ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទម្សិលមិញ បានចុះហត្ថលេខាលើអនុស្សរណៈប្រធានាធិបតីជាបន្តបន្ទាប់ ដោយសម្រេចអនុវត្តច្បាប់ផលិតកម្មការពារជាតិឆ្នាំ ១៩៥០ដើម្បីជំរុញការផ្គត់ផ្គង់ថាមពលក្នុងស្រុកយ៉ាងគំហុករវាងសង្រ្គាមអាម៉េរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២១ ខែមេសានេះ។
ការសម្រេចចិត្តដ៏សំខាន់នេះរបស់លោក ត្រាំ មានគោលបំណងធានាថាឧស្សាហកម្មក្នុងស្រុកអាចឆ្លើយតបទៅនឹងតម្រូវការការពារជាតិ និងដោះស្រាយបញ្ហាកង្វះខាតថាមពលដែលកំពុងគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចអាម៉េរិក។
បើតាមអនុស្សរណៈទាំង ៥ ដែលត្រូវបានចុះហត្ថលេខា រដ្ឋបាលលោក ត្រាំ នឹងផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើវិស័យយុទ្ធសាស្ត្រចំនួន ៥ រួមមាន ផលិតកម្មប្រេងក្នុងស្រុក ធ្យូងថ្ម ឧស្ម័នធម្មជាតិរាវ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី។ តាមរយៈការប្រើប្រាស់ច្បាប់សម័យសង្រ្គាមនេះ រដ្ឋាភិបាលសហព័ន្ធនឹងអាចផ្តល់មូលនិធិដោយផ្ទាល់ដល់គម្រោងថាមពលទ្រង់ទ្រាយធំជាច្រើន ចាប់ពីរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម រោងចក្រចម្រាញ់ប្រេង រហូតដល់ការផលិតឧបករណ៍អគ្គិសនីសំខាន់ៗ ដែលកំពុងជួបប្រទះការខ្វះខាតយ៉ាងខ្លាំង។
ការប្រើប្រាស់អំណាចពិសេសរបស់ប្រធានាធិបតីនាពេលនេះ កើតឡើងក្នុងខណៈដែលរដ្ឋបាលលោក ត្រាំ កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ និងតម្លៃអគ្គិសនី ដែលបានហក់ឡើងខ្ពស់ដោយសារឥទ្ធិពលនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ ច្បាប់ផលិតកម្មការពារជាតិឆ្នាំ ១៩៥០ នេះ គឺជាឧបករណ៍ដ៏មានអានុភាពដែលផ្តល់សិទ្ធិឱ្យប្រធានាធិបតីអាចបញ្ជាឱ្យក្រុមហ៊ុនឯកជនផ្តល់អាទិភាពដល់កិច្ចសន្យារបស់រដ្ឋាភិបាល និងបង្កើនសមត្ថភាពផលិតកម្ម ដើម្បីការពារសន្តិសុខជាតិនៅក្នុងកាលៈទេសៈបន្ទាន់បែបនេះ៕
ចែករំលែកព័តមាននេះ