សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស តម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការច្រោះជាតិពុល និងគ្រប់គ្រងតុល្យភាពសារធាតុរាវក្នុងរាងកាយ។ ដើម្បីការពារសរីរាង្គមួយនេះពីជំងឺផ្សេងៗ ជាពិសេសការខ្សោយតម្រងនោម អ្នកជំនាញបានណែនាំឱ្យអនុវត្តទម្លាប់សាមញ្ញៗប្រចាំថ្ងៃដូចខាងក្រោម៖
អ្នកត្រូវរក្សាការធ្វើចលនាដោយហាត់ប្រាណ ឬដើរយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ ដើម្បីគ្រប់គ្រងទម្ងន់ និងសម្ពាធឈាម។ ជាមួយគ្នានេះ ត្រូវគ្រប់គ្រងជាតិស្ករដោយកាត់បន្ថយអាហារផ្អែម ដើម្បីការពារការខូចខាតសរសៃឈាមតម្រងនោមដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម។ ម្យ៉ាងទៀត ត្រូវតាមដានសម្ពាធឈាមឱ្យបានទៀងទាត់ ព្រោះសម្ពាធឈាមឡើងខ្ពស់គឺជាកត្តាបំផ្លាញប្រព័ន្ធច្រោះរបស់តម្រងនោម។
ចំពោះរបបអាហារ គប្បីបរិភោគអាហារមានតុល្យភាពដោយជ្រើសរើសបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ ព្រមទាំងកាត់បន្ថយជាតិអំបិលដើម្បីបន្ថយបន្ទុកការងាររបស់តម្រងនោមនិងការពារជំងឺលើសឈាម។ លើសពីនេះ ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីជួយសម្រួលដល់ការបញ្ចេញកាកសំណល់និងការពារការកកើតគ្រួសក្នុងតម្រងនោម។
ទន្ទឹមនឹងនេះ ត្រូវជៀសវាងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនពេកដោយមិនត្រូវទិញថ្នាំបំបាត់ការឈឺចាប់ប្រភេទ NSAIDs មកប្រើប្រាស់ផ្ទាល់ខ្លួនយូរថ្ងៃឡើយ និងចុងក្រោយត្រូវពិនិត្យសុខភាពតម្រងនោមជាប្រចាំ ជាពិសេសអ្នកមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ៕
ចែករំលែកព័តមាននេះ