ខេត្តសៀបរាម ៖ សត្វទោចមកុដក្នុងព្រៃអង្គរបានកើតកូន ១ក្បាលទៀត ដែលធ្វើឱ្យកំណើន សត្វទោចមកុដ មានចំនួនសរុប១៥ក្បាល ។ នេះបើយោងតាមផេកអាជ្ញាធរជាតិអប្សរា បានប្រកាសនាព្រឹកថ្ងៃទី៣០ ខែមិថុនានេះ ។

សត្វទោចមកុដក្នុងព្រៃអង្គរ បានផ្តល់កំណើតកូនតូច១ក្បាលទៀត នៅអំឡុងខែឧសភា និងត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងអង្គការដៃគូដាក់ឈ្មោះឱ្យថា រៃ ។ អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរា លោក និក ម៉ាក បានបង្ហាញអារម្មណ៍រីករាយឥតឧបមា ដែលវត្តមានសត្វទោចមកុដមួយក្បាលទៀត បានរស់រាននៅក្នុងព្រៃអង្គរ ។

លោករំឭកថា អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននាំយកសត្វទោចនេះមកព្រលែងនៅក្នុងឧទ្យានអង្គរនាឆ្នាំ២០១៣ ។ ជាបន្តបន្ទាប់គម្រោងនេះបាននាំយកទោចមកុដចំនួន៤គូរ ឬ៤គ្រួសារ មកព្រលែងនៅតាមទីតាំងផ្សេងៗឆ្ងាយពីគ្នាក្នុងព្រៃអង្គរ ហើយបច្ចុប្បន្នទោចទាំងនោះ បង្កើតកូនបានចំនួន៧ក្បាលរួចហើយ ។ សរុបវត្តមានសត្វទោចទាំងអស់ ដែលកំពុងរស់នៅក្នុងឧទ្យានមានចំនួន១៥ក្បាល។ ទាក់ទងនឹងវត្តមានកូនទោចថ្មីឈ្មោះរៃនេះ លោក និក ម៉ាក បានបញ្ជាក់ថា ឪពុករបស់វាឈ្មោះ បារាយណ៍ ម្តាយឈ្មោះ សារ៉ានិច ដែលធ្លាប់មានកូនចំនួន២ក្បាលរួចមកហើយ គឺកូនទី១ឈ្មោះ កន្ទេះឡង់ និងកូនទី២ឈ្មោះ ក្តាមទូក ។

លោក មឿន សារិន្ទ ដែលជាអ្នកថែទាំ និងដាក់ចំណីឱ្យសត្វទោចមកុដក្នុងព្រៃអង្គរបានឱ្យដឹងថា ក្នុងមួយថ្ងៃលោកនិងកូនប្រុស ត្រូវដើរដាក់ចំណីចំនួន២ដង គឺនៅពេលព្រឹក និងរសៀល ។
ក្រៅពីដាក់ចំណី លោកក៏ត្រូវតាមដានពីសុខទុក្ខរបស់សត្វទាំងនោះផងដែរ ដូចជា កន្លែងរស់នៅ ឥរិយាបថរបស់ពួកវា និងពិនិត្យក្រែងវាមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ។ បុគ្គលិកអាជ្ញាធរជាតិអប្សរារូបនេះ បញ្ជាក់ថា អាហារដែលសត្វទោចហូបជាប្រចាំមានផ្លែឈើចម្រុះដូចជា ចេក សាវម៉ាវ ល្ហុង និងផ្លែឈើតាមរដូវកាល ។ ហើយការដាក់ចំណីត្រូវចងដាក់លើក្តារទាញទៅលើឱ្យខ្ពស់បន្តិច បង្ការកុំឱ្យសត្វទោចចុះដី ខ្លាចសត្វឆ្កែខាំវា។
ក្នុងនាមជាអ្នកអភិរក្សសត្វព្រៃមួយរូប លោក និក ម៉ាក អំពាវនាវដល់សាធារណជនទាំងអស់ សូមកុំឱ្យចំណី និងលេងជាមួយសត្វព្រៃ ដោយទុកឱ្យវារស់នៅដោយរបៀបរបស់វា។ លោក និក ម៉ាក ក៏មិនគាំទ្រដែរចំពោះបុគ្គលខ្លះដែលនាំសត្វព្រៃមកចិញ្ចឹមនៅតាមផ្ទះ ដែលលោកយល់ថា កំពុងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងផ្លាស់ប្តូរធម្មជាតិរបស់សត្វ៕








ចែករំលែកព័តមាននេះ