ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​រាត្រី​ឥណ្ឌូ​នេ​ស៊ី​ នឹង​ត្រឡប់​មក​វិញ​នៅ​ខែមេសា​នេះ អ្នកចូល​ទស្សនា​នឹងបាន​ស្វែង​យល់​ពី​វប្បធម៌ និង​ភាព​សម្បូរ​បែប​នៃ​ម្ហូបអាហារ​បែប «Nusantara»

45 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​២០ ខែមេសា ឆ្នាំ​ ២០២៦ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​កាលពី​ឆ្នាំ​មុន ស្ថានទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី នឹង​រៀបចំ​កម្មវិធី…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​២០ ខែមេសា ឆ្នាំ​ ២០២៦ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​កាលពី​ឆ្នាំ​មុន ស្ថានទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី នឹង​រៀបចំ​កម្មវិធី «​ផ្សារ​រាត្រី​ឥណ្ឌូ​នេ​ស៊ី​» (Phsaar Reatrei Indonesia / Pasar Malam Indonesia) សារ​ជា​ថ្មី​ម្តងទៀត នៅ​វិ​ថី​ដើរ​ថ្មើរជើង​ចតុមុខ (Chaktomuk Walk Street) ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី ​២៥-២៦ ខែមេសា ឆ្នាំ ​២០២៦​ ខាងមុខនេះ ។​

​ផ្សារ​រាត្រី​ឥណ្ឌូ​នេ​ស៊ី គឺជា​កម្មវិធី​ដ៏​សំខាន់​មួយ​របស់​ស្ថានទូត ក្នុង​គោលបំណង​ជំរុញ​សេដ្ឋកិច្ច និង​វប្បធម៌​ឱ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ ។ ការ​រៀបចំ​នៅ​វិ​ថី​ដើរ​ថ្មើរជើង​ចតុមុខ ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌ និង​ទេសចរណ៍​ដ៏​លេចធ្លោ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នឹង​ធ្វើ​ឱ្យ​កម្មវិធី​នេះ​ក្លាយជា​ទីកន្លែង​សម្រាប់​មនុស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន អាច​មក​ជួបជុំ​គ្នា​ដើម្បី​រីករាយ​ជាមួយ​បរិយាកាស​បុណ្យ​ទាន និង​វប្បធម៌​ដ៏​សម្បូរ​បែប​នា​ចុង​ស​ប្តា​ហ៍​ ។​

​ចំណែកភ្ញៀវដែល​ចូល​ទស្សនា​នឹង​មានឱកាស ភ្លក្ស​រសជាតិ​ម្ហូបអាហារ​ឥណ្ឌូ​នេ​ស៊ី​ដើម​ពិត​ៗ ​។​ ទស្សនា និង​ជ្រើសរើស​សម្លៀក​បំពាក់​បាទី​ក (Batik)​ ។​ ទិញ​ទំនិញប្រើប្រាស់​ផ្សេង​ៗ​របស់​ឥណ្ឌូ​នេ​ស៊ី​ ។​ ទស្សនាការ​សម្តែង​តន្ត្រី និង​របាំ​ប្រពៃណី​ដ៏​រស់​រវើក​ក្នុង​រាត្រី​វប្បធម៌​។​

​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ផ្សារ​រាត្រី​ឆ្នាំ​នេះ ភោជនីយដ្ឋាន​ឥណ្ឌូ​នេ​ស៊ី​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​នឹង​ត្រូវ​ទទួល​បាន​វិញ្ញាបនបត្រ «Duta Rasa Nusantara» ផង​ដែរ​។ នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ក្នុង​ការ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ម្ហូបអាហារ​ដ៏​សម្បូរ​បែប​របស់​ឥណ្ឌូ​នេ​ស៊ី តាម​រយៈ​ការ​បម្រើ​អាហារ​ដែល​មាន​រសជាតិ​ដើម ​។​

​កម្មវិធី​ផ្សារ​រាត្រី​ឥណ្ឌូ​នេ​ស៊ី ក៏​នឹង​មានការ​ចូលរួម​សម្តែង​ពី​សំណាក់​តារាចម្រៀង «Dangdut» ឥណ្ឌូ​នេ​ស៊ី កញ្ញា Fire Amanda, DJ Osvaldo Nugroho, តារាចម្រៀង​ចាស (Jazz) ឥណ្ឌូ​នេ​ស៊ី​ដែល​រស់នៅ​កម្ពុជា អ្នកស្រី Intan Andriana និង​វង់​តន្ត្រី​ក្នុងស្រុក Crazy Mix Band​ ។​

​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​ទីក្រុង​ភ្នំពេញ សង្ឃឹមថា​ផ្សារ​រាត្រី​ឥណ្ឌូ​នេ​ស៊ី នឹង​ក្លាយជា​និមិត្តរូប​នៃ​ចំណង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​រវាង​ឥណ្ឌូ​នេ​ស៊ី និង​កម្ពុជា ​។ បន្ថែម​ពី​នេះ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ មាន​បំណង​បង្ហាញ​ពី​ភាព​ធន់ និង​ការ​រួម​សហការ​គ្នា​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​សកល​នា​ពេល​បច្ចុប្បន្ន​ ។​

​ក្នុង​ត្រីមាស​ទី ​១ នៃ​ឆ្នាំ​ ២០២៦ ឥណ្ឌូ​នេ​ស៊ី​បាន​កត់ត្រា​នូវ​ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​មក​កាន់​កម្ពុជា​ចំនួន ៦.៦% ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​តម្លៃ​ស្មើនឹង ២៧៤.៩ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឱ្យ​ឥណ្ឌូ​នេ​ស៊ី​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​លំដាប់​ទី ​៩ របស់​កម្ពុជា ​។ ផលិតផល​ដែល​ឥណ្ឌូ​នេ​ស៊ី​នាំ​ចេញ​មក​កម្ពុជា​ច្រើន​ជាងគេ​រួម​មាន ​៖ ធ្យូងថ្ម​, បារី​, មី​/​ប៉ា​ស្តា​, ម៉ូតូ និង​ឱសថ​ផ្សេង​ៗ​ ។​

​ចំពោះ​វិស័យ​ទេសចរណ៍ ក្នុង​ឆ្នាំ​កន្លង​ទៅមាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូ​នេ​ស៊ី​ជាង ៥០,០០០ នាក់ បាន​មក​កម្សាន្ត​នៅ​កម្ពុជា ​។ ផ្ទុយ​ទៅ​វិញ មាន​ភ្ញៀវ​ទេសចរ​កម្ពុជា​ជិត ១១,០០០ នាក់ បាន​ទៅ​ទស្សនា​ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​ឆ្នាំ​ដដែល​នោះដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ