រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងនាំខ្លួនបុរសម្នាក់មកធ្វើការអប់រំ ក្រោយពីមានសកម្មភាពមិនប្រក្រតី ដើរថតស្លាកលេខម៉ូតូរបស់ប្រជាពលរដ្ឋទាំងយប់ដោយគ្មានមូលហេតុ ។
ជាក់ស្តែងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសនាព្រឹកថ្ងៃទី២២ ខែមេសានេះថា ៖ បុរសម្នាក់ដែលកាន់វិទ្យុទាក់ទង ក្នុងចំណោមបក្ខពួក២នាក់ ស្លៀកស៊ីវិល ធ្វើសកម្មភាពដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋ គ្មានមូលហេតុ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២២ និង ០០នាទី នៅចំណុចផ្លូវតាកន ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នាំយកមកសួរនាំ និងដកហូតវិទ្យុទាក់ទង១គ្រឿង យកមករក្សាទុក ។
សមត្ថកិច្ចបានធ្វើការអប់រំ ធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅ សកម្មភាពបែបនេះ បង្កឲ្យប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ និងប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។
ចំពោះបុរសខាងលើនេះមានឈ្មោះ ហេង ទន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្វែងរក ដើម្បីនាំយកមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ៕
ចែករំលែកព័តមាននេះ