ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរី​ចុះ​ពិនិត្យ​ការ​ជួសជុល​ផ្លូវ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ

5 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​ ៖ ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​សកម្មភាព​អន្តរាគមន៍​ជួសជុល…

ខេត្ត​មណ្ឌលគិរី​ ៖ ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​សកម្មភាព​អន្តរាគមន៍​ជួសជុល និង​កែ​លម្អ​ផ្លូវ​ខេត្ត​លេខ​៣៧៦៣ ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​ចាំ​បាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នា​ពេល​កន្លង​មក ។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នេះ គឺ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស ​គឺ​ជួយ​ឱ្យ​ការ​ដឹក​ជញ្ជូន​កសិផល​ផ្សេង​ៗ​ទៅ​កាន់​ទីផ្សារ​បាន​កាន់តែ​ងាយស្រួល និង​រហ័ស​ជាង​មុន​​។

លើស​ពី​នេះ ផ្លូវ​ដែល​ជួសជុល​រួច​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​សិស្សានុសិស្ស ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន​ ។​ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នកជំងឺ ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​បាន​ទាន់​ពេលវេលា​។

ឯកឧត្តម ថង សា​វុន ក៏​បាន​បង្ហើប​ឱ្យ​ដឹងផង​ដែរ ​អំពី​ផែនការ​ទៅ​ថ្ងៃ​អនាគត​ថា រដ្ឋបាល​ខេត្ត​មាន​គម្រោង​នឹង​ប្រែក្លាយ​ផ្លូវ​ទាំងនេះ ទៅ​ជា​ផ្លូវ​បេតុង​ឱ្យ​បាន​រឹង​មាំ ដើម្បី​បម្រើ​ផលប្រយោជន៍​យូរ​អង្វែង​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី ​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នោះ ឯកឧត្តម ថង សា​វុន បាន​ផ្តល់​ការ​ណែនាំ និង​ជម្រុញ​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ព​ន្លឿ​ន​ការងារ​ជួសជុល កែ​លម្អ​ផ្លូវ​មួយ​ខ្សែ​នេះ​ឱ្យ​បាន​ល្អ​ស្អាត និង​ត្រឹមត្រូវ​តាម​បច្ចេកទេស ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស ​ប្អូន​ៗ​សិស្សានុ​សិស្ស​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ដល់​មន្ត្រី​ជំនាញ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​តឹងរឹង​​ ចំពោះ​រថយន្ត​ខ្នាត​ធំ​ដែល​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​ ។ ឯកឧត្តម​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ត្រូវ​ធ្វើការ​អប់រំ និង​អនុវត្ត​ការ​ផាកពិន័យ​តាម​ច្បាប់​ជា​ធរមាន ចំពោះ​ម្ចាស់​រថយន្ត​ទាំងឡាយ​ណា​ដែល​បង្ក​ឱ្យ​ខូចខាត​ផ្លូវថ្នល់ ព្រោះ​ផ្លូវ​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​សេដ្ឋកិច្ច និង​ការ​រស់នៅ​របស់​ពលរដ្ឋ​មូលដ្ឋាន ដូច្នេះ​ យើង​មិន​ត្រូវ​បណ្តោយ​ឱ្យ​បុគ្គល​មួយ​ចំនួន​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​រួម​នោះ​ទេ​។

យោង​តាម​របាយការណ៍​របស់​លោក រស់ គី​ម​ធន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បានឱ្យ​ដឹង​ថា កំណាត់​ផ្លូវ​ដែល​កំពុង​ជួសជុល​នេះ មាន​ប្រវែង​សរុប ១ ០៨៣ ម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ចំណុច​មុខ​មន្ទីរ​វប្ប​ធ​ម៍​ខេត្ត រហូត​ដល់​ចំណុច​ផ្លូវកែង​បំបែក​ចូល​ទឹកជ្រោះ​ដំណាក់​ស្តេច ។
លោក​​បាន​បញ្ជាក់​ថា សកម្មភាព​ការងារ​ដែល​ក្រុមការងារ​កំពុង​អនុវត្ត​យ៉ាង​សកម្ម​រួម​មាន ការ​ប៉ះ​សំបុកមាន់ និង​សម្អាត​ចិញ្ចើម​ផ្លូវ​ឱ្យ​មាន​សណ្តាប់ធ្នាប់​។​ការ​ឈូស​ឆាយ បង្ក្រាប​ដី​និង​សម្រួល​កម្រិត​ផ្ទៃ​ផ្លូវ​ឱ្យ​ស្មើ​ល្អ​។

​ការ​ចាក់​ដី ថ្ម​បំពេញ ត្រង់​ចំណុច​ដែល​រង​ការ​បាក់​ស្រុត ឬ​ក្រឡុក​ជង្ហុក​ធ្ងន់ធ្ងរ ដែល​បង្ក​ឡើង​ដោយ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​។​ការ​ស្រោច​កៅស៊ូ (DBST) នឹង​ត្រូវ​អនុវត្ត​បន្ទាប់​ពី​ការ​សម្រួល​ផ្ទៃ​ផ្លូវ​រួចរាល់ ដើម្បី​ធានា​បាន​នូវ​ភាពរឹងមាំ និង​ការ​ប្រើប្រាស់​បាន​យូរអង្វែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ