ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលបើកគោយន្តកន្ត្រៃថយក្រោយហើយបានទៅគៀបជាប់ជាមួយនិងសសររោងចិញ្ចឹមគោដោយខ្លួនឯងតែម្ដង។
ហេតុការណ៍បុរសវ័យចំណាស់បើកគោយន្តថយក្រោយគៀបជាប់សសររោងចិញ្ចឹមគោបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិច្រកឬស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឲ្យដឹងថាជនរងគ្រោះមានឈ្មោះ អិដ ភឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិច្រកឬស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជាជនរងគ្រោះខាងលើ បានបើកបរគោយន្តកន្ត្រៃ០១គ្រឿងម៉ាកហ៊ីណូតា ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ហើយបានបើកថយក្រោយពីទិសខាងត្បូងទៅទិសខាងជើងចេញពីរោងគោចិញ្ចឹមគោនៅក្នុងដីឡូត៍ផ្ទះរបស់ខ្លួន បានប្រហែល២ម៉ែត្រ ដៃរបស់គោយន្តកន្ត្រៃនោះបានគៀបអ្នកបើកបរផ្ទុបនឹងសសររោងចិញ្ចឹមគោ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាងនិងសមត្ថកិច្ចចុះពិនិត្យ ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ដឹងថា ក្រោយកើតហេតុនគរបាលបានចុះទៅដល់កន្លែងកើតហេតុសពបុរសចំណាស់ពិតជាបានស្លាប់ដោយគៀបជាប់សសររោងគោខ្លួនឯងពិតប្រាកដមែន នគរបាលជំនាញបានប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




ចែករំលែកព័តមាននេះ