យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC News និង Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford បានសម្រេចចិត្តជួលវិស្វករ និងអ្នកជំនាញត្រួតពិនិត្យគុណភាព(ជើងចាស់) ជាង៣០០នាក់ឱ្យចូលធ្វើការវិញ បន្ទាប់ពីប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) មិនអាចបំពេញការងារបានល្អដូចមនុស្ស ។

ជាក់ស្តែង កន្លងមក ក្រុមហ៊ុន Ford បានដាក់ពង្រាយបច្ចេកវិទ្យា AI យ៉ាងគំហុក នៅតាមផ្នែកជាច្រើននៃខ្សែច្រវាក់ផលិតកម្ម រួមទាំងការដំឡើងកាមេរ៉ាដើរដោយថាមពល AI ចំនួន៩០០គ្រឿងនៅតាមរោងចក្រ ដើម្បីចាប់កំហុសបច្ចេកទេស និងកាត់បន្ថយការចំណាយ ។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន ធ្លាប់បានបង្ហាញក្តីរំពឹងខ្ពស់ថា AI នឹងជួយបង្កើនប្រាក់ចំណេញ និងអាចជំនួសការងាររបស់មនុស្ស(បុគ្គលិកការិយាល័យ និងវិស្វករ) ជាច្រើននាក់ ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធ ផលជាក់ស្តែងមិនដូចការរំពឹងទុកនោះទេ ។
លោក Charles Poon អនុប្រធានផ្នែកវិស្វកម្មផ្នែករឹងយានយន្តរបស់ Ford បានទទួលស្គាល់ថា ប្រព័ន្ធត្រួតពិនិត្យដោយ AI របស់ក្រុមហ៊ុនមានចំណុចខ្វះខាតច្រើន ដោយសារវាខ្វះខាតការបណ្តុះបណ្តាល និងមិនមានជំនាញច្បាស់លាស់ដូចវិស្វករមនុស្សឡើយ។
«AI គឺជាឧបករណ៍ដ៏អស្ចារ្យមួយ ប៉ុន្តែវាអាចល្អទៅបាន លុះត្រាតែព័ត៌មានដែលយើងយកទៅបណ្តុះបណ្តាល (Train) វាមានគុណភាព» ។ លោក Poon បានបញ្ជាក់។
ក្រុមហ៊ុន Ford បានទទួលស្គាល់កំហុសឆ្គងកាលពីអតីតកាល ដែលមិនបានផ្តល់តម្លៃគ្រប់គ្រាន់ដល់បទពិសោធន៍របស់វិស្វករជើងចាស់ ដែលធ្លាប់ឆ្លងកាត់ការផលិតរថយន្តជាច្រើនជំនាន់ ។ ភាគច្រើននៃពួកគេបានចាកចេញពីក្រុមហ៊ុន មុនពេលដែលចំណេះដឹងរបស់ពួកគេត្រូវបានផ្ទេរទៅឱ្យប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្ន វិស្វករជើងចាស់ដែលត្រូវបានជួលមកវិញទាំងនោះ មានភារកិច្ចសំខាន់ពីរគឺ៖ ១-បណ្តុះបណ្តាលប្រព័ន្ធ AI ឱ្យមានភាពឆ្លាតវៃ និងស្វែងរកកំហុសបច្ចេកទេសបានត្រឹមត្រូវ និង២-ធ្វើជាអ្នកណែនាំ (Mentor) ដល់បុគ្គលិក និងវិស្វករវ័យក្មេងជំនាន់ក្រោយ។
ការដឹងខ្លួន និងកែតម្រូវទាន់ពេលវេលាដោយងាកមកបញ្ចូលគ្នារវាង «បច្ចេកវិទ្យាទំនើប» និង «បទពិសោធន៍មនុស្សពិតៗ» នេះ បានជួយឱ្យក្រុមហ៊ុន Ford អាចស្តារកេរ្តិ៍ឈ្មោះ និងត្រឡប់ទៅឈរនៅលំដាប់កំពូលនៃសន្ទស្សន៍ស្តង់ដារគុណភាពយានយន្តក្នុងឧស្សាហកម្មឡើងវិញ ៕

ចែករំលែកព័តមាននេះ