សង្គ្រាមអ៉ីរ៉ង់ ៖ អ៉ីរ៉ង់ និងអាមេរិក ប្រកាសនាថ្ងៃទី២៩ មិថុនា ពីកិច្ចប្រជុំក្នុងសប្ដាហ៍នេះ នៅកាតា ក្រោយការវាយប្រហារគ្នារបស់ពួកគេរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែអ៉ីរ៉ង់អះអាងថា នោះគ្រាន់ជាការជួបគ្នាបែបបច្ចេកទេសមិនមែនការចរចាគ្នាដោយផ្ទាល់ ជាមួយគូសត្រូវឡើយ តែក្រុងវ៉ាស៊ីនតោនលើកឡើងថា នោះជាកិច្ចប្រជុំកម្រិតខ្ពស់។

តាមអ្នកទទួលខុសត្រូវអាមេរិកមួយរូបថា ភាគីទាំង២បានសម្រេចបញ្ឈប់ការវាយប្រហារគ្នាដែលកើតមាន ក៏ទោះបីមានការចុះហត្ថលេខាលើពិធីសារនៃកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះនៅមជ្ឈឹមបូព៌ាក្ដី ។ តាមបណ្ដាញសង្គម TRUTH SOCIAL ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ សរសេរថា អ៉ីរ៉ង់បានស្នើឲ្យមានកិច្ចប្រជុំមួយនៅក្រុងដូហានាថ្ងៃទី៣០ មិថុនា។
បន្តិចក្រោយមក អ្នកនាំពាក្យសេតវិមានលោកស្រីការ៉ូលីន លីវីត ប្រកាសតាមទូរទស្សន៍ FOX NEWS ថា បេសកជនអាមេរិកលោកSTEVE WITKOFF និងលោកJARED KUSHNER ទៅកាន់ក្រុងដូហា នាសប្ដាហ៍នេះ ចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់។
ចំណែកអ៉ីរ៉ង់ បន្ទាប់ពីដំបូងបដិសេធរាល់កិច្ចប្រជុំជាមួយអាមេរិក តែក្រសួងការបរទេសខ្លួនប្រកាសនាថ្ងៃទី២៩ មិថុនា ពីការបញ្ជូនគណៈប្រតិភូអ្នកជំនាញការមួយទៅកាន់ក្រុងដូហានាសប្ដាហ៍នេះ។ ក្រសួងនេះអះអាងទៀតថា នាប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងមិនចរចាជាមួយភាគីអាមេរិកឡើយ ។
ភាពតានតឹងនៅតែមានជុំវិញការគ្រប់គ្រងច្រកសមុទ្រហ័រមូស ។ ការឆ្លងកាត់ច្រកសមុទ្រនោះ មានការចុះថយ បន្ទាប់ពីមានការវាយប្រហារលើនាវា២គ្រឿងមក ។ នាថ្ងៃទី២៧ មិថុនា នាវាដឹកវត្ថុធាតុដើមសរុប២៩គ្រឿង បានឆ្លងកាត់ច្រកសមុទ្រនោះ ទល់នឹង១២គ្រឿងនាថ្ងៃទី២៨ មិថុនា ។ ទោះបីយ៉ាងណា សភាពការណ៍នាពេលនេះ ហាក់មិនមានផលប៉ះពាល់ដល់តម្លៃប្រេងដែលបន្តធ្លាក់ឡើយ ៕

ចែករំលែកព័តមាននេះ