រដ្ឋបាលលោក Trump កំពុងរស់ឡើងវិញនូវវិធានការរឹតបន្តឹងមួយ ដែលអាចធ្វើឱ្យជនអន្តោប្រវេសន៍កាន់តែពិបាកទទួលបានប័ណ្ណបៃតង (Green Card) ប្រសិនបើពួកគេធ្លាប់ប្រើប្រាស់ ឬត្រូវគេមើលឃើញថា មាននិន្នាការត្រូវការពឹងផ្អែកលើអត្ថប្រយោជន៍សាធារណៈ ដូចជា ប័ណ្ណអាហារ (Food Stamps), កម្មវិធីសុខភាព Medicaid និងជំនួយប័ណ្ណស្នាក់នៅ ។ នេះយោងតាមការផ្សាយរបស់សារព័ត៌មាន CNN ។
គោលនយោបាយនេះ ជាផ្នែកមួយនៃការប៉ុនប៉ងចុងក្រោយបង្អស់របស់រដ្ឋបាលលោក Trump ក្នុងការទប់ស្កាត់អន្តោប្រវេសន៍ស្របច្បាប់ ។ វិធានការនេះ អាចបង្កើតឱ្យមាន «ឥទ្ធិពលភ័យខ្លាច» ដល់គ្រួសារជនអន្តោប្រវេសន៍រាប់រយពាន់គ្រួសារ ។ ភាពភ័យខ្លាចថា នឹងប៉ះពាល់ដល់ឱកាសទទួលបានប័ណ្ណបៃតង អាចជំរុញឱ្យពួកគេលុបឈ្មោះចេញពីកម្មវិធីជំនួយ ឬបដិសេធមិនដាក់ពាក្យសុំកម្មវិធីគាំពារសង្គមផ្សេងៗ ដែលពួកគេ (និងជាពិសេសកូនៗរបស់ពួកគេដែលមានសញ្ជាតិអាមេរិកស្រាប់) មានសិទ្ធិទទួលបានពេញលេញ ។
ច្បាប់ថ្មីនេះ លុបចោលបទបញ្ញត្តិកាលពីឆ្នាំ២០២២ ក្នុងសម័យប្រធានាធិបតី Biden ដែលធ្លាប់បានលើកលែងមិនរាប់បញ្ចូលអត្ថប្រយោជន៍មិនមែនជាសាច់ប្រាក់មកពិចារណានោះឡើយ ។ក្រោមច្បាប់ថ្មី មន្ត្រីអន្តោប្រវេសន៍ត្រូវបានអនុញ្ញាតឱ្យយកកម្មវិធីជំនួយសាធារណៈជាច្រើនប្រភេទមកវាយតម្លៃថា តើអ្នកដាក់ពាក្យសុំប័ណ្ណបៃតងរូបនោះអាចនឹងក្លាយជា«អ្នកទទួលបន្ទុកសាធារណៈ» (Public Charge) ឬយ៉ាងណា។
ក្រសួងសន្តិសុខមាតុភូមិអាមេរិកបានបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ក្រោមការដឹកនាំរបស់លោក Trump ក្រសួងសន្តិសុខមាតុភូមិកំពុងស្តារឡើងវិញនូវគោលការណ៍គ្រឹះ ដែលតម្រូវឱ្យជនអន្តោប្រវេសន៍ត្រូវតែមានសមត្ថភាពចិញ្ចឹមជីវិតដោយខ្លួនឯង ។ យើងកំពុងបញ្ជាក់ជាថ្មីអំពីតម្រូវការនៃការពឹងផ្អែកលើខ្លួនឯង ការការពារធនធានសាធារណៈ និងបញ្ចប់គោលនយោបាយដែលលើកទឹកចិត្តដល់ការពឹងផ្អែកលើប្រាក់ពន្ធរបស់ប្រជាជនអាមេរិក»។
ទិន្នន័យបច្ចុប្បន្នDHS បានឱ្យដឹងថា ជាមធ្យមមានអ្នកដាក់ពាក្យប្រមាណ៥៨៨,០០០ នាក់ ត្រូវរងការពិនិត្យឡើងវិញលើកត្តាបន្ទុកសាធារណៈនេះជារៀងរាល់ឆ្នាំ។ ជាទូទៅ មន្ត្រីអន្តោប្រវេសន៍ពិចារណាលើតែជំនួយជាសាច់ប្រាក់ផ្ទាល់ប៉ុណ្ណោះ ដូចជា ជំនួយបណ្តោះអាសន្នសម្រាប់គ្រួសារខ្វះខាត (TANF) ឬប្រាក់ចំណូលសន្តិសុខបន្ថែម (SSI) នៅពេលវាយតម្លៃពាក្យសុំ។

ចែករំលែកព័តមាននេះ