ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បិទ​ច្រក​ហ័​រ​មូស ជួយ​ជំរុញ​ឱ្យ​តម្រូវការ​ប្រេង​របស់​សហរដ្ឋអាមេរិក​កើនឡើង​ខ្ពស់

3 ម៉ោង មុន

អន្តរជាតិ ៖ បណ្តា​អ្នកជំនាញ​បាន​លើក​ឡើង​ថា ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) បាន​ជំរុញ​ឱ្យ​តម្រូវការ​ប្រេង​របស់​សហរដ្ឋអាមេរិក​កើនឡើង​ខ្ពស់​។ នេះ​បើ​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែមេសា…

អន្តរជាតិ ៖ បណ្តា​អ្នកជំនាញ​បាន​លើក​ឡើង​ថា ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) បាន​ជំរុញ​ឱ្យ​តម្រូវការ​ប្រេង​របស់​សហរដ្ឋអាមេរិក​កើនឡើង​ខ្ពស់​។ នេះ​បើ​តាម​ប្រភព​ពី BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​។

នៅ​ក្នុង​ការ​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Truth Social កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​ថា ថ្នាក់ដឹកនាំ​អ៊ី​រ៉​ង់​បាន​បង្ខំ​ឱ្យ​កប៉ាល់​រាប់រយ​គ្រឿង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​បណ្តា​រដ្ឋ​របស់​សហរដ្ឋអាមេរិក​ដែល​សម្បូរ​ប្រេង ដូច​ជា​រដ្ឋ​តិច​សាស់ (Texas), រដ្ឋ​ល្វី​ស្យា​ណា (Louisiana) និង​រដ្ឋ​អា​ឡា​ស្កា (Alaska)​។

បើ​ទោះជា​វា​មិន​ច្បាស់​អំពី​ប្រភេទ​កប៉ាល់​ដែល​លោក ត្រាំ បាន​លើក​ឡើង​ក៏​ពិតមែន ប៉ុន្តែ​បើ​តាម​បណ្តា​អ្នកវិភាគ​ការ​ដឹក​ជញ្ជូន និង​ពាណិជ្ជកម្ម​សកល​បាន​ប្រាប់ BBC ថា ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស​ដោយ​អ៊ី​រ៉​ង់ ពិតជា​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​នៃ​តម្រូវការ​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក​ប្រាកដ​មែន​។

ច្រក​ហ័​រ​មូស គឺជា​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់​មួយ​សម្រាប់​ប្រេង​ឆៅ​ឈូង​សមុទ្រ​ពែ​រ្ស ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ត្រូវ​បាន​រំខាន​យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពី​ការ​ចាប់ផ្តើម​សង្គ្រាម​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​ជាមួយ​អ៊ី​រ៉​ង់ នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦​។ ដូច្នេះ​ដោយសារ​តែ​មិន​អាច​ចូល​ដឹក​ប្រេង​ឆៅ​ពី​មជ្ឈិមបូព៌ា​តាម​រយៈ​ច្រក​ហ័​រមូ​សបាន​នោះ បណ្តា​ក្រុមហ៊ុន​នាំ​ចូល​ត្រូវ​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ផ្សេង​ជំនួស​វិញ​។

យោង​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​វិភាគ​សមុទ្រ Kpler បាន​បង្ហាញ​ថា កប៉ាល់​ដឹក​ប្រេង​ចំនួន​៧១​គ្រឿង ដែល​ជា​ប្រភេទ​កប៉ាល់​ដឹក​ប្រេង​ខា្ន​ត​យក្ស (VLCCs) កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក បើ​ធៀប​ទៅ​នឹង ២៧ គ្រឿង​ជា​មធ្យម កាលពី​ឆ្នាំ​មុន​។

លោក David Haydon ប្រធាន​ផ្នែក​កំណត់​តម្លៃ​ដឹក​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក នៅ​ក្រុមហ៊ុន Argus Media ដែល​ជា​ក្រុមហ៊ុន​តាមដាន​ទីផ្សារ​សកល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បានឱ្យ​ដឹង​ថា អ្នកទិញ​មក​ពី​អឺរ៉ុប និង​អាស៊ី បាន​មើលឃើញ​ថា ការ​ដឹក​ប្រេង​ចេញពី​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក រួម​ទាំង​ឆ្នេរសមុទ្រ​នៃ​ឈូង​សមុទ្រ​អា​មេ​រិ​ក (​ឬ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​) ជា​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ទៅ​បាន និង​សម្បូរ​បែប ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​ការ​ផ្គត់ផ្គង់​។

តាម​រយៈ​នេះ ហាក់ដូចជា​កំពុង​ជំរុញ​ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក​។ ទន្ទឹម​ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ឯករាជ្យ​ផ្នែក​ស្រាវជ្រាវ​សមុទ្រ Drewry បាន​បង្ហាញ​ថា នៅ​ក្នុង​ស​ប្តា​ហ៍​ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែមេសា កន្លង​ទៅ ការ​ដឹក​ជញ្ជូន​ប្រេង​បាន​ឈាន​ដល់ ៥,២ លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៧​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ