ជនដៃដល់សម្លា.ប់បុរសចំណាស់ម្នាក់ ក្នុងចម្ការស្វាយចន្ទី កាល៥ថ្ងៃមុន ត្រូវបានបញ្ជូនទៅតុលាការហើយ
- ក្រចេះ
ខេត្តក្រចេះ ៖ ជនសង្ស័យដៃដល់ក្នុងករណីឃាតកម្មកាប់សម្លាប់បុរសវ័យចំណាស់ម្នាក់នៅក្នុងចំការស្វាយចន្ទី ត្រូវបានកម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះហើយ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២0២៦ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
យោងតាមប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថជំនាញបានឲ្យដឹងថា ក្រោយពីបានបញ្ចប់ការសាកសួរ និងប្រមូលភស្តុតាងយ៉ាងរឹងមាំរួចរាល់ ជនសង្ស័យឈ្មោះ ជីង ចាន់ អាយុ ២៥ឆ្នាំ រួមជាមួយវត្ថុតាងដាវវែង ដែលប្រើប្រាស់ក្នុងការធ្វើសកម្មភាព ត្រូវបានបញ្ជូនទៅដល់ដៃតំណាងអយ្យការ ដើម្បីបើកការស៊ើបសួរជាផ្លូវការ។
គួររំលឹកផងដែរថា ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ទៅលើជនរងគ្រោះឈ្មោះ ប៉ុន សុទ្ធ អាយុ ៦៧ឆ្នាំ នៅក្នុងរោងចំការស្វាយចន្ទី ភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ក្រោមរនាំងយុត្តិធម៌ត្រូវកម្លាំងអាវុធហត្ថរួមសហការគ្នាចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី២៧ ខែមិថុនា នៅស្រុកសំបូរ។
ទាក់ទិនករណីខាងលើនេះ មហាជន និងក្រុមគ្រួសារសព កំពុងរង់ចាំមើលការសម្រេចក្តីពីស្ថាប័នតុលាការ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងផ្តន្ទាទោសជនដៃដល់ទៅតាមទម្ងន់ទោសដែលគេបានប្រព្រឹត្ត៕




ចែករំលែកព័តមាននេះ