ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ត្រៀម​ជួប​គ្នា​ចំ​ពេល​ដែល​សង្គ្រាម​អ៊ី​រ៉ង់​ និង​អាមេរិក​បន្ត​ឆាប​ឆេះ​យ៉ាង​ក្ដៅ​គគុក

7 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ភាព​តាន​តឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ទំនង​ជា​ប្រធាន​បទ​សំខាន់នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​​​ការ​បរទេសអាស៊ាន​នៅ​សប្ដាហ៍​នេះ​។​ ​បញ្ហា​ខ្លះ​អាស៊ាន​​ដោះ​ស្រាយ​មិន​ទាន់​ចេញ​នៅ​ឡើយ​ផង​ដូច​ជា​ជម្លោះ​រវាង​ចិន និង​សមាជិក​អាស៊ាន​ខ្លះ​ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​ផ្ទៃ​ក្នុង​មីយ៉ាន់​ម៉ា​ជា​ដើម​ ​ឥឡូវ​នេះ​បែរ​ជា​លេច​ចេញ​បញ្ហា​ថ្មី​ៗ​​បន្ថែម​ទៀត​។ ​រដ្ឋ​មន្ត្រី​​អាស៊ាន​ទាំង​១១​ប្រទេស​ រួម​​ជា​មួយ​​ក្រុម​ប្រទេស​ជា​​ដៃគូ​ដទៃ​ទៀត​នឹង​ជួប​គ្នា​នៅ​ទី​ក្រុង​ម៉ានីឡា​ ប្រទេស​ហ្វ៊ីលីពីន​ ស្រប​ពេល​ដែល​មាន​បញ្ហា​អស្ថិរ​ភាព​ក្រៅ​តំបន់​អាស៊ាន​។ នោះ​គឺ​ជម្លោះ​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ដែល​ធ្វើ​ឱ្យ​គេ​បារម្ភ​ថា​អាច​នឹង​មាន​បញ្ហា​រអាក់​រអួល​ផ្នែក​ដឹក​ជញ្ជូន​ថាម​ពល​ (ប្រេង​ឆៅ និង​ហ្គាស) កាត់​តាម​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ និង​ក៏​បារម្ភ​ផង​ដែរ​អំពី​បញ្ហា​អតិ​ផរណា និង​កំណើន​សេដ្ឋ​កិច្ច​សាកល​។

អ្នក​នាំ​ពាក្យ​ហ្វ៊ីលីពីន​ថ្លែង​ថា​យើង​កំពុង​សម្លឹង​មើល​ឱកាស​ដើម្បី​លើក​យក​ប្រធាន​បទ​ដ៏​សំខាន់​មួយ​នេះ​មក​និយាយ​។ ជំនួប​នៃ​ប្រមុខ​ការ​ទូត​អា​ស៊ាន​នៅ​ថ្ងៃ​នេះក៏​មាន​​បញ្ហា​ប្រឈម​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មូល​ដ្ឋាន​របស់​ខ្លួន​​នោះ​ទេ​។ ពួក​គេ​នឹង​ជួប​គ្នា​ផ្ដោះ​ប្ដូរ​យោបល់​អំពី​បញ្ហា​ជម្លោះ​នៅ​មីយ៉ាន់​ម៉ា គិត​ទៅ​មាន​រយៈ​ពេល​ជាង​៥​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​យោធា​នៅប្រទេស​នេះ​​ និង​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ដែល​សម្លាប់​មនុស្ស​ប្រហែល​មួយ​សែន​នាក់​។ ប្រធាន​បទ​ដទៃទៀត​ដែល​អាច​នឹង​ពិភាក្សា​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​គឺ​ជម្លោះ​បូរណ​ភាព​ទឹក​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ អាស៊ាន​ និង​ចិន​បាន​ជជែក​គ្នា​ជិត​ដប់​ឆ្នាំ​ហើយ​ដើម្បី​ខិត​ខំ​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​នៃ​ក្រម​ប្រតិ​បត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។​

មុន​ពេល​មាន​ការ​ជួប​ប្រជុំ​គ្នា​នេះ ហ្វ៊ីលីពីន​​ចោទ​ប្រកាន់​ថា​ឆ្មាំ​ល្បាត​ដែន​សមុទ្រ​របស់​ចិន​បាន​ប្រព្រឹត្ត​អំពើ​កម្រោល​វាយ​តប់​ទៅ​លើ​ក្បាល​របស់​នាវឹក​ម្នាក់​របស់​ខ្លួន (ហ្វ៊ីលីពីន) ដោយ​ប្រើ​ប្រាស់​ព្រនង់​​។ ហេតុ​ការណ៍​នោះកើត​ឡើង​នៅ​លើ​កោះ​ថូម៉ាស់​ទី​២ (Second Thomas Shoal) នៃ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ចន្ទ​។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​ឆ្មាំ​សមុទ្រ​ចិន​អះ​អាង​ថា​ជា​ការ​និយាយ​ភូត​កុហក​​។ ក្រសួង​ការ​បរទេស​អាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​រប​ស់​ហ្វ៊ីលីពីន​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​នូវ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ទង្វើ​ដ៏​កម្រោល​ និង​ដ៏​គ្រោះ​ថ្នាក់​​របស់​ចិន​។ អាមេរិក​ចោទ​ថា​ចិន​កំពុង​បង្ក​ភាព​តាន​តឹង​ប្រឆាំង​នឹង​ប្រតិ​បត្តិ​ការស្រប​ច្បាប់​របស់​យោធា​ហ្វ៊ីលីពីន​នៅ​លើ​​ដែន​សមុទ្រ​។​

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ម៉ាកូ រូប៊ីអូ និង​សមភាគី​ចិន​នឹង​ចូល​រួម​កិច្ច​ប្រជុំ​ដែល​ដឹក​នាំ​ដោយ​អាស៊ាន​​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ហើយ​លោក​ទាំង​២​អាច​នឹង​ឆ្លៀត​ជួប​គ្នា​ទ្វេ​ភាគី​ថែម​ទៀត​ផង​។ ​​កិច្ច​ប្រជុំ​លើក​នេះ​ក៏​ចូល​រួម​ផង​ដែរ​ដោយ​​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌា ជប៉ុន អូស្ត្រាលី​ កូរ៉េ​ខាង​ត្បូង​ រុស្ស៊ី​ អង់គ្លេស​ និង​សហភាព​អឺរ៉ុប។ លោក​រូប៊ីអូ​បាន​សរ​សេរ​បទ​វិចារណ​កថា​នៅ​លើ​ទំព័រ​សារ​ព័ត៌​មាន​របស់​ហ្វ៊ីលីពីន​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ចិន​ទេ​ ប៉ុន្តែ​គេ​អាច​ដឹង​ថា​លោក​កំពុង​ដៀម​ដាម​ដាក់​ចិន​។ ​លោក​ថា​អាមេរិក​នៅ​តែ​ប្ដេជ្ញា​គាំទ្រ​ការ​ធ្វើ​នាវា​ចរណ៍​ដោយ​សេរី​។ ប្រសិន​បើ​ដែន​សមុទ្រ​នោះ​ធ្លាក់​ទៅ​ក្រោម​ការ​គ្រប់​គ្រង​ផ្ដាច់​មុខ​របស់​ប្រទេស​មហា​អំណាច​ណា​មួយ​ដែល​ត្រៀម​ប្រើ​ប្រាស់​វិស័យ​ពាណិជ្ជ​កម្ម​ធ្វើ​ជា​អាវុធ​ផ្នែក​ភូមិ​សាស្ត្រ​នយោ​បាយ​ ពេល​នោះ​ទាំង​អាមេរិក និង​បណ្ដា​រដ្ឋ​មួយ​ចំនួន​នៅ​អាស៊ាន​ត្រូវ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ផ្នែក​អធិប​តេយ្យ​ភាព​ សន្តិ​សុខ​ និង​សេដ្ឋ​កិច្ច​។​

លោក​រូប៊ីអូ​​នៅ​តែ​និយាយ​រំលឹក​ដដែល​ឡើង​វិញ​នូវ​​សេចក្ដី​សម្រេច​របស់​តុលាការ​ទី​ក្រុង​ឡា​អេ​កាល​ពី​ឆ្នាំ​២០១៦​ស្ដីពី​ដំណោះ​ស្រាយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ លោក​យល់​ថា​នោះ​ជា​សេចក្ដី​សម្រេច​ស្ថា​ពរ​ និង​ចង​ផ្អោប​ដោយ​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​។ លោក​ថា​អាមេរិក​នឹង​ប្រកាន់​ខ្ជាប់​នូវ​កាតព្វ​កិច្ច​របស់​ខ្លួន​ដើម្បី​ការ​ពារ​ហ្វ៊ីលីពីន​ និង​សម្ព័ន្ធ​មិត្ត​ដទៃ​ទៀត​។ ប្រទេស​ចិន​មិន​ទទួលស្គាល់​សេចក្ដី​សម្រេច​របស់​តុលាការ​ទី​ក្រុង​ឡា​អេ​នោះ​ទេ​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ អូស្ត្រាលី​នៅ​ថ្ងៃ​នេះ​ប្រកាស​ផ្ដល់​ដ្រូន​ទៅ​ឱ្យ​ហ្វ៊ី​លី​ពីន​គិត​ជា​ទឹក​ប្រាក់​៦,៧​លាន​ដុល្លារ​​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ឃ្លាំ​មើល​នៅ​លើ​លំហ​សមុទ្រ​៕ ប្រភព៖ Reuters