ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន កាលពីថ្ងៃទី១២ សីហា បានគំរាមតបចំពោះបណ្ដាប្រទេសដែលចាប់
នាវាដែលពួកលោកខាងលិច ហៅថា កងនាវាខ្មោច ដឹកប្រេងនិងទំនិញសម្រាប់ពង្វាងទណ្ឌកម្មពួកលោកខាងលិច ។ ការគំរាមនោះ ត្រូវបានធ្វើពេលលោកទៅទស្សនាសមយុទ្ធរបស់កងនាវាចរណ៍ប៉ាស៊ីហ្វិករបស់រុស្ស៊ី ។ លោកលើកពីលទ្ធភាពចាប់ និងលក់ឡាយឡុងទ្រព្យសម្បត្តិដឹកដោយកងនាវាខ្មោចរុស្ស៊ី ។

ដោយហៅសកម្មភាពទាំងនោះថា ជាសកម្មភាពចោរសមុទ្រ និងអំពើប្លន់ លោកពូទីនថ្លែងថា ប្រសិនបើមានរឿងបែបនេះ នោះរុស្ស៊ីនឹងតបតវិញប្រហាក់ប្រហែលគ្នានោះដែរ បើយល់ថា ចាំបាច់និងសមស្របទោះជានៅទីណា រួមទាំងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ។
សហភាពអឺរ៉ុបបានអនុញ្ញាតឲ្យលក់ ទ្រព្យសម្បត្តិក្នុងបណ្ដានាវាខ្មោចរបស់រុស្ស៊ីដែលចាប់បាន ។ ពេលនេះ លោកពូទីនបានចេញមុខគំរាមដល់គ្រប់ប្រទេសទាំងអស់ដែលប៉ុនប៉ង ធ្វើតាមទណ្ឌកម្មថ្មីៗរបស់សហភាពអឺរ៉ុបសម្រេចកាលពីដំណាច់ខែកក្កដា ដែលបើកផ្លូវដល់ការលក់ប្រេង ឬបណ្ដាទំនិញដែលដឹកលើបណ្ដានាវាដែលចាប់ សង្ស័យជានាវាខ្មោចរបស់រុស្ស៊ី ។
មកទល់ពេលនេះ មានតែប្រទេសស៊ុយអែតមួយទេ ដែលសម្រេចប្រគល់ដល់អ៊ុយក្រែននូវនាវាកាហ្គោមួយស្ថិតក្នុងកងនាវាខ្មោច រុស្ស៊ី ដែលខ្លួនចាប់កាលពីដើមខែមីនា ហើយដែលតាមក្រុងគៀវថា ដឹកស្រូវសាលីអ៊ុយក្រែនដែលលួចយកពីបណ្ដាដែនដីរុស្ស៊ីកាន់កាប់ ។ បារាំងក៏ធ្លាប់បានចាប់នាវាខ្មោចរុស្ស៊ី ដែលដឹកប្រេង២ដែរ ដោយនាវាដឹកប្រេងមួយទើបចាប់កាលពីថ្ងៃទី៣១ឧសភានៅមហាសមុទ្រអត្លង់ទិក ៕

ចែករំលែកព័តមាននេះ