ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកំពត បង្ក្រាប​ទីតាំង​វេច​ខ្ចប់ លួច​ប្តូរ​សំបកបាវ​ស្ករស​ថៃ ទៅ​ដាក់​អក្សរ​វៀតណាម បន្លំ​លក់​លើ​ទីផ្សារ​ខ្មែរ

11 ម៉ោង មុន

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត…

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពត បាន​ដឹកនាំ​កម្លាំង​ចម្រុះ រួម​មាន ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត សាខា​គយ​និង​រដ្ឋាករ សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អ​ជ្ញា​ធរ​ស្រុក និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​បង្ក្រាប​ជាក់ស្តែង​នូវ​ទីតាំង​សិប្បកម្ម វេច​ខ្ចប់ ស្ករស​ខុសច្បាប់​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ​បាន​រក​ឃើញ​ភស្តុ​តាង នៃ​សកម្មភាព​ល្មើសច្បាប់ ដោយ​ម្ចាស់​ទីតាំង​បាន​លួច​បន្លំ​ផ្លាស់​ប្តូរ​សំបកបាវ​ស្ករស​ដែល​មាន​អក្សរ​ថៃ ដែល​ជា​ប្រភព​ដើម មក​ច្រក​ក្នុង​សំបកបាវ​ថ្មី ដែល​មាន​អក្សរ​វៀតណាម​វិញ ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច និង​បន្លំ​ប្រភព​ទំនិញ​នៅ​លើ​ទីផ្សារ ។

ជុំវិញ​ករណី​នេះ លោក ម៉ៅ ធនិន បាន​ដាក់​ចេញ នូវ​វិធានការ​ម៉ឺងម៉ាត់​បំផុត ដោយ​គ្មាន​ការ​លើកលែង​ឡើយ ដោយ​ក្នុង​នោះ លោក​បាន​បង្គាប់​ឱ្យ​ម្ចាស់​សិប្បកម្ម ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​គ្រប់​ចំនួន រួច​ធ្វើ​កំណត់ហេតុ​អនុញ្ញាត​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ទន្ទឹម​នឹង​នោះ សមត្ថកិច្ច ក៏​បាន​ហៅ​អ្នក ដែល​មក​ទិញ​ស្ករស នៅ​ទីតាំង​ខាងលើ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត មក​ធ្វើ​កំណត់ហេតុ​បំភ្លឺ ដើម្បី​បន្ត​ស្រាវជ្រាវ​ស្វែងរក​ខ្សែរយៈ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​ចម្រុះ​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​កសាង​សំណុំរឿង និង​ធ្វើ​កំណត់ហេតុ​ឱ្យ​បាន​ច្បាស់លាស់ ក្នុង​គោលបំណង​ស្វែងរក​ម្ចាស់​ទីតាំង​ពិតប្រាកដ និង​អ្នក​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​បញ្ជូន​ទៅ​តាម​នីតិវិធី​ច្បាប់​ដោយ​គ្មាន​ការ​យោគយល់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ