បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរងទទួលផែន ការិយាល័យនគរបាលទេសចរណ៍ និងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា ករណីក្មេងប្រុស-ស្រីលង់ទឹកសមុទ្រនៅឆ្នេរកោះពស់កាលពីរសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២៦ កន្លងមកថ្មីៗនេះមានចំនួន៤នាក់ក្នុងនោះ១នាក់ (ស្លាប់) និង៣ នាក់ ទៀតបានជួយសង្គ្រោះទាន់ពេលវេលាមិនបណ្តាលឲ្យបាត់បង់ជីវិត) ។
ហេតុការណ៍ក្មេងប្រុស, ស្រីទាំង៤នាក់លង់ទឹកខាងលើ បានកើតឡើងនៅវេលាម៉ោង ១២ និង ១៥ នាទី ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយឆ្នេរកោះពស់ក្នុងក្រុមទី ៩ ភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពខាងលើបានបញ្ជាក់ថាក្មេងប្រុស-ស្រី ដែលលង់ទឹកនៅឆ្នេរសមុទ្រកោះពស់ខាងលើមានឈ្មោះដូចខាងក្រោនេះ ៖
១-ឈ្មោះ ផល សីហា ភេទប្រុស អាយុ៧ ឆ្នាំ មានស្រុកកំណើត ភូមិរលូន ឃុំបឹងត្រាំងខាងជើង ស្រុកសំរោង ខេត្តតាកែវ (ស្លាប់)។
២-ឈ្មោះ ជួន សុវណ្ណមករា ភេទប្រុស អាយុ ៥ ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
៣-ឈ្មោះ ជួន សុវណ្ណបញ្ញា ភេទស្រី អាយុ ៧ ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
៤-ឈ្មោះ ជួន សុវណ្ណនីតា ភេទស្រី អាយុ ១០ ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ។
បើតាមការបញ្ជាក់របស់ឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុស-ស្រីទាំង ៤ នាក់ខាងលើ បានរត់លេង និងចុះលេងទឹកសមុទ្រប្រហែល៧ នាទី ក៏លង់ទឹកតែម្តង។
ចំណែកក្មេងប្រុសដែលស្លាប់បាត់បង់ជីវិត ចំនួន ១ នាក់ តាមការបញ្ជាក់របស់ឪពុកម្តាយ បានឲ្យដឹងថា ក្មេងប្រុសនោះបានលិចទឹកសមុទ្រប្រហែល ២០ នាទី ទើបរកឃើញ។
ក្រោយកើតហេតុ ក្មេងរងគ្រោះប្រុស-ស្រីទាំងអស់ខាងលើ ត្រូវបានក្រុមគ្រួសារ និងឪពុកម្តាយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕


ចែករំលែកព័តមាននេះ