ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ក្មេ.ង​ទំនើ.ង​បង្ក​ភាព​អនាធិបតេយ្យ​តាម​សាធារណៈ​បន្តបន្ទាប់​ជាង​១០​នាក់ កោរ​ស​ក់ ដើរ​ជើង​ទា និង​លោត​កង្កែប

38 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​១១​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​បន្តបន្ទាប់​គ្នា ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ជា​ក្រុម​បង្ករ​ភាពរ​ញេ​ររ​ញៃ និង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ និង​ប៉ះពាល់​សន្តិសុខ​សង្គម​ជាតិ​។

ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​សំណាក់ លោក ជាម ច​ន្ទ័​សោភ័ណ អភិបាលខេត្ត ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​លោក មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ព្រមទាំង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បានជា​បន្តបន្ទាប់​ចំនួន​១១​នាក់ និង​ត្រូវ​អនុវត្ត​តាម​វិធានការ​ឱ្យ​បាន​តឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​។ នៅ​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​ខាងលិច​វត្ត​ម្រុំ​ខាងជើង ស្ថិត​នៅ​ក្នុងភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ក្មេង​ទំនើង​មួយ​ក្រុម បាន​ធ្វើការ​បង្ហោះ​ម៉ូតូ និង​ជិះ​ម៉ូតូ​ជា​ក្រុម​បង្ករ​ភាពរ​ញេ​រ​ញៃ​តាម​ផ្លូវ​សាធារណៈ ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៧​នាក់​។

ជនសង្ស័យ​ទី​១-​មានឈ្មោះ ទេ​ម ទឹម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​២-​ឈ្មោះ ឯម សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​, ទី​៣-​ឈ្មោះ ឃ្លាំង ឡាយ​ហៀ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​, ទី​៤- ឈ្មោះ ឃឿ​ម សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ , ទី​៥-​ឈ្មោះ យុន ធា​វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ,​ទី​៦-​ឈ្មោះ គង់ គីមី​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ,​និង​ទី​៧-​ឈ្មោះ ឃឿ​ន មក​រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។

មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ថា​បន្ទាប់​មក​នៅ​វេលា​ម៉ោង​១​និង​១០​នាទី រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១០៥ ស្ថិត​នៅ​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក៏​មាន​ករណី​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត​កំពុង​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ជា​ក្រុម​បង្ករ​ភាពរ​ញេ​ររ​ញៃ និង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់ បន្ថែម​ទៀត​។ ដែល​មានឈ្មោះ​ដូច​ជា​, ទី​១-​ឈ្មោះ អន ឡេ​ង ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​២-​ឈ្មោះ ពយ បារាំង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​ផ្សា​ដែក ទី​៣-​ឈ្មោះ រ៉េ​ត រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​ផ្សា​ដែក​, និង​ទី​៤-​ឈ្មោះ ខាត់ កុសល់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំង​១១​នាក់​ខាងលើ​កម្លាំង​ជំនាញ​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​ចំនួន​៥​គ្រឿង ទី​១-​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ស ស៊េរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1V-4664 , ទី​២-​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LL-5214 ,​ទី​៣-​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៦ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1MH-7206, ទី​៤-​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1Z-4834, និង​ទី​៥-​ម៉ាក NEX CROSS ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៦ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1AC-7460) , ទូរស័ព្ទ​ដៃ ចំនួន​៧​គ្រឿង (​ម៉ាក IPHONE ចំនួន​៦​គ្រឿង​, និង​ម៉ាក INFINIX ចំនួន​១​គ្រឿង​)​។

បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​ដែល​បង្ហោះ​ម៉ូ​ទូ​ទាំងនេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ យក​មក​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ ម្តាយ ឪពុក​និង​អាណាព្យាបាល កោស​ក់ ដើរ​ជើង​ទា និង​លោត​កង្កែប ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ទាំងនេះ​ដែល​នាំ​ឱ្យ​ប៉ះពាល់​សណ្តាប់​សង្គម ជា​ហេតុ​នាំ​ឲ្យ​មានការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក៏​ដូច​ជា​កិត្តិយស​គ្រួសារ ព្រមទាំង​បង្ក​រការ​ភ័យ​ខ្លាច​ដល់​អ្នក​ជុំវិញ​ខ្លួន បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម​។

ចំណែក​ម៉ូតូ​ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ដកហូត​យក​រក្សា​ទុក​រយៈពេល​៣​ខែ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ៕​