ជប៉ុន ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់សាធារណជន ជាពិសេសបងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ នៅឆ្នេរសមុទ្រ Sanriku នៃខេត្ត Aomori, Hokkaido និងខេត្ត Iwate ។
តាមរយៈសេចក្តីជូនដំណឹងនៅយប់ថ្ងៃទី២០ ខែមេសានេះក្រសួងបានឱ្យដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៤:៥៣នាទីរសៀល (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ នៅឆ្នេរសមុទ្រ Sanriku នៃខេត្ត Aomori, Hokkaido និងខេត្ត Iwate។ ករណីនេះ អាជ្ញាធរជប៉ុនបានប្រកាសអាសន្នអំពីលទ្ធភាពនៃការកើតឡើងនូវរលកយក្សស៊ូណាមិកម្ពស់រហូតដល់ ៣ម៉ែត្រ នៅខេត្តទាំង ៣ខាងលើ និងកម្ពស់ដល់ ១ ម៉ែត្រនៅស្រុកមួយចំនួនក្នុងខេត្ត Miyagi, Fukushima, Ibaraki និងខេត្ត Chiba ផងដែរ ។
ក្រសួងបញ្ជាក់ថា៖«បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន» ។
ក្រសួងការងារអះអាងថា កំពុងតាមដានស្ថានការណ៍វិវត្តន៍នៃករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាបងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព ។
បើតាមសេចក្តីជូនដំណឹងដដែលនោះ ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលរងផលប៉ះពាល់ ឬមានសំណួរ សូមទំនាក់ទំនងអនុព័ន្ធការងារ (ទូរស័ព្ទលេខ៖ ០៨០ ៣៣៦២ ៦១៦៨) ឬស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន (ទំព័រ Facebook៖ Royal Embassy of Cambodia in Japan ឬ ទូរស័ព្ទលេខ៖ ០៨០ ៤៦៨៩ ៩៣៧៤) ឬ នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ទំព័រ Facebook៖ ការិយាល័យរកការឱ្យធ្វើនៅបរទេសទី៣-Japan Office ឬ ទូរស័ព្ទលេខ៖+៨៥៥ ៨៩ ៩៥៧ ៧៨៩) ឬ ក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមានតំណភ្ជាប់ https://t.me/KhmerMigrantWorker ៕





ចែករំលែកព័តមាននេះ