ប្រទេសវៀតណាម ៖ នាយកដ្ឋាននគរបាលចរាចរណ៍នៃក្រសួងសន្តិសុខសាធារណៈប្រទេសវៀតណាម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចេញការព្រមានពីហានិភ័យនៃគ្រោះថ្នាក់បណ្តាលពីការហាលស្រូវលើដងផ្លូវ និងសារសំខាន់នៃការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការបើកបរពេលបត់ចូលគន្លងផ្លូវ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង ដែលបានឆក់យកជីវិតមនុស្ស២នាក់ នៅខេត្តហាទិញ (Ha Tinh)។ នេះបើតាមប្រភពពីសារព័ត៌មាន Tuoi Tre បានចេញផ្សាយ។

ដោយផ្អែកលើវីដេអូនៃគ្រោះថ្នាក់ដែលបានកើតឡើង នៅរសៀលថ្ងៃទី១២ ខែឧសភា នៅឃុំ
ទ្រឿងលូវ (Truong Luu) ខេត្តហាទិញ នាយកដ្ឋាននគរបាលជឿថា ការបើកបរចូលគន្លងពីផ្លូវតូចទៅផ្លូវធំ គឺជាមូលហេតុមួយនៃគ្រោះថ្នាក់ដ៏រន្ធត់នោះ ។ អ្នកបើកបរជាច្រើន ជាពិសេស នៅតំបន់ជនបទ ខ្វះការយល់ដឹងការបើកបរសិទ្ធិអាទិភាពលើផ្លូវ នៅពេលជិតដល់ផ្លូវប្រសព្វ ។ នៅក្នុងវីដេអូ បើទោះបីជាអ្នកបើកបររថយន្តដឹកទំនិញខំបន្លឺសំឡេងស៊ីផ្លេម្តងហើយម្តងទៀតជាការព្រមានយ៉ាងណាក៏ដោយ ក៏អ្នកជិះម៉ូតូអគ្គិសនីនៅតែមិនបានសង្កេត ឬឈប់ ដើម្បីផ្តល់អាទិភាពដល់រថយន្តដឹកទំនិញនៅលើផ្លូវធំដែរ ។
នាយកដ្ឋាននគរបាលបានវិភាគថា «អ្នកបើកបររថយន្តដឹកទំនិញបានសង្កេតឃើញម៉ូតូអគ្គិសនីកំពុងជិះចេញពីផ្លូវតូចចូលផ្លូវធំ ហើយបានចុចស៊ីផ្លេជាការព្រមាន ហើយក៏បានឃើញស្រូវហាលនៅលើផ្លូវខាងមុខផងដែរ ដែលស៊ីចំណែកផ្លូវ និងធ្វើឱ្យគន្លងផ្លូវតូចជាងមុន ប៉ុន្តែអ្នកបើកបររថយន្តមិនអាចបន្ថយល្បឿន ដើម្បីឈប់ដោយសុវត្ថិភាព និងការពារគ្រោះថ្នាក់បាននោះទេ។

ក្នុងករណីនេះ ភ្នាក់ងារនគរបាលស៊ើបអង្កេតបានត្រួតពិនិត្យ និងវាយតម្លៃល្បឿនរថយន្តដឹកទំនិញ ការផ្តោតអារម្មណ៍ និងការបើកបររបស់អ្នកបើកបរ ប្រព័ន្ធហ្វ្រាំង សំបកកង់ ទម្ងន់ផ្ទុក។ល។ នាយកដ្ឋានក៏បានសង្កត់ធ្ងន់ផងដែរថា ការហាលស្រូវលើដងផ្លូវ គឺជាការរំលោភលើច្បាប់ចរាចរណ៍ផ្លូវគោក (ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខុសច្បាប់) ធ្វើឱ្យផ្លូវរួមតូច និងធ្វើឱ្យសុវត្ថិភាពចរាចរណ៍មានគ្រោះថ្នាក់ ។
ប្រសិនបើហេតុការណ៍នេះ បណ្តាលឱ្យខូចខាត ឬឈានដល់អាយុជីវិត សុខភាព ឬទ្រព្យសម្បត្តិរបស់អ្នកប្រើប្រាស់ផ្លូវថ្នល់ អាស្រ័យលើលក្ខណៈ និងភាពធ្ងន់ធ្ងរ ជនល្មើសនឹងត្រូវពិន័យជាទឹកប្រាក់ ឬចោទប្រកាន់ពីបទរារាំងចរាចរណ៍ផ្លូវគោក ដូចដែលមានចែងក្នុងមាត្រា ២៦១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម៕
ចែករំលែកព័តមាននេះ