ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមការងារ នាំយកថវិកា និងសម្ភារៈ ជាបឋម ផ្ដល់ជូន ប្រជាពលរដ្ឋ ៣៥គ្រួសារ ដែលរងខ្យល់កន្ត្រាក់ បានដួលរលំផ្ទះទាំងស្រុងនិងប៉ើងដំបូល នៅឃុំផ្លូវទូក ស្រុកកំពង់លែង។

ចំពោះប្រជាពលរដ្ឋចំនួន ៦គ្រួសារ ក្នុងចំណោម៣៥គ្រួសារ ដែលរងគ្រោះខ្យល់កន្ត្រាក់រលំដួលផ្ទះទាំងស្រុង បានទទួលការឩបត្ថម្ភពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

គួររំលឹកថា នៅវេលាម៉ោង ០និង៣០នាទី រំលងអធ្រាតហ៊ានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦មានករណីគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បោកបក់ បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង រងការខូចខាត សរុប៣៥ខ្នង និងមានមនុស្សរងរបួសធ្ងន់ស្រាលចំនួន៦នាក់ ស្រី០៣នាក់ (ក្នុងនោះស្ត្រី១នាក់របួសធ្ងន់) ។

ក្នុងនោះចំពោះភូមិពាមខ្នង រលំទាំងស្រុង ៦ ខ្នង , របើកដំបូលទាំងស្រុង ៥ ខ្នង , របើកស័ង្កសី ៦ខ្នង , និងបាក់ជើងធ្លាក់ដល់ដីចំនួន ២ខ្នង សរុប ២១ ខ្នង ។ ដោយឡែកនៅភូមិថ្នល់ឈើទាល រលំទាំងស្រុងចំនួន ២ខ្នង , របើកដំបូល ៣ខ្នង , និងរបើកស័ង្កសី អស់ចំនួន៨ ខ្នង សរុប១៤ខ្នង ។ ជារួមទាំង២ភូមិ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតក្នុងហេតុការខ្យល់កន្ត្រាក់ខាងលើនេះ សរុបចំនួន ៣៥ខ្នង ៕

ចែករំលែកព័តមាននេះ