ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​ថា​ខ្លួន​នឹង​ស្ថិត​នៅ​ជា​មួយ​​សម្ព័ន្ធ​មិត្តនៃ​​អង្គ​ការ​ណាតូ​ជា​និច្ច​ដើម្បី​ការ​ពារ​តំបន់​បាល់​ទិច

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​ប្រកាស​ថា​ខ្លួននឹង​ស្ថិត​នៅ​ជា​មួយ​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប​ដើម្បី​រួម​គ្នា​ការ​ពារ​បណ្ដា​ប្រទេស​នៅ​តំបន់​បាល់​ទិច។ នេះ​បើ​យោង​​តាម​ការ​អះ​អាង​របស់​មេ​បញ្ជា​ការ​យោធា​អាមេរិក​​នៃ​កង​អង្គ​ភាព​ទ័ព​ជើងគោក​របស់​អង្គ​ការ​ណតូ​ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប​។ ការ​ថ្លែង​ដូច្នេះ​ចំ​ពេល​ដែល​អង្គការណាតូ​​បង្កើត​បញ្ជាការ​ដ្ឋាន​ថ្មី​មួយ​ទៀត​​នៅ​​​តំបន់​បាល់​ទិច​ (ឡាត​វី អេស្តូនី និង​លី​ទុយ​​អានី​)។ ​ឧត្ដម​សេនីយ៍​គ្រីស ដូណាហ៊ូ​ (Chris Donahue) ថ្លែង​ថា​អ្នក​ត្រៀម​ខ្លួន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ទៀត​ ហើយ​នឹង​អនុវត្ត​ដូច​ពាក្យ​សន្យា​របស់​ខ្លួន​។ ចំណែក​អាមេរិក​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ជា​និច្ច​។

លោក​ថ្លែ​ង​ថា​យុទ្ធ​សាស្ត្រ​ទប់​ទល់​នឹង​សត្រូវ​គេ​ធ្វើបែប​​នេះ។ ពោល​គឺ​មិន​មែន​ជា​ការ​និយាយ​បាន​តែពាក្យ​សម្ដី​​ចេញ​ពី​តុ​ថ្លែង​សុន្ទរ​កថា​នោះ​ទេ​។​ ប៉ុន្តែ​​ជា​ការ​សន្យា​ ហើយ​ត្រូវ​តែ​ហ៊ាន​ប្រឡូក​ជាក់​ស្ដែង​ទោះ​បី​ត្រូវ​ដើរ​លុយ​ភក់​ក៏​ដោយ​។ លោក​ដូណាហ៊ូ​​​នឹង​​បញ្ចប់​តំណែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​​។ លោក​កាន់​មុខ​នាទី​ត្រួត​គ្នា​​ជា​មេ​បញ្ជា​ការ​កង​ទ័ព​អាមេរិក​ប្រចាំ​​ទ្វីប​អឺរ៉ុប​ផង និង​ជា​មេ​បញ្ជា​ការ​​ប្រចាំ​ទ្វីប​អាហ្វ្រិក​​ផង​។ ​កង​ទ័ព​របស់​អង្គ​ការ​ណាតូ​នៅ​តំបន់​បាល់​ទិច​ និង​នៅ​ប៉ូឡូញ​ភាគ​ខាង​ជើង​គិត​ត្រឹម​វេលា​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​បញ្ជា​ការ​ដ្ឋានតែ​មួយ​ដែល​ចម្រុះ​ជាតិ​សាសន៍​។

នៅ​ពេល​បង្កើត​បញ្ជា​ការ​ដ្ឋាន​យោធា​ថ្មី​នេះ​ អង្គ​ការណាតូ​នឹង​បញ្ជូន​កង​ទ័ព​បន្ថែម​ទៀត​ទៅ​ឈរ​ជើង​នៅ​តំបន់​បាល់​ទិច​។​ សម្រាប់​ពេល​នេះ កង​វរ​សេនាធំ​ចំនួន​២​នៅ​អេស្តូនី និង​ឡាតវី​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​អង្គ​ភាព​ហូឡង់ និង​អាល្លឺម៉ង់​ដែល​មាន​ទី​ស្នាក់​ការ​នៅ​​​ទី​ក្រុង​មូ​អឹន​ស្ទើ (Muenster) ប្រទេស​អាល្លឺ​ម៉ង់​។ អង្គ​ការ​ណាតូ​ប្រមើល​ឃើញ​ថា​រុស្ស៊ីអាច​នឹង​វាយ​ប្រហារ​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​នៅ​ឆ្នាំ​២០២៩​ ប្រសិន​បើ​ប្រទេស​នេះ​ (រុស្ស៊ី​) នៅតែ​បន្ត​ពង្រីក​កម្លាំង​យោធា​ដូច​សព្វ​ថ្ងៃ​នេះ​។​

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាល្លឺម៉ង់​ លោក​បូរីស ពីស្តូរាស​ (Boris Pistorius) ថ្លែង​ថា​ការ​បង្កើត​បញ្ជា​ការ​ដ្ឋាន​យោធា​ថ្មី​នេះ​ជា​សក្ខី​ភាព​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អង្គ​ការ​ណាតូ​ក្នុង​ការ​ការ​ពារ​ទឹក​ដី​របស់​សម្ព័ន្ធ​មិត្ត​ខ្លួន​មិន​ឱ្យ​បាត់​បង់​សូម្បី​តែ​មួយ​អ៊ីញ​។ លោក​ថា​វា​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ប្រកប​ដោយ​ភាព​រឹង​មាំ​ដែល​យើង​អាច​មើល​ឃើញ​ទាំង​អស់​គ្នា​ថា​ណាតូ​មាន​ឯក​ភាព​ផ្ទៃ​ក្នុង​, មាន​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ និង​​មាន​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​​ការ​ពារ​ទឹក​ដី​គ្រប់​អ៊ីញ​របស់​សម្ព័ន្ធ​មិត្ត​យើង។ នៅ​ពេល​ដាក់​ឱ្យ​ដំណើរ​ការ​ពេញ​លេញ កង​អង្គ​ភាព​ទ័ព​អាច​បញ្ជា​កង​វរ​សេនា​ធំ​ចំនួន​បី​ដែល​មាន​កង​ទ័ព​ចន្លោះ​ពី៤​ម៉ឺន​ទៅ​៦​ម៉ឺន​នាក់​​៕ ​ប្រភព៖ Reuters