ទីក្រុងហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ីបានស្នើឱ្យមានការរៀបចំជាមជ្ឈមណ្ឌលស្តុកប្រេងរួមគ្នារបស់អាស៊ាន ដើម្បីបង្កើនប្រេងបម្រុងយុទ្ធសាស្ត្រ ខណៈប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងពិចារណាលើជំហាននានា ដើម្បីពង្រឹងសន្តិសុខថាមពល ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមប្រភពពី CNA, Xinhua និង VietnamPlus បានចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។

រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ ឥណ្ឌូនេស៊ី លោក Bahlil Lahadalia កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថ្លែងថា ឥណ្ឌូណេស៊ីកំពុងលើកកម្ពស់គំនិតផ្តួចផ្តើមមួយ បង្កើតទីតាំងស្តុកប្រេងបម្រុងយុទ្ធសាស្ត្រអាស៊ានរួមគ្នា ខណៈដែលតំបន់អាស៊ីអាគ្នេយ៍កំពុងតែប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងឡើងនៃការរំខានដល់ការផ្គត់ផ្គង់ថាមពលសកល ។
លោកបានកត់សម្គាល់ថា ប្រទេសឥណ្ឌូនេស៊ីកំពុងតែធ្វើការជាមួយប្រទេសម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន ដើម្បីជំរុញសំណើនេះ ។ មជ្ឈមណ្ឌលស្តុកប្រេងបម្រុងអាស៊ានដែលបានគ្រោងទុកនេះ ត្រូវបានរំពឹងថា នឹងបម្រើប្រេងបម្រុងយុទ្ធសាស្ត្រដល់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងករណីមានវិបត្តិ ឬការរំខានដល់ការផ្គត់ផ្គង់។
រួមជាមួយនឹងគំនិតផ្តួចផ្តើមនេះ ឥណ្ឌូណេស៊ីក៏កំពុងរៀបចំសាងសង់មជ្ឈមណ្ឌលស្តុកប្រេងដាច់ដោយឡែក មួយក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកោះស៊ូម៉ាត្រា (Sumatra) ដើម្បីបង្កើនប្រេងបម្រុងរបស់ខ្លួន ដែលគម្រោងនេះ កំពុងស្ថិតក្នុងការសិក្សាលទ្ធភាព។
លោក Bahlil បានបញ្ជាក់ថា គម្រោងស៊ូម៉ាត្រានឹងបន្តទៅមុខ បើទោះបីជាប្រទេសឥណ្ឌូនេស៊ីមិនត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះសម្រាប់មជ្ឈមណ្ឌលស្តុកប្រេងអាស៊ានយ៉ាងណាក៏
ដោយ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ (Cebu) ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៧-៨ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំអាស៊ានបានចំណាយពេលច្រើនម៉ោង ដើម្បីពិភាក្សាអំពីសន្តិសុខថាមពលក្នុងតំបន់ ចំពេលមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង និងហានិភ័យកើនឡើងនៃវិបត្តិថាមពលពិភពលោក ៕
ចែករំលែកព័តមាននេះ