ទីក្រុងដូហា៖ បេសកជនពិសេសរបស់អាមេរិក (លោកស្ទីវវីតខូស និងកូនប្រសាលោកត្រាំ) នឹងធ្វើដំណើរទៅដល់ទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃនេះ។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់អំពីពេលវេលាជាក់លាក់ និងមូលបញ្ហានៃការជជែកគ្នាផ្នែកការទូតរវាងអាមេរិក និងអ៊ីរ៉ង់នៅឡើយទេ។ ហេតុនេះបង្កជាចម្ងល់ថាតើកិច្ចខិតខំប្រឹងប្រែងទាំងនោះអាចនឹងនាំទៅដល់ការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាស្ថាពរ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញដូចដើមដែរឬទេ? ការងាកមករកនយោបាយការទូតឡើងវិញនេះកើតមានឡើងបន្ទាប់ពីអ៊ីរ៉ង់ និងអាមេរិកទើបតែវាយប្រហារគ្នាមួយប្រាវកាលពីសប្ដាហ៍មុន ហើយធ្វើឱ្យគេបារម្ភថាហេងស៊យកិច្ចព្រមព្រៀងនៃបទឈប់បាញ់អាចនឹងបរាជ័យទៅវិញទាំងកណ្ដាលទី។

អនុស្សារណៈយោគយល់គ្នាមាន១៤ចំណុចនោះបើកផ្លូវឱ្យប្រទេសទាំង២មានពេល៦០ថ្ងៃដើម្បីចរចាគ្នាឆ្ពោះទៅរកសន្តិភាពជាអចិន្ត្រៃយ៍ និងដោះស្រាយអ្វីដែលជាបញ្ហារសើប រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។ សេតវិមានប្រកាសថាកូនប្រសាលោកត្រាំ និងលោកស្ទីវវីតខូសនឹងធ្វើដំណើរទៅដល់ទីក្រុងដូហានៅថ្ងៃនេះដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់។ កិច្ចប្រជុំថ្នាក់បច្ចេកទេសនឹងកើតមានជាខាងក្រោយ។ ដោយឡែក បើគេស្ដាប់ពីខាងភាគីអ៊ីរ៉ង់វិញម្ដង អ៊ីរ៉ង់បានបញ្ជូនគណៈប្រតិភូបច្ចេកទេសទៅប្រទេសកាតានៅសប្ដាហ៍នេះពិតមែន។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បញ្ជាក់ថាអ៊ីរ៉ង់ទៅកាតា និងអាមេរិកទៅកាតាគ្មានពាក់ព័ន្ធគ្នាទេ ហើយប្រទេសទាំង២ក៏គ្មានគម្រោងពិភាក្សាគ្នានោះដែរ។

អ្នកនាំពាក្យរូបនេះថ្លែងបន្តទៀតថានៅអំឡុងពេលប៉ុន្មានថ្ងៃនេះ យើងគ្មានគម្រោងជួបគ្នាជាមួយភាគីអាមេរិកទេ ទោះបីនៅក្នុងកម្រិតណាក៏ដោយ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់បង្ហើបឱ្យដឹងថាបើទុកជាមានការជួបគ្នានៅទីក្រុងដូហាក៏ដោយ ក៏ការពិភាក្សាគ្នាមានដែនកំណត់ត្រឹមតែបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស និងការកាត់បន្ថយភាពតានតឹងតែប៉ុណ្ណោះ។ បើគេក្រឡេកទៅមើលស្ថានភាពតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ គេឃើញថាប្រេងឆៅនៅតែបន្តធ្លាក់ថ្លៃនៅថ្ងៃនេះ។

អ៊ីរ៉ង់នៅតែចិញ្ចឹមចិត្តចង់គ្រប់គ្រងច្រកសមុទ្រហ័រម៉ូសក្រោមកិច្ចសហការជាមួយប្រទេសអូម៉ង់។ អ៊ីរ៉ង់ថាខ្លួនមានគម្រោងគិតលុយចំពោះកប៉ាល់ដែលដឹកទំនិញចេញចូលច្រកសមុទ្រនេះ។ អ៊ីរ៉ង់ក៏បានដាក់កំហិតថាកប៉ាល់ទាំងនោះមិនត្រូវបើកតាមច្រកផ្លូវផ្សេងពីទីតាំងដែលខ្លួនបានកំណត់ទុកឱ្យនោះឡើយ។ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន អ៊ីរ៉ង់វាយប្រហារកប៉ាល់ពាណិជ្ជកម្មយ៉ាងតិច២គ្រឿង។ ជាការឆ្លើយតបចំពោះទង្វើរបស់អ៊ីរ៉ងនេះ យោធាអាមេរិកបើកប្រតិបត្តិការទម្លាក់គ្រាប់បែកលើទីតាំងយោធាអ៊ីរ៉ង់។ ជាការឆ្លើយតបចំពោះការវាយប្រហាររបស់អាមេរិក អ៊ីរ៉ង់បញ្ជូនមីស៊ីល និងដ្រូនទៅវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅប្រទេសគូវែត និងបារ៉េនកាលពីថ្ងៃអាទិត្យ។ ភាគីទាំង២ចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នករំលោភបទឈប់បាញ់៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ