ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការសហប្រតិបត្តិការក្នុងការសម្រុះសម្រួល ផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការសហប្រតិបត្តិការក្នុងការសម្រុះសម្រួល ផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា(អដក) ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្ធធ្វើនៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង នារសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្ដីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
បន្ទាប់ពីមតិស្វាគមន៍និងរបាយការសង្ខេប របស់ឯកឧត្តម ខូយ រីដា រួចមក ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នាដែលយើងនឹងរួមគ្នាចុះហត្ថលេខានាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សារវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អដក និងរដ្ឋបាលខេត្តពោធិ៍សាត់ នឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួល ផ្សះផ្សាវិវាទ ក្នុងនោះរួមមាន៖
ទី១.ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អដក នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទក្នុងក្របខណ្ឌនៃអដក ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួល ផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។
ទី២.រដ្ឋបាលខេត្តអាចបញ្ជូនសំណុំរឿងវិវាទ ដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខេត្ត ដើម្បីដាក់ជូន អដក ពិនិត្យនិងដោះស្រាយនៅ អដក។
ទី៣.រដ្ឋបាលខេត្តនឹងផ្ដល់កិច្ចសហការជូនដល់ អដក ក្នុងការចុះមកដោះស្រាយវិវាទដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខេត្ត។
ទី៤.រដ្ឋបាលខេត្តនឹងផ្ដល់កិច្ចសហការ ក្នុងការផ្ដល់ទិន្នន័យពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលកើតមានក្នុងមូលដ្ឋានរបស់ខត្តជូន អដក ដើម្បី អដក មានមូលដ្ឋានច្បាស់លាស់និងត្រឹមត្រូវ ក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រដាក់ជូនរាជរដ្ឋាភិបាល។
ទី៥.រួមសហការគ្នាក្នុងការពង្រឹងនិងលើកកម្ពស់ការផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឲ្យបានទូលំទូលាយ។
ទី៦.រួមសហការគ្នាក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្ដុះបណ្ដាល ឬព្រឹត្តិការណ៍នានា ទាក់ទងនឹងយន្តការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។
និងទី៧.អនុវត្តសកម្មភាពចាំបាច់ផ្សេងទៀត តាមការព្រមព្រៀងគ្នារបស់គូភាគី។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងក្រុមការងារបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត សហការគ្នាយ៉ាងជិស្និទ្ធក្នុងការចចារ ពិភាក្សា និងរៀបចំឡើងដោយជោគជ័យ នូវអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួល ផ្សះផ្សាវិវាទ រហូតយើងអាចឈានទៅដល់ការចុះហត្ថលេខានាថ្ងៃនេះ ៕



ចែករំលែកព័តមាននេះ