ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់បាញ់តែមាត់! អ៊ីស្រាអែលគូសខ្សែបន្ទាត់ក្រហម លេបដីភាគខាងត្បូងលីបង់

13 ម៉ោង មុន

ទីក្រុងបេរូត៖ ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ១០ ថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកំពុងដំណើរការក៏ដោយ ក៏នៅថ្ងៃចន្ទនេះ កងទ័ពអ៊ីស្រាអែលបានបង្ហាញមហិច្ឆតាក្នុងការរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនកាន់តែខ្លាំង ដោយបានប្រកាសបង្កើតតំបន់ទ្រនាប់យោធាដែលមានជម្រៅពី ៥ ទៅ…

ទីក្រុងបេរូត៖ ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ១០ ថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកំពុងដំណើរការក៏ដោយ ក៏នៅថ្ងៃចន្ទនេះ កងទ័ពអ៊ីស្រាអែលបានបង្ហាញមហិច្ឆតាក្នុងការរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនកាន់តែខ្លាំង ដោយបានប្រកាសបង្កើតតំបន់ទ្រនាប់យោធាដែលមានជម្រៅពី ៥ ទៅ ១០ គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមេសានេះ។

កងទ័ពអ៊ីស្រាអែលបានចេញផ្សាយផែនទីដែលមានខ្សែបន្ទាត់ក្រហមកាត់ភូមិចំនួន ២១ និងបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ហាមឃាត់ប្រជាជននៅក្នុងភូមិជាង ៥០ ផ្សេងទៀត មិនឱ្យត្រឡប់ទៅលំនៅឋានវិញឡើយ ដោយអះអាងថាកងទ័ពរបស់ខ្លួនត្រូវបន្តរក្សាទីតាំងដើម្បីទប់ទល់នឹងសកម្មភាពរបស់ក្រុម Hezbollah ដែលការណ៍នេះបានធ្វើឱ្យបទឈប់បាញ់ដែលពិភពលោកកំពុងរំពឹងទុក ក្លាយជាសភាពផុយស្រួយបំផុត និងហាក់ដូចជាការកាន់កាប់ទឹកដីថ្មីមួយសម្រាប់អ៊ីស្រាអែល។

ស្របពេលជាមួយគ្នានេះ ភាពតានតឹងនៅលើសមរភូមិជាក់ស្តែងមិនទាន់រលត់បាត់ទៅណានៅឡើយទេ ដោយក្រុម Hezbollah បានប្រកាសពីការវាយបកដោយបំផ្ទុះគ្រាប់មីនកម្ទេចរថក្រោះអ៊ីស្រាអែលចំនួន ៤ គ្រឿង ខណៈយោធាអ៊ីស្រាអែលក៏បានទទួលស្គាល់ពីការបាត់បង់ជីវិតទាហានម្នាក់ និងរបួស ៩ នាក់ នៅក្នុងការប្រយុទ្ធគ្នាដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ។ សូម្បីតែមន្ត្រីជាន់ខ្ពស់របស់ក្រុម Hezbollah និងអាជ្ញាធរមូលដ្ឋានលីបង់ ក៏បានទទូចឱ្យប្រជាជនភៀសខ្លួនជាង ១.២ លាននាក់ បន្តស្នាក់នៅឆ្ងាយពីផ្ទះសម្បែងរបស់ខ្លួនសិនដែរ ដោយសារតែហានិភ័យនៃការវាយប្រហារ និងវត្តមានយោធាអ៊ីស្រាអែលដែលកំពុងកាន់កាប់តំបន់យុទ្ធសាស្ត្ររហូតដល់ទន្លេ Litani កំពុងប្រែក្លាយតំបន់ភាគខាងត្បូងលីបង់ឱ្យទៅជាសមរភូមិដែលត្រៀមផ្ទុះអាវុធឡើងវិញគ្រប់វិនាទី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ