រាជធានីភ្នំពេញ ៖ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឱ្យដឹងថា គិតទាំងការប្រកាសទ្រព្រសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ (១៩,៤៧២ រូប) តែងតាំងថ្មី (៣៥៣ រូប) លាឈប់ ចប់អាណត្តិ (៣៣៨ រូប) បញ្ឈប់ពីតំណែង (១២ រូប) ចូលនិវត្តន៍ (៣៣៩ រូប) សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆមាសទី១ ឆ្នាំ២០២៦ មាន (២០,៥២១ រូប) ។
ដោយឡែកក្នុងខែនេះ មន្ដ្រីចំនួន ១៦៤ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៤៩ រូប និង ១១៥ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)បានឱ្យដឹងបន្ថែមថា ផ្សព្វផ្សាយតាមការធ្វើបទឧទ្ទេសនាមដោយផ្ទាល់ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់ជាតិ ក្រោមជាតិ សិស្ស និស្សិត និងកម្មសិក្សាការីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈចំនួន ១៤ លើក ដោយមានចែកជូននូវឯកសារអប់រំ ដល់អ្នកចូលរួមសរុបចំនួន ៤ ២៦៤ នាក់ ផ្សព្វផ្សាយតាមរយៈសោតទស្សន៍ ១៩ ឃ្លីបវីដេអូ និងផ្ទាំងរូបភាពអប់រំ ៧៨ ផ្ទាំងរូបភាព ត្រៀមផែនការសម្រាប់យុទ្ធនាការចុះផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ សម្រាប់ឆ្នាំ២០២៦។
ទន្ទឹមនេះ ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ក្នុងឆមាសទី១ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមកៀរគរចំណូលរដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នផ្សេងៗ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាង អ.ប.ព. និងក្រុមហ៊ុន Charles River Laboratories (Cambodia) ដែលនាំឱ្យចំនួនអនុស្សរណៈ សរុបកើនដល់ ១០៧ ចេញលិខិតព្រមាន ៧ លិខិតព្រមាន ចូលរួមសង្កេតការណ៍ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាតាមក្រសួង-ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងការប្រឡងជ្រើសរើសឱ្យចូលសិក្សាតាមគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ សរុបចំនួន ១០ លើក នៃក្រសួង-ស្ថាប័ន ចំនួន ៧ បានពិនិត្យឯកសារដេញថ្លៃចំនួន ៧៤១ គម្រោង ត្រៀមផែនការការងារសម្រាប់ចូលរួមសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០២៦ ។
ដោយឡែកក្នុងខែនេះរួមមាន អ.ប.ព. បានចូលរួមសង្កេតការណ៍ ក្នុងដំណើរការប្រឡងជ្រើសរើសចំនួន ៤ រួមមានការប្រឡងជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់តំបន់ សម្រាប់ខេត្តសៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ ដែលរៀបចំដោយក្រសួងទេ សចរណ៍ និងការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ សម្រាប់ស្ថាប័នចំនួន ៣ ផ្សេងទៀត (១)ក្រសួងយុត្តិធម៌ (២)រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (៣)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានរៀបចំដោយសាមីក្រសួង និងក្រសួងមុខងារសាធារណៈ។
អ.ប.ព. ក៏បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៦៦ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ២៦ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕






ចែករំលែកព័តមាននេះ