ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេន រ៉ា​នុ​ត រំភើប​លាយ​ទឹកភ្នែក ក្រោយ​មានឱកាស​ជួប​សម្តេច​តេ​ជោ​ដោយ​ផ្ទាល់

48 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សេន រ៉ា​នុ​ត បាន​សម្តែង​ក្តី​រីករាយ និង​រំភើប​លាយ​ទឹកភ្នែក បន្ទាប់​ពី​រូប​លោក​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដើម្បី​ជួប​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​សម្តេច នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ បន្ទាប់​ពី​តារា​រូប​នេះ​បាន​មក​លេង​ស្រុក​ខ្មែរ ក្រោយ​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​អស់​ជា​ច្រើន​ឆ្នាំ ។

តារាចម្រៀង​រូប​នេះ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​នៅ​លើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ភាព​សកម្មភាព​នានា​នៅ​ក្នុង​ឱកាស​ដែល​រូប​លោក និង​ក្រុម​គ្រួ​សារបាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ ដោយ​ភាព​រីករាយ​ក្រៃ​លែង ។
ជាមួយ​រូបភាព​ទាំង​អស់នោះ លោក សេន រ៉ា​នុ​ត ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា សូម​គោរព​អរគុណ​ដល់​សម្តេច​ពុក លោក​ពុក​ពិតជា​ផ្តល់​នៅ​មហា​កិត្តិ​យ​សម្រាប់​គ្រួសារ​កូន ខ្លាំង​ណាស់ ។

កូន​សូម​គោរព​អរគុណ អរគុណ​លោក​ពុក អ្នក​ម៉ែ ដែល​ផ្តល់​តម្លៃនឹង​ពេលវេលា ចំពោះ​កូនចៅ​រៀបរាប់​មិន​អស់នោះ​ទេ ខ្ញុំ​បាន​ជួប​លោក​ក្នុង​រយៈពេល​ជិត​ពីរ​ម៉ោង​បានឃើញ​ស្នាមញញឹម លាយ​នឹង​ទឹកភ្នែក ទឹកភ្នែក​ដ៏​មាន​អត្ថន័យ ។​🙏🙏🙏

សូម​គោរព​អរគុណ បុត្រា បុត្រី ព្រមទាំង​ចៅប្រុស ចៅស្រី របស់​លោក​ពុក អ្នក​ម៉ែ ព្រមទាំង​គ្រួសារ លោក​ពុក​អ្នក​ម៉ែ​ទាំងមូល សូម​ជួប​តែ​សេចក្តីសុខ សេចក្តីចំរើន សូម​ទទួល​បាន​នូវ សុខភាព​ល្អ ជន្មាយុ​យឺនយូរ ឈ្នះ​អស់​រាល់​មារ​សត្រូវ​ឈ្លានពាន ។

ជា​ការ​កត់សម្គាល់ ក្រោយ​ឃើញ​លោក សេន រ៉ា​នុ​ត បង្ហោះ​រូបភាព​ជួប​ជាមួយ​សម្តេចតេ​ជោ​ដោយ​ផ្ទាល់​នា​ពេល​នេះ គេ​ឃើញ​មាន​មហាជន ជា​ពិសេស មិត្តភក្តិ​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​ជា​ច្រើន​បាន​ចូល​ខម​មិន​ដោយ​ម្នាក់​ៗ សម្តែង​ការ​អបអរសាទរ​ចំពោះ​តារាចម្រៀង​រូប​នេះ និង​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ដ៏​មហា​កិត្តិយស ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា អនុញ្ញាត​អោយ​ចូល​ជួប​សំដែង​ការ​គួរសម​ក្នុង​បរិយាកាស​រី​រាយ​ក្រៃ​លែង​នា​ពេល​នេះ ។

គួរ​បញ្ជាក់​ថា លោក សេន រ៉ា​នុ​ត គឺជា​អតីត​តារាចម្រៀង​ប្រុស​ដ៏​ល្បីល្បាញ​មួយ​រូប​ប្រចាំ ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ កាលពី​អំឡុង​ជាង​១០​ឆ្នាំ​មុន ខណៈ​ពេល​លោក​ទទួល​បានការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្ត​ៗ​យុវវ័យ​តាម​រយៈ​បទ​ចម្រៀង រូបរាង​សង្ហា និង​ទឹកដម​សំឡេង​ពីរោះ ។

យ៉ាងណា តារាចម្រៀង​រូប​នេះ បាន​សម្រេចចិត្ត​ចាក​ចេញពី​សិល្បៈ ដើម្បី​ចេញ​ទៅ​រស់នៅ និង​កសាង​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដែល​គិត​មក​ទល់​នា​ពេល​នេះ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ខណៈ​ពេល​ដែល​រស់នៅ​លើ​ទឹក​អា​មេ​រិ​ក​នោះ ក្រៅពី​ប្រកប​អាជីវកម្ម​លក់​គ្រឿងអលង្ការ រូប​លោក​ក៏​តែងតែ​បង្ហាញ​វត្តមាន​ច្រៀង​នៅ​ក្នុង​កម្មវិធី​នានា​សម្រាប់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ផង​ដែរ ៕

Screenshot
Screenshot