ទីក្រុងប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង ថ្លែងថាច្រកសមុទ្រហ័រម៉ូសគួរណាស់បន្តបើកដំណើរការជាប្រក្រតី។ លោកថ្លែងដូច្នេះនៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ប៊ីនសាល់ម៉ាន់។ ពាក់ព័ន្ធនឹងសភាពការណ៍នៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រពែក្ស លោកស៊ីជីនពីងសង្កត់ធ្ងន់ថាប្រទេសចិនសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងបិទបញ្ចប់អរិភាព គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារសន្តិភាពឡើងវិញ និងប្ដេជ្ញាដោះស្រាយជម្លោះតាមផ្លូវនយោបាយ និងការទូត។

លោកស៊ីថ្លែងថាការបើកដំណើរការជាប្រក្រតីនៃច្រកសមុទ្រហ័រម៉ូសផ្ដល់នូវផលប្រយោជន៍រួមសម្រាប់បណ្ដាប្រទេសនានានៅក្នុងតំបន់ផង និងសហគមន៍អន្តរជាតិផង។ ប្រទេសចិនគាំទ្រឱ្យបណ្ដាប្រទេសនៅក្នុងតំបន់ខិតខំកសាងសហគមន៍រួមប្រកបដោយទំនាក់ទំនងល្អនឹងគ្នា ការអភិវឌ្ឍ សន្តិសុខ និងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។ នេះជាលើកទីមួយដែលថ្នាក់ដឹកនាំចិនមានសារនយោបាយពាក់ព័ន្ធនឹងវិបត្តិនៅមជ្ឈិមបូព៌ា ហើយអំពាវនាវឱ្យបើកច្រកសមុទ្រហ័រម៉ូសឡើងវិញដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនទំនិញចេញពីតំបន់មជ្ឈិមបូព៌ា។ ថ្នាក់ដឹកនាំចិនរូបនេះចង់គូសបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំងរក្សាជំហរកណ្ដាលនៅក្នុងជម្លោះរវាងអាមេរិក-អ៊ីស្រាអែល ទល់នឹងប្រទេសអ៊ីរ៉ង់។

ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំរបស់បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រ ហើយក៏ជាប្រទេសដែលទិញប្រេងឆៅដ៏ច្រើនពីប្រទេសអ៊ីរ៉ង់ផងដែរ។ ប្រេងទាំងនោះដឹកកាត់ច្រកហ័រម៉ូស។ ដោយសារការបិទច្រកហ័រម៉ូសនេះធ្វើឱ្យការដឹកជញ្ជូនប្រេងឆៅត្រូវជាប់គាំង។ កប៉ាល់រាប់រយ រាប់ពាន់គ្រឿងត្រូវឈប់សំចតនៅមួយកន្លែង។ កាលពីម្សិលមិញ គ្រាន់តែកប៉ាល់២គ្រឿងបើកកាត់ច្រកនោះត្រូវយោធាអ៊ីរ៉ង់បាញ់ឆេះ។

អ៊ីរ៉ង់មុនដំបូងប្រកាសថាខ្លួននឹងបើកច្រកនេះនៅអំឡុងពេលអនុវត្តបទឈប់បាញ់រយៈពេល២សប្ដាហ៍។ ប៉ុន្តែក្រោយមកប្រកាសបិទវិញដោយលើកហេតុផលថាអាមេរិកក្បត់សន្យា និងបន្តបិទខ្ទប់ដែនសមុទ្ររបស់ខ្លួនមិនឱ្យកប៉ាល់ចេញចូលបាន។ មិនតែប៉ុណ្ណោះ អាមេរិកស្ទាក់ចាប់កប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៊ីរ៉ង់ឈ្មោះទូស្កា (Touska)។ អាមេរិកថាបើចង់ឱ្យខ្លួនបិទបញ្ចប់ការបិទខ្ទប់លុះត្រាតែអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមុនសិន។ ដូច្នេះឃើញថាបញ្ហាវាហាក់ដូចជាប្រទាញប្រទង់គ្នា។ ភាគីម្ខាងៗសាចទឹកដាក់គ្នាទៅវិញទៅមក៕ ប្រភព៖ ស៊ីនហួ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ