ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ជន​វេណេ​ហ៊្សូអេឡា​មាន​កំ.ហឹ.ង​យ៉ាង​ខ្លាំង​ដែល​ជំនួយ​ផ្ដល់​ឱ្យ​យឺត​យ៉ាវ​ទោះ​បី​គ្រោះ​រញ្ជួយ​ដី​កន្លែង​ផុត​ទៅ​ជា​ច្រើន​ថ្ងៃ​ហើយ​ក្ដី

1 ម៉ោង មុន

ទី​ក្រុង​ការ៉ា​កាស់​៖ មនុស្ស​មាន​កំហឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​ប្រទេស​វេណេ​ហ៊្សូអេឡា​​ព្រោះ​​​​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ការ​ជួយ​ជ្រោម​ជ្រែង​ឱ្យ​បាន​គ្រប់​គ្រាន់​នៅ​លើ​ទី​តាំង​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​ផ្ទួន​ៗ​គ្នា​កម្រិត​៧,២ និង​៧,៥​រ៉ិច​ទ័រ​កាល​ពី​សប្ដាហ៍​មុន​។ គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​បន្ត​បន្ទាប់​។ ដូច​នេះ ​មនុស្ស​ស្លាប់​សរុប​កើន​ឡើង​ដល់​ជាង​១៧០០​នាក់​។ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ គេ​ជឿ​ជាក់​ថា​មនុស្ស​១៤០​នាក់​ជា​អ្នក​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទឹក​ដី​អាមេរិក​។ ក្នុង​នោះ​ក៏​មានកុមារ​​​មួយ​ចំនួន​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​ដែល​ត្រូវ​បាក់​រលំ​កាល​ពី​​ថ្ងៃ​ពុធ​។

នៅថ្ងៃ​ទី​៥​នៃ​ការ​ខិតខំ​ជួយ​សង្គ្រោះ​មនុស្ស​បាត់​ខ្លួន​នោះ របាយ​ការណ៍​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​អគារ​ជិត​ពីរ​រយ​​ខ្នង​បាន​បាក់​រលំ​រាប​ដល​ដី​ ចំណែក​​អគារ​រាប់​រយ​ខ្នង​ទៀត​រង​ការ​ខូច​ខាត​។ អត្រា​ស្លាប់​រហូត​ដល់​រាប់​ពាន់​នាក់​ រួម​ទាំង​មនុស្ស​របួស​៥​ពាន់​នាក់​ទៀត​នោះ​អាច​បណ្ដាល​មក​ពីកត្តា​គួប​ផ្សំ​ដទៃ​ទៀត​ដូច​ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​រយៈ​ពេល​រាប់​ទស​វត្សរ៍​មក​ហើយ​, សំណង់​អគារ​មិន​រឹង​មាំ​ និង​ភាព​ចុះ​ខ្សោយ​នៃ​ការ​ពង្រឹង​គុណភាព​សំណង់​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ូហ្គោ​ ឆា​វេស (Hugo Chavez) និ​ង​នី​កូ​ឡាស់​ ម៉ាឌូរ៉ូ (Nicolas Maduro)។ នេះ​បើ​យោង​​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​។

​​តំបន់​អែល​ជូន​គីតូ (El Junquito) ជា​តំបន់​ភ្នំ​ស្ថិត​នៅចម្ងាយ​៣៣​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​ការ៉ា​កាស់​ និង​ជា​តំបន់​លម្ហែ​​កម្សាន្ត​ដ៏​ពេញ​និយម​របស់​ជន​ជាតិ​វេ​ណេ​ហ៊្សូអេឡា​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​។ ប្រជា​ជន​នៅ​ទី​នោះ​ថ្លែង​ថា​ពួក​គេ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ដែល​ចុះ​ទៅ​ទី​នោះ​។ មាន​តែ​កសិ​ករ និង​អ្នក​រស់​នៅ​ម្ដុំ​នោះ​ទេ​ដែល​ផ្ដល់​ការ​ផ្គត់​ផ្គង់​តម្រូវ​ការ​ជា​មូល​ដ្ឋាន​សម្រាប់​សហ​គមន៍​។ អ្នក​ស្រី​ខេលី អ៊ីបារ៉ា (Keily Ibarra) វ័យ​​៣៣​ឆ្នាំ​ជា​អ្នក​​​ពាំ​នាំ​ទុក្ខ​លំបាក​របស់​ប្រជា​ជនប្រាប់​​​ទៅ​អាជ្ញា​ធរ​។ អ្នក​ស្រី​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​នូវ​អ្វី​ដែល​គួរ​ធ្វើ​។​

សហ​គមន៍​អន្តរ​ជាតិ​បាន​ចុះ​ទៅ​ប្រទេស​វេណេហ្ស៊ូ​អេឡា​ជា​ហូរ​ហែ​ដើម្បី​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​ដោយ​សារ​ការ​រញ្ជួយ​ដី​លើក​នេះ​។ ជំនួយ​ភាគ​ច្រើន​ច្រើន​ហូរ​ចូល​រដ្ឋ​ឡា​ក្វា​អ៊ីរ៉ា (La Guaira) ​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​។ អាជ្ញា​ធរ​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ ប្រទេស​ចំនួន​៣០​បាន​ផ្ដល់​ការ​ជួយ​ជ្រោម​ជ្រែង​។ ក្នុង​នោះ​មាន​ជំនួយ​១០០០​តោន​, ភ្នាក់​ងារ​សង្គ្រោះ​៣៦០០​នាក់​ និង​សត្វ​សុនខ​១១៨​ក្បាល​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បន្ត​កប់​នៅ​ក្នុង​គំនរ​បាក់​បែក​នោះ​ទេ​​។ ​​គេ​ហ​ទំព័រ​ដែល​ប្រមូល​ចង​ក្រង​​ចំនួន​អ្នក​បាត់​ខ្លួន​តាម​រយៈ​ការ​តំណាលប្រាប់​ពី​សាច់​ញាតិ​ពួក​គេ​​រក​ឃើញ​ថា​អ្នក​បាត់​ខ្លួន​មាន​ចំនួន​៤៥០០០​នាក់​។ ប្រធាន​រដ្ឋ​សភា​វេណេ​ហ្ស៊ូ​អេឡា​ថ្លែង​ថា​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​១៧១៩​នាក់​, របួស​កើន​ឡើង​ដល់​៥០៣៤​នាក់​ និង​អ្នក​បាត់​បង់​ទី​ជម្រក​កើន​ឡើង​ដល់​​១៥៨៦៦​​នាក់​៕ ប្រភព៖ Reuters