ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភៀស​សឹក​ជាង​៦​សែន​១​ម៉ឺន​នាក់ ឬ​ជាង​៩៤%​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង​៦​សែន​៤​ម៉ឺន​នាក់ មាន​ជាង​៦​សែន​១​ម៉ឺន​នាក់ ឬ​ជាង​៩៤% បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ នេះ​បើ​យោង​តាម​ក្រសួង​មហាផ្ទៃ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក ផល​ប៉ះពាល់​លើ​តំបន់​ស៊ី​វិល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង​៦​សែន​៤​ម៉ឺន​នាក់ មាន​ជាង​៦​សែន​១​ម៉ឺន​នាក់ ឬ​ជាង​៩៤% បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ នេះ​បើ​យោង​តាម​ក្រសួង​មហាផ្ទៃ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក ផល​ប៉ះពាល់​លើ​តំបន់​ស៊ី​វិល​កម្ពុជា គិត​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ របស់​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ចាប់តាំងពី​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ មក ភាគី​ថៃ​ពុំ​ទាន់​អនុវត្ត​ពេញលេញ​តាម​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ ពិសេស​លើក​ទី​៣​នៃ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅឡើយ​ទេ ។

ក្រសួងមហាផ្ទៃ​បាន​បន្ត​កត់​ត្រាទុក រាល់​សកម្មភាព​មិន​ស្មោះត្រង់​របស់​ភាគី​ថៃ ចំណាត់ការ​ផ្លូវច្បាប់ និង​ការទូត​របស់​រាជរដ្ឋាភិបាល ទន្ទឹម​គ្នា​នឹង​ការ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ និង​តំបន់​ស៊ី​វិល ដោយសារ​អំពើ​ឈ្លានពាន ជា​ពិសេស​ពលរដ្ឋ​ដែល​នៅ​ពុំ​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន ។

ក្នុង​ស្ថានភាព​នេះ ក្រសួងមហាផ្ទៃ សូម​ជូន​បច្ចុប្បន្នភាព​សភាពការណ៍​គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦​ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក មាន​ពលរដ្ឋ​ភៀស​សឹក​៩២​នាក់​បន្ថែម​ទៀត បាន​បន្ត​វិលត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​។ ដូច្នេះ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង​៦​សែន​៤​ម៉ឺន​នាក់ មាន​ជាង​៦​សែន​១​ម៉ឺន​នាក់ ឬ​ជាង​៩៤% បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​។ នៅ​មាន​ពលរដ្ឋ​ចំនួន​៣៤.៣៤៧​នាក់​ទៀត (​ស្ត្រី​១៧.៨១៨​នាក់ និង​កុមារ ១១.៤១៨​នាក់​) ពុំ​ទាន់​អាច​វិល​ទៅ​លំនៅ​ឋាន​វិញ ។

ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការ​បន្ត​ផ្អាក​សេវា​សាធារណៈ​ជា​មូលដ្ឋាន​៖ ខេត្តឧត្តរមានជ័យ មាន​សាលារៀន​៨ និង​មន្ទីរពេទ្យ​/​មណ្ឌល​សុខភាព​៥ នៅ​បន្ត​ផ្អាក​។ ខេត្តបន្ទាយមានជ័យ មាន​សាលារៀន​៥ និង​មន្ទីរពេទ្យ​/​មណ្ឌល​សុខភាព​១​បន្ត​ផ្អាក​។ ខេត្តព្រះវិហារ មាន​សាលារៀន​៧ និង​មន្ទីរពេទ្យ​/​មណ្ឌល សុខភាព​២ នៅ​បន្ត​ផ្អាក ។

ក្រសួង​ថា ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ស៊ី​វិល គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥​មក ការ​ខូចខាត​ទ្រព្យ សម្បត្តិ​សាធារណៈ និង​ឯកជន​ពុំ​ទាន់​មាន​របាយការណ៍​ថ្មី​បន្ថែម​លើ​ករណី​ដែល​ក្រសួង​បាន​កត់​ត្រាទុក​នៅឡើយ​ទេ ។

ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ​ការ​តវ៉ា​ជំទាស់​របស់​រាជរដ្ឋាភិបាល​ជា​ថ្មី​ប្រឆាំង​នឹង​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ដែល​កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦ បាន​ពង្រឹង​ការ​កាន់កាប់​ដោយ​ខុសច្បាប់​បន្ថែម​ទៀត រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា នៅ​ទីតាំង​ជា​ច្រើន​។

សកម្មភាព​ទាំងនោះ រួម​មាន សាងសង់​ប៉ុស្តិ៍​យាម​សង្កេតការណ៍​នៅ​ក្នុង​តំបន់​ប្រាសាទព្រះវិហារ សាងសង់​ផ្លូវ​នៅ​ជិត​បង្គោល​ព្រំដែន​លេខ​២ នៅ​ស្រុក​អន្លង់​វែង​និង​តំបន់​ដើម​តា​ត្រាវ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ជីក​លេណដ្ឋាន​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ជប់​គគីរ នៅ​ស្រុក​បន្ទាយ​អំពិល សាង សង់​ប៉ុស្តិ៍​យាម​អង្កេត​ការណ៍​និង​ឈូស​ឆាយដី នៅ​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង សាងសង់​ផ្លូវ​ថ្មើរជើង ផ្លូវ និង​ជីក​លេណដ្ឋាន នៅ​តំបន់​ថ្ម​ដូន ខេត្តឧត្តរមានជ័យ ព្រមទាំង ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់ ឈូស​ឆាយដី​បន្ថែម​ទៀត នៅ​តំបន់​អូរ​ភ្លុក​ដំរី ឃុំ​ថ្មដា ខេត្តពោធិ៍សាត់​។

ក្រសួង​បាន​លើក​ឡើង​ថា សកម្មភាព​ជា​ឯកតោភាគី​នេះ បាន​រំលោភ ទាំង ស្រុង​លើ​អនុស្សរណៈ​ស្តី​ពី​ការ​វាស់វែង និង​បោះបង្គោល​ព្រំដែន ឆ្នាំ​២០០០ សេចក្តី​ប្រកាស​រួម នៃ​កិច្ចព្រមព្រៀង របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ខែធ្នូ ឆ្នាំ​២០២៥ សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ សន្ធិសញ្ញា មិត្តភាព​និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​(TAC) ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​គោលការណ៍​មូលដ្ឋាន​នៃ ច្បាប់​អន្តរជាតិ​ផ្សេង​ៗ​ទៀត​។

ជា​ថ្មី​ម្តងទៀត ក្រសួងមហាផ្ទៃ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​សកម្មភាព​ខុសច្បាប់ នានា​ជា​ឯកតោភាគី​បន្ត​ទៀត ព្រមទាំង​ព​ន្លឿ​ន​ការ​ចាត់តាំង​ក្រុមការងារ JBC ដើម្បី​ចាប់ផ្តើម​បន្ត​ការ​វាស់វែង និង កំណត់​ខណ្ឌសីមា ឱ្យ​បាន​លឿន​ស្រប​តាម​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស GBC ដោយ​ផ្អែក​លើ អនុសញ្ញា​និង សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី​និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​។ គឺ​មាន​តែ​យន្តការ​នេះ​ទេ ដែល​នាំ​ឱ្យ​ភាគី​ទាំង​សងខាង​អាច​បញ្ចៀស​វិនាសកម្ម​នៃ​ការ​ប្រឈម​មុខ​ដោយ​អាវុធ​ដាក់​គ្នា និង​ដើម្បី​នាំ​ត្រឡប់​មក​វិញ នូវ​ជីវភាព​ជា​ប្រក្រតី និង​ភាព​សុខក្សេមក្សាន្ត នៃ​ប្រជាជន​តាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ