ខេត្តកំពង់ចាម ៖ ក្រោយពីរដ្ឋបាលខេត្តបានបន្តឹងលើវិន័យនៃការដេញថ្លៃគម្រោងស្ថាបនាផ្លូវការស្ដារប្រឡាយនានាឃើញថា សកម្មភាពមានការគោរពវិន័យបានល្អ ។ ជាក់ស្ដែងនៅសាលាឃុំសូសែន្យ ស្រុកព្រៃឈរនាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ បានដាក់ឲ្យដេញថ្លៃស្ដារប្រឡាយមួយខ្សែប្រវែង៥២០០ម៉ែត្រតម្លៃដាក់ឲ្យដេញថ្លៃជាង ១៧៨លានរៀល ក្នុងនោះមានក្រុមហ៊ុនចំនួន ១៥ បានចូលរួមប្រកួតប្រជែងការដេញថ្លៃ គឺមានការចុះច្រើនលើសពី ៥០% ទៅទៀតកត្តានេះអាជ្ញាធរមានការព្រួយបារម្ភពីគុណភាព ។
លោក យុន ហេង មេឃុំស្ដីទីឃុំសូសែន្យមានប្រសាសន៍ឲ្យដឹងថា ដោយសារតែប្រឡាយមួយខ្សែនៅចម្ងាយប្រមាណ ៥០០ម៉ែត្រពីសាលាឃុំ ដែលផ្ដល់អត្ថប្រយោជន៍គឺមានទឹកសម្រាប់ស្រោចស្រពដំណាំស្រូវក្នុងរដូវវស្សា ។ តែប្រឡាយនេះរាក់ ដូច្នេះអាជ្ញាធរឃុំបានពិភាក្សាជាមួយក្រុមប្រឹក្សាឃុំទាំងអស់ដោយសម្រេចធ្វើការស្ដារប្រឡាយប្រវែងជាង ៥០០០ម៉ែត្រ ហើយត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃនៅសាលាឃុំសូសែន្យ ។ ជាមួយនោះមានកម្លាំងនគរបាលព្រមទាំងប្រជាការពារបានរៀបចំសណ្ដាប់ធ្នាប់ការដេញថ្លៃគឺក្រុមហ៊ុនដែលមកចូលរួមដេញថ្លៃគឺមានសកម្មភាពគោរពវិន័យបានល្អ ។
លោកមេឃុំរូបនេះបានបន្តឲ្យដឹងទៀតថា សម្រាប់តម្លៃដាក់ឲ្យដេញថ្លៃជាង ១៧៨លានរៀល ក្នុងនោះគេឃើញមានក្រុមហ៊ុនជាច្រើននៅក្នុងខេត្តកំពង់ចាម សៀមរាប រតនគិរី ព្រមទាំងបណ្ដាខេត្តមួយចំនួនទៀតបានមកចូលរួមដេញថ្លៃ គឺមានការប្រកួតប្រជែងយកឈ្នះចាញ់រៀងៗខ្លួនក្នុងនោះក្រុមហ៊ុនដែលដាក់ថ្លៃទាបជាងគេបានទៅលើក្រុមហ៊ុន កេត សុខគាង ក្នុងតម្លៃ ៧០លានរៀល ។ ហើយការស្ដារប្រឡាយនេះមានទទឹង ៥ម៉ែត្រ ជម្រៅ ៤,៥០ម៉ែត្រ បាតក្រោម ២ម៉ែត្រ ។
សូមបញ្ជាក់ថា ការដេញថ្លៃនេះចុះច្រើនលើស ៥០% ទៅទៀតជាមួយនោះអាជ្ញាធរមូលដ្ឋានមានការព្រួយបារម្ភពីគុណភាព តែក្រុមហ៊ុនដែលដេញបាននេះធ្លាប់មានបទពិសោធន៍ស្ថាបនាផ្លូវនានាក្នុងឃុំរបស់លោកបានជាបន្តបន្ទាប់ព្រោះមានគ្រឿងចក្រដោយផ្ទាល់ខ្លួនតែម្ដង ។ ហើយការបញ្ចុះនេះគេអាចគណនាពីតម្លៃមួយនេះគឺអាចមិនខាត គាត់ថា ព្រោះមានបទពិសោធន៍រួចទៅហើយ ។ តែអាជ្ញាធរឃុំបានប្រឡាយថា បើការស្ដារប្រឡាយមិនត្រឹមត្រូវតាមបច្ចេកទេសនៅក្នុងសៀវភៅគឺមិនទទួលយក ។
លោក កេត សុខគាង ម្ចាស់ក្រុមហ៊ុនដែលដេញថ្លៃបាន ប្រាប់តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ ថា ចំពោះតម្លៃដែលរូបលោកដេញបាននេះតាមការគណនាមើលឃើញថា បានចំណេញតិចតួច ព្រោះថាបានទិញប្រេងតាំងពីនៅថោកស្តុកទុកសម្រាប់ប្រើប្រាស់ ណាមួយមានគ្រឿងចក្រផ្ទាល់ខ្លួនទៀត ដូច្នេះមិនចោទជាបញ្ហានោះទេ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ