អណ្តាតភ្លើងឆេះចេញពីបន្ទប់ផ្ទះល្វែងជាន់ទី១ ជួលឱ្យចិន គេសង្ស័យថាមកពីការជក់បារី
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋខ្លះ ស្ទុះនាំគ្នាទាញយកធុងទឹក និងខ្លះទៀតរត់ទៅយកបំពង់ពន្លត់អគ្គីភ័យ ដោយពួកគេបាននាំគ្នាធាក់ទ្វារបន្ទប់ ដើម្បីចូលទៅជួយបាញ់ពន្លត់ភ្លើង ដែលកំពុងតែឆាបឆេះផុសចេញជាអណ្តាតយ៉ាងសន្ធោរសន្ធៅខ្មួលខ្មាញ់នៅក្នុងបន្ទប់ផ្ទះល្វែងជាន់ទី១ ដែលជនជាតិចិនកំពុងជួលស្នាក់នៅ ដោយសង្ស័យថា ពួកគេទាំងនោះបោះចោលកន្ទុយបារីផ្តេសផ្តាស មិនបានពន្លត់ ហើយចេញក្រៅទៅធ្វើការ ស្រាប់តែបង្កជាអគ្គីភ័យតែម្តង។
ហេតុការណ៍អគ្គីភ័យឆាបឆេះបន្ទប់ផ្ទះជួលជនជាតិចិនស្នាក់នៅនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅខាងក្រោយផ្សារព្រំ ហៅផ្សារតាប៉ាច ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ផ្ទះល្វែងមានឈ្មោះ រិន ផល្លីន ភេទស្រី អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិខាងលើ ដោយជួលបន្ទប់ផ្ទះល្វែងខាងលើឱ្យជនជាតិចិនចំនួន៤ទៅ៥នាក់ ស្នាក់នៅជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ។
ប្រភពបន្តទៀតថា នៅល្ងាចថ្ងៃកើតហេតុ គេឃើញជនជាតិចិនទាំងនោះបានបិទទ្វារចាក់សោរខាងក្រៅជាប់ ហើយក៏នាំគ្នាចេញដើរទៅខាងក្រៅ លុះមួយស្របក់ក្រោយមក ស្រាប់តែមានផ្សេង និងអណ្តាតភ្លើងហុយយ៉ាងខ្មួលខ្មាញ់ចេញពីបន្ទប់ជួលនោះ ធ្វើឱ្យមានការឆោរឡោនាំគ្នាទាញយកធុង ទុយោទឹក និងបំពង់បាញ់ពន្លត់អគ្គីភ័យចូលទៅជួយ។ ប្រភពបញ្ជាក់ថា បន្ទប់នេះ ត្រូវបានចិនចាក់សោជាប់ អត់មានអ្នកណាបើកបានទេ ក៏សម្រេចចិត្តធាក់ទ្វារបំបាក់ចូលទៅពន្លត់នៅខាងក្នុង និងទាញយកសាឡុង គ្រែ ចេញក្រៅ។ ប្រភពបញ្ជាក់ទៀតថា មានក្រណាត់សម្លៀកបំពាក់របស់របរប្រើប្រាស់ ត្រូវបានភ្លើងឆេះអស់រលីងគ្មានសល់អ្វីនោះឡើយ។ ក្រោយមកជនជាតិចិនទាំងនោះត្រូវបានម្ចាស់ផ្ទះដើររកបន្ទប់ផ្ទះជួលដើម្បីឱ្យពួកគាត់មានកន្លែងស្នាក់នៅបណ្តោះអាសន្ន១យប់សិន។
ចំណែកប្រជាពលរដ្ឋរស់នៅខាងក្រោយ និងក្បែរផ្សារខាងលើ ម្នាក់ៗ ភ័យព្រលឹងចុងសក់ ដោយចេញមកមើលយ៉ាងច្រើន ហើយអ្នកខ្លះបានទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យឱ្យចូលទៅជួយអន្តរាគមន៍ទាន់ពេលវេលា ៕















ចែករំលែកព័តមាននេះ