ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាធារណ​រដ្ឋ​កុង​ហ្គោ​រក​ឃើញថា​ជំងឺ​អេបូឡា​សន្ដាន​ថ្មី​បាន​វា.យ​លុក​ចូល​ខេត្ត​ទី​បួន​របស់​ប្រទេស​នេះ​ហើយ​​

3 ម៉ោង មុន

ទីក្រុង​គីន​សាសា​៖ ជំងឺ​អេបូឡា​ដែល​បាន​ផ្ទុះ​ឡើង​នៅ​សា​ធារ​ណ​រដ្ឋ​កុង​ហ្គោ​នោះ​ឥឡូវ​នេះបាន​រីក​រាល​ដាល​ទៅ​ក្នុង​ខេត្ត​មួយ​ទៀត​ហើយ។​ ដូច្នេះ​ជំងឺ​នេះ​ឆ្លង​រាល​ដាល​ទៅ​ខេត្ត​ទី​បួន​។ មាន​ន័យ​ថា​តំបន់ភាគ​ឦសាន​នៃ​ប្រទេស​នេះទាំង​ស្រុង​​ត្រូវ​រាត​ត្បាត​ដោយ​អេបូឡា​។ ទី​នោះ​មាន​មនុស្ស​រស់​នៅ​១៥​លាន​នាក់។ នៅ​ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​១២៧៤​នាក់​ ៣៦០​នាក់បាន​ស្លាប់​ហើយ​​។ នេះ​បើ​យោង​តាម​តួ​លេខ​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​។ សាធារ​ណ​រដ្ឋ​កុង​ហ្គោ​ប្រកាស​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា។ ជំងឺ​អេបូឡា​ថ្មី​នេះ​បង្ក​ឡើង​ដោយ​មេរោគ​ដែល​មាន​សន្ដាន​ប៊ុន​ឌី​បាក់​យ៉ូ (Bundibugyo) ​គ្មាន​វ៉ាក់​សាំង​សម្រាប់​ចាក់​បង្ការ ហើយ​ក៏​គ្មាន​ថ្នាំ​សម្រាប់​ព្យបាល​នោះ​ដែរ​។

​គេ​នឹង​ធ្វើ​ពិសោធ​មេរោគសន្ដាន​ថ្មី​នៅ​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។ នេះ​បើ​យោង​តាម​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ដែល​​ប្រកាស​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​នេះ​។ ខេត្ត​អ៊ីធូរី (Ituri) ជា​តំបន់​ឆ្លង​រាល​ដាល​ជំងឺ​នេះ​ខ្លាំង​ជាង​គេ​ (តំបន់​ក្រហម) ដោយ​មាន​អ្នក​ឆ្លង​១១៦៥​នាក់​ និង​ស្លាប់​៣០១​នាក់​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ និង​បុគ្គលិក​ផ្ដល់​ជំនួយ​ថ្លែង​ថា​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ពិត​ប្រាកដ​ទំនង​ជា​មាន​ច្រើន​ជាង​នេះ​។ រហូត​មក​ដល់​ពេល​នេះ ខេត្ត​ចំនួន​២​ទៀត​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​អេបូឡា​សន្ដាន​ថ្មី​ នោះ​គឺ​ខេត្ត​គីវូ​ខាង​ជើង និ​ងគី​វូ​ខាង​ត្បូង​។ មាន​សេចក្ដី​រាយ​ការណ៍​ថា​នៅ​ប្រទេស​អ៊ូ​ហ្កង់​ដា​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​កុង​ហ្គោ​នោះ​ក៏​មាន​អ្នក​ឆ្លង​២០​នាក់​ និង​ស្លាប់​២​នាក់​ផង​ដែរ​។

ខេត្ត​ហោត​អ៊ូ​អេឡេ (Haut-Uele) ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ និង​សាធារ​ណ​រដ្ឋ​អាហ្វ្រិក​កណ្ដាល​ឥឡូវ​នេះ​ក្លាយ​ជា​ខេត្ត​ទី​៤​ដែល​ឆ្លង​អេបូឡា​។ ​គេ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ម្នាក់​បន្ទាប់​ពី​គាត់​​ធ្វើ​ដំណើរ​ពី​​​ទី​ក្រុង​ប៊ូ​នា​ (Bunia) នៃ​ខេត្ត​អ៊ីធូរីទៅ​ខេត្ត​ហោត​អ៊ូ​អេឡេ​។ នេះ​បើ​យោង​តាម​ប្រភព​នៅ​វិទ្យា​ស្ថាន​ជាតិ​ផ្នែក​ស្រាវ​ជ្រាវ​ជីវ-​វេជ្ជ​សាស្ត្រ​។ ប្រភព​មួយ​ទៀត​អះ​អាង​ថា​បុគ្គល​ដែល​ឆ្លង​នោះ​បាន​ស្លាប់​ហើយ​។ អាជ្ញា​ធរ​កំពុង​តាម​ដាន​ថយ​ក្រោយ​ទៅ​រក​ប្រវត្តិ​នៃ​ការ​ឆ្លង និង​កំណត់​មុខ​សញ្ញា​អ្នក​ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​រូប​នោះ​។ ​អស់​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ ភ្នាក់ងារ​ផ្ដល់​ជំនួយ​ខិត​ខំ​ទាំង​ត្រដាប​ត្រដួស​ដើម្បី​ស្វែង​រក​ទី​លាន​បញ្ចុះ​សព​ដ៏​សម​គួរ​ដែល​មាន​សុវត្ថិ​ភាព​ល្អ​ដើម្បី​កុំ​ឱ្យ​ឆ្លង​ពី​អ្នក​ស្លាប់​ទៅ​អ្នក​ដទៃ​ទៀ​ត។

នៅ​សាធារណ​រដ្ឋ​កុង​ហ្គោ​ ក៏​មិន​ខុស​ពី​ប្រទេស​ដទៃ​ទៀត​នៅ​ទ្វីប​អាហ្វ្រិក​នោះ​ដែរ​ ពិធី​បុណ្យ​សព​ត្រូវ​រៀប​ចំ​ជា​ច្រើន​ថ្ងៃ​។ ក្រុម​គ្រួសារ​ និង​មិត្ត​ភក្ដិ​របស់​អ្នក​ស្លាប់​តែង​តែ​ទៅ​ជូន​ដំណើរ​សព​ជា​លើក​ចុង​ក្រោយ​ ហើយ​មាន​ការ​ប៉ះ​ពាល់​ផ្ទាល់​ជា​មួយ​សាក​សព​។ មណ្ឌល​សុខ​ភាព​នានា​រាយ​ការណ៍​ថា​ពួក​គេ​ប្រឈម​នឹង​ការ​ផ្ទុះ​កំហឹង​ពី​សាច់​ញាតិ​អ្នក​ស្លាប់​ដែល​ទាម​ទារ​ឱ្យ​​​ប្រគល់​សាក​សពដើម្បី​យក​ទៅធ្វើ​បុណ្យ​នៅ​ផ្ទះ​​​៕ ប្រភព៖ Arab News​