ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់ថ្លែងថាខ្លួនគ្មានគម្រោងចូលតុចរចាគ្នានៅប្រទេសប៉ាគីស្ថានទេ ខណៈដែលអាមេរិកបានចាត់គណៈប្រតិភូទៅទីនោះហើយ។ អ៊ីរ៉ង់ប្រកាសដូច្នេះបន្ទាប់ពីអាមេរិកទើបតែស្ទាក់ចាប់កប៉ាល់ដឹកទំនិញរបស់ខ្លួនមួយគ្រឿងក្រោមហេតុផលថាកប៉ាល់នោះធ្វើខុសពីគោលការណ៍របស់អាមេរិកដែលកំពុងបិទខ្ទប់កំពង់ផែអ៊ីរ៉ង់មិនឱ្យកប៉ាល់បើកចេញចូលបានឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកអេស្មាអែល បាហ្កាអ៊ី (Esmail Baghaei) ថ្លែងថាអ៊ីរ៉ង់គ្មានគម្រោងចូលតុចរចាជាថ្មីទេព្រោះអាមេរិកបានរំលោភកិច្ចព្រមព្រៀង។ អ្នកនាំពាក្យរូបនេះក៏ឆ្លៀតនិយាយរំលឹកទៅដល់ព្រឹត្តិការណ៍ពីអតីតកាលដែលអាមេរិក និងអ៊ីរ៉ង់កំពុងចរចាគ្នាសុខៗ អាមេរិកនៅឆ្លៀតវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងក្លា។ លោកថាអ៊ីរ៉ង់មិនអាចបំភ្លេចរឿងទាំងនេះបានឡើយ។

អ្នកនាំពាក្យរូបនេះថ្លែងបន្តទៀតថាផែនការសន្តិភាពរបស់អាមេរិកហាក់ដូចជាគ្មានភាពហ្មត់ចត់ទាល់តែសោះ។ ការកំណត់លក្ខខណ្ឌទៀតសោតក៏គ្មានភាពប្រាកដនិយមដែរ។ ថ្មីៗនេះ លោកដូណាល់ត្រាំព្រមានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រសិនបើអ៊ីរ៉ង់មិនទទួលយកលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះទេ។ លោកថ្លែងប្រាប់ទូរទស្សន៍ហ្វក់ (Fox) ថាលក្ខខណ្ឌរបស់អាមេរិកមានភាពយុត្តិធម៌ និងសមហេតុផលបំផុត។ ក្នុងនោះក៏មាននិយាយអំពីការបើកច្រកសមុទ្រហ័រម៉ូស និងការមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។

លោកថាបើអ៊ីរ៉ង់មិនទទួលយកកិច្ចព្រមព្រៀងនេះទេ លោកនឹងវាយប្រហាររោងចក្រអគ្គិសនី និងស្ពានគ្រប់កន្លែងទូទាំងប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់មិនទទួលយកលក្ខខណ្ឌទាំងនោះទេ និងចាត់ទុកថានោះជាការទាមទារជ្រុលហួសហេតុពេក។ ប្រទេសចិនក៏បញ្ចេញប្រតិកម្មចំពោះការចាប់កប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់ផងដែរ។ អ្នកនាំពាក្យចិនចាត់ទុកថានេះជាការប្រើកម្លាំងទាំងបំពានក្នុងការឃាត់ទុកកប៉ាល់ឈ្មោះទូស្កា (Touska) ដែលដោតទង់ជាតិអ៊ីរ៉ង់៕ ប្រភព៖ The Guardian និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ