ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បាននិយាយ នៅថ្ងៃទី១៣ ខែឧសភាថា ទំនាក់ទំនងយោធារវាងកម្ពុជា និងអាមេរិក មានភាពរឹងមាំខ្លាំងជាងពេលណាៗទាំងអស់ ។
ស្ថានទូតអាមេរិក បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃនេះថា លោកស្រីភារធារី Walker មានកិត្តិយស ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពនាថ្ងៃនេះ ក្នុងពេលដែលលោកស្រី ត្រៀមខ្លួនបញ្ចប់អាណត្តិបេសកកម្មការងារនៅប្រទេសកម្ពុជា ។ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក – កម្ពុជា និងសមិទ្ធផលជាប្រវត្តិសាស្ត្រដែលប្រទេសទាំងពីរបានសម្រេចរួមគ្នា ។
ស្ថានទូតអាមេរិក បានលើកឡើងថា រាប់ពីការចូលចតនៅកំពង់ផែព្រះសីហនុ របស់នាវា USS Savannah ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ការចតជាប្រវត្តិសាស្ត្ររបស់នាវា USS Cincinnati នៅមូលដ្ឋានទ័ពជើងទឹករាម នាខែមករា ឆ្នាំ២០២៦ ទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ កាន់តែរឹងមាំឡើងជាងពេលណាៗទាំងអស់ ៕
ចែករំលែកព័តមាននេះ