូបនេះបានបញ្ជាក់ថា ហ្វូងសត្វប្រចៀវឲ្យតែនៅពេលល្ងាច ពួកវាបាននាំគ្នាហើរចេញពីសំបុកធាងត្នោតមើលទៅទាំងហ្វូង ដើម្បីទៅលេងទឹកទន្លេមេគង្គមួយទៅ២ម៉ោងព្រលប់បានហើរត្រឡប់មកវិញចូលដេកក្នុងសំបុក ។ បើគិតជាមធ្យមក្នុងមួយខែអាចប្រមូលលាមកសត្វប្រចៀវបាន៦បាវ ហើយក្នុងមួយបាវលក់បាន១២ម៉ឺនរៀល របរមួយនេះត្រូវបានឪពុករបស់គាត់បានបង្ហាត់បង្រៀនពីបច្ចេកទេសធ្វើសំបុក ដើម្បីឲ្យហ្វូងសត្វប្រចៀវនៅគិតមកដល់បច្ចុប្បន្នគឺរយៈពេល១៥ឆ្នាំ
ហើយ។

ចាប់តាំងពីពេលដែលឪពុកឈឺដែលមិនរួច របរមួយនេះត្រូវបានគាត់នឹងប្ដីត្រូវមើលប្រមូលលាមកប្រចៀវជំនួសឪពុក ចំពោះសំបុកត្រូវសង់ផុតពីដីមានកម្ពស់ប្រហែល៥ម៉ែត្រ មានពេលខ្លះ ពស់ខៀវបានឡើងតាមសសរចាប់យកសត្វប្រចៀវធ្វើជាចំណី កាលណាមានពស់មកបែបនេះធ្វើឲ្យសត្វប្រចៀវមិននៅក្នុងសំបុក ។ ក្នុងនោះ សំខាន់ត្រូវបោសសំអាតកាប់ព្រៃនៅជុំវិញផ្ទះឱ្យស្អាតកុំឱ្យសត្វពស់នៅ ឡើងស៊ីប្រចៀវ ហើយនៅក្នុងភូមិរបស់គាត់ពលរដ្ឋមួយចំនួនដែលធ្លាប់ប្រកបរបរនេះបានបោះបង់ចោលដោយងាកទៅរករបបផ្សេងជំនួសវិញ ។





ចែករំលែកព័តមាននេះ