សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ី និងអ៊ុយក្រែន បន្តវាយប្រហារគ្នាទៅវិញទៅមកខ្លាំងក្លា ។ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី នាថ្ងៃទី២៩ មិថុនា បានបរិហារពីការសម្លុតបំភ័យរបស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារមួយចំនួន ដោយមីស៊ីល និងដ្រូនលើទីក្រុងឌីនីប្រូ ក្រុងហ្សាប៉ូរីហ្ស៊ីយ៉ា និងក្រុងខាគៀវ ដែលនៅទីនោះត្រាំវ៉ៃមួយរងការប៉ះពាល់ ។ ការវាយប្រហារទាំងនោះបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៩នាក់ និងរបួសច្រើនសិបនាក់ ។

ការវាយប្រហាររបស់រុស្ស៊ីទាំងនេះ ធ្វើឡើងពេលដែលធាតុអាកាសក្ដៅខ្លាំង នៅអ៊ុយក្រែនក្នុងសប្ដាហ៍នេះ ឡើងដល់ជិត៤០អង្សាសេ ។ នេះបើតាមការព្យាករណ៍របស់ផ្នែកឧតុនិយម ។ នេះជាកម្តៅក្ដៅខ្លាំងបំផុតមួយខុសពីធម្មតា ដែលនឹងនាំឲ្យមានការប៉ះពាល់កាន់តែខ្លាំងដល់បណ្ដាញថាមពល ដែលមានការលំបាកខ្លាំងស្រាប់ ដោយការវាយប្រហារមិនឈប់ឈររបស់រុស្ស៊ីនិងការបំផ្លាញស្រាប់មកហើយកាលពីរដូវរងាឆ្នាំមុន ។ ការដាច់ភ្លើងកើតមានជាថ្មី កាលពីថ្ងៃទី២៩ មិថុនា នៅតំបន់២ គឹតំបន់
រីវនេ និងតំបន់ខ្មែលនីតស្ក៍ ។

ចំណែកប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន សន្យាថែរក្សាសន្តិសុខរបស់ប្រទេស ខណៈអ៊ុយក្រែនបន្តវាយប្រហារលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធ យោធានិងប្រេងកាតព្រមទាំងឧស្ម័នរុស្ស៊ី ។ ក្នុងសមាជគណបក្សរុស្ស៊ីរួបរួមរបស់លោក ប្រធានាធិបតីរុស្ស៊ីបន្តថា ពិតណាស់ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទប់ទល់ចំពោះបណ្ដាការប្រឈម ដែលយើងកំពុងជួបប្រទះនាពេលនេះ ក្នុងនោះមានបណ្ដាការវាយប្រហារភេរវកម្មប្រឆាំងដែនដីយើង និងបណ្ដាហេដ្ឋារចនាសម្ព័ន្ធរបស់យើង។

អ៊ុយក្រែនរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានបង្កើនយុទ្ធនាការវាយប្រហារលើដែនដីរុស្ស៊ី និងបណ្ដាដែនដីអ៊ុយក្រែនដែលស្ថិតក្រោមការកាន់កាប់របស់ក្រុងមូស្គូ ដែលខ្លួនចាត់ទុកថា ជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុងមូស្គូ ។

ដោយសារការវាយប្រហាររបស់អ៊ុយក្រែនសំដៅជាពិសេសលើហេដ្ឋារចនាថាមពលរុស្ស៊ី នាំឲ្យពលរដ្ឋរុស្ស៊ីច្រើនលាននាក់ខ្វះប្រេងប្រើប្រាស់ ដោយរថយន្តបន្តកន្ទុយគ្នាយ៉ាវែងនៅតាមបណ្ដាទីតាំងចាក់ប្រេង ។ ប្រធានាធិបតីរុស្ស៊ីក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាននាថ្ងៃទី២៩ មិថុនា បានទទួលស្គាល់ពីការខ្វះប្រេងប្រើមួយចំនួន ដោយថានោះគ្រាន់ជាការខ្វះបណ្ដោះអាសន្នប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ