ទីក្រុងវ៉ាស៊ីនតោន៖ សេដ្ឋីជនជាតិចិនដែលនិរទេសខ្លួនឯងទៅនៅស្រុកគេនោះ ថ្ងៃនេះត្រូវតុលាការអាមេរិកកាត់ទោសឱ្យជាប់ពន្ធនាគារ៣០ឆ្នាំពីបទឆបោកជនរងគ្រោះជាង១ពាន់នាក់ទូទាំងសាកលលោកនៅក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ។ លោកគួវេងកួយបានរត់ចេញពីប្រទេសចិនកាលពីមួយទសវត្សរ៍មុន ហើយបានខិតខំរៀបចំខ្លួនឱ្យមើលមកលោកជាអ្នករិះគន់ឥតសំចៃមាត់ចំពោះបក្សកុម្មុយនិស្តចិន។ លោកត្រូវតុលាការសង្កាត់ម៉ាន់ហាថាន់ (Manhattan) នៅទីក្រុងញូយ៉ក នាំខ្លួនទៅកាត់ទោស។

ចៅក្រមជំនុំជម្រះ លោកស្រីអាណាលីហ្សា តូរ៉េស (Analisa Torres) ថ្លែងថាលោកគួវេងកួយដើរប្រមាញ់អ្នកដែលចង់នាំយកលទ្ធិប្រជាធិបតេយ្យទៅប្រទេសចិន ឬក៏ថាអ្នកប្រាថ្នាចង់ឃើញប្រទេសចិនមានលទ្ធិប្រជាធិបតេយ្យ។ លោកប្រមូលលុយរបស់អ្នកទាំងនោះដើម្បីរស់នៅក្នុងជីវិតហ៊ឺហារតែម្នាក់ឯង។ មុនពេលតុលាការចេញសេចក្ដីសម្រេចនេះ លោកគួវេងកួយបានតវ៉ាថាគេដាក់ឃុំខ្លួនលោកគ្មានយុត្តិធម៌ទេ។ លោកថាគេបាននាំលោកទៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃចន្ទ។ លោកតវ៉ាចំពោះការអះអាងរបស់រដ្ឋអាជ្ញាដែលថាលោកធ្វើពុតជាមានជំងឺ។ លោកថាលោកពិតជាបានក្អួតចង្អោរនៅពេលវិលត្រឡប់ពីមន្ទីរពេទ្យចូលបន្ទប់ឃុំឃាំង។

លោកបាននិយាយបកស្រាយដោយសង្ខេបអំពីសំណុំរឿងព្រហ្មទណ្ឌរបស់លោកដោយនិយាយការពារខ្លួន និងទម្លាក់កំហុសដាក់បក្សកុម្មុយនិស្តចិន។ លោកថាមូលហេតុធំបំផុតដែលលោកធ្វើដំណើរទៅលាក់ខ្លួនពួនអាត្មានៅអាមេរិកគឺដើម្បីបំផ្លាញបក្សកុម្មុយនិស្តចិន។ លោកស្រីចៅក្រមបានអានលិខិតដែលលោកស្រីទទួលបានពីជនរងគ្រោះ។ ពួកគេថ្លែងថាប្រាក់ដែលខិតខំសន្សំសម្រាប់ទុកចាយវាយនៅជីវិតចុងក្រោយត្រូវខាតបង់អស់រលីងដោយសារចាញ់បោកលោកគួវេងកួយ។ ពួកគេមិនស្ងប់ចិត្តទេ ហើយថែមទាំងតូចចិត្តនឹងខ្លួនឯងមិនគួរចាញ់បោកមនុស្សធុនហ្នឹងទេ។ មិនតែប៉ុណ្ណោះ ពួកគេទទួលរងការត្មះតិះដៀលពីក្រុមគ្រួសារដោយសារមិនបានពិចារណាឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគនៅក្នុងអំពើឆបោក។

លោកស្រីចៅក្រមថ្លែងបន្តទៀតថាលោកគួវេងកួយគ្មានស្មារតីទទួលខុសត្រូវចំពោះទង្វើរបស់គាត់ទេ។ គាត់នៅតែនិយាយអះអាងដដែលៗថាទង្វើរបស់គាត់មិនបានធ្វើឱ្យនរណាម្នាក់ខាតបង់ទ្រព្យសម្បត្តិ ហើយក៏មិនបានបង្កគ្រោះថ្នាក់សម្រាប់នរណាម្នាក់ដែរ។ លោកស្រីថាលោកគួវេងកួយដើរប្រមូលក្រុមអ្នកគាំទ្ររបស់គាត់ដើម្បីបៀតបៀន និងសម្លុតគំរាមកំហែងអ្នកដែលហ៊ានចេញមុខនិយាយប្រឆាំងនឹងគាត់។ ចៅក្រមបង្គាប់ឱ្យលោកគួវេងកួយបញ្ចេញសាច់ប្រាក់៨៨៩លានដុល្លារដើម្បីសងការខូចខាត។ ស្ត្រីម្នាក់ឈ្មោះវៃឈឹនដែលឡើងផ្ដល់សក្ខីកម្មនៅក្នុងតុលាការថ្លែងប្រាប់លោកស្រីចៅក្រមតូរ៉េសថាអំពើឆបោករបស់លោកគួវេងកួយបានបំផ្លាញឆាកជីវិតរបស់អ្នកស្រី និងក្រុមគ្រួសាររបស់អ្នកស្រី៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ