រដ្ឋមន្រ្តីឲ្យគ្រូពេទ្យ លើកកម្ពស់ការប្រុងប្រយ័ត្នមេរោគឆ្លងពីសត្វ
- ភ្នំពេញ
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែមេសា កាលពីថ្ងៃទី២០ ខែ មេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថានជាពិសេស គឺករណីឆ្លងមេរោគពីសត្វ ។

លោករដ្ឋមន្ត្រី បានគូសរំលេចនូវការងារអាទិភាព បន្ទាប់ពីកិច្ចប្រជុំនៅប្រទេសបារាំង ក្រោមប្រធានបទសុខភាពតែមួយ ដែលផ្តោតសំខាន់ៗលើសុខភាពមនុស្ស សត្វ និងបរិស្ថាន។
លោកបានបន្តថា សុខភាពតែមួយ ផ្សារភ្ជាប់ជាមួយប្រធានបទសំខាន់ៗ សត្វផ្ទុកមេរោគ អាចចម្លងមកមនុស្ស និងភ្នាក់ងារចម្លងជំងឺ, ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ, សុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ ដោយការបំពុលនានាដែលក្រុមគ្រូពេទ្យត្រូវយកចិត្តទុកខ្ពស់ ដើម្បីពង្រឹងការការពារ ប្រសើរជាងព្យាបាល ។

លោក រដ្ឋមន្ត្រី បានណែនាំឱ្យមានការសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីជំរុញ និងធានាបាននូវតុល្យភាព ការអភិវឌ្ឍប្រកបដោយចីរភាព រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន។
លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលត្រូវបង្កើតសកម្មភាពអប់រំផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងពីការអប់រំដល់ប្រជាពលរដ្ឋពី សុវត្ថិភាពចំណីអាហារ និងវិធីសាស្ត្រការពារជំងឺឆ្លងនានា។
មកដល់ពេលនេះ មេរោគ និងបាក់តេរីឆ្លងពីសត្វបានបង្កជំងឺជាច្រើនប្រភេទ ដូចជាមេរោគកូវីដ១៩, នីប៉ាស ក៏ដូចជាអេបូឡា ត្រូវបានគេជឿថា វាឆ្លងពីសត្វប្រចៀវ គ្រុនផ្តាសាយបក្សីឆ្លងពីបក្សី ឆ្កែឆ្កួតឆ្លងពីឆ្កែ ឫថនិកសត្វដែលផ្ទុកមេរោគ ជាដើម ។
ចែករំលែកព័តមាននេះ