ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ក្នុង​ករណី​ឃា.តកម្ម រត់គេច​ខ្លួន​ពី​ប៉ុស្តិ៍​នគរបាល​ឃុំ​តា​ឡា​ត ក្រោយ​ឃាត់ខ្លួន​បាន​ត្រឹម ១ ថ្ងៃ

1 នាទី មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង​ ៖​ មានការ​ភ្ញាក់ផ្អើល និង​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តា​ឡា​ត ស្រុក​សេ​សាន កាលពី​យប់​ថ្ងៃ​ទី​ ១៦ ខែមេសា…

​ខេត្តស្ទឹងត្រែង​ ៖​ មានការ​ភ្ញាក់ផ្អើល និង​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តា​ឡា​ត ស្រុក​សេ​សាន កាលពី​យប់​ថ្ងៃ​ទី​ ១៦ ខែមេសា ឆ្នាំ​ ២០២៦ ក្រោយ​ពេល​ឃាត់ខ្លួន​បាន​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ។

យោង​តាម​ការ​រៀបរាប់​របស់​លោក ស៊ី​ម នាង មាន​ទីលំនៅ​ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេសាន​ត្រូវជា​បងប្រុស​សព​ជន​រង​គ្រោះ​ឈ្មោះ ស៊ី​ម ណាត បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​ ១១ ខែមេសា ឆ្នាំ​ ២០២៦ ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ដេ​ន បាន​មក​បបួល​ប្អូនប្រុស​របស់​លោក​ទៅ​អារឈើ​នៅ​ក្នុង​ព្រៃ​តែ​ពីរ​នាក់ ​។ លុះដល់​ថ្ងៃ​ទី ​១២ ប្អូនប្រុស​លោក​បាន​ត្រឡប់​មក​ផ្ទះ​ដោយ​បាន​យក​សត្វ​កាំ​ប្រ​ម៉ា​មួយ​ក្បាល​មក​អោយ​ប្រពន្ធ​ហើយ​ក៏​ត្រឡប់​ទៅ​វិញ ក្នុង​ថ្ងៃ​ទី​ ១២ ​នោះ​ដែរ​ ។

ក្រោយមក​នៅ​ថ្ងៃ​ទី​ ១៥ ​ឈ្មោះ ប៊ុ​ន ដេ​ន បាន​ផ្តាំតាម​គេ​អោយ​សួរ​ថា ​ឃើញ​ជន​រង​គ្រោះ​ត្រឡប់
ទៅ​ផ្ទះ​ហើយ​ ឬ​នៅ ? ។ ដោយ​មានការ​សង្ស័យ ថា​ទៅ​ព្រៃ​តែ​ពីរ​នាក់​ហេតុ​អី​មក​វិញ​តែ​ម្នាក់​ ហើយ​បា​ត់​ដំណឹង​ម្នាក់​ឈឹង ក្រុម​គ្រួសារ​ក៏​សម្រេច​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ឈ្មោះ ប៊ុ​ន ដេ​ន នៅ​ថ្ងៃ​ទី ​១៥ ខែមេសា ដើម្បី​សាកសួរ​ ។

ក្នុង​ចម្លើយ​បឋម ជនសង្ស័យ​ឆ្លើយ​ថា ពួក​គេ​បាន​ទៅ​ឆ្លុះសត្វ​ជាមួយ​គ្នា លុះដល់​ម៉ោង ​២​អា​ធ្រា​ត្រ​ទើប​ត្រឡប​មក​ដល់​កន្លែង​ស្នាក់​នៅ​វិញ ខ្លួន​ក៏​បាន​ងូតទឹក​រួច​ចូល​ដេក​មុន រីឯ​ជន​រង​គ្រោះ​ថា​ឈឺពោះ​ទៅ​បត់ជើង លុះ​ព្រឹក​ឡើង​មិនឃើញ​ខ្លួន​ក៏​បាន​ដើរ​រក​ជុំវិញ​នោះ​ដែរ តែ​រក​មិនឃើញ ព្រោះ​ស្មានជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ ​។

អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ហួសចិត្ត​បំផុត​នោះ​គឺ ​ក្រុម​គ្រួសារ​ធ្លាប់​ស្នើ​ឱ្យ​នគរបាល
នាំ​ជនសង្ស័យ​ទៅ​បង្ហាញ​ទីតាំង​បាត់​ខ្លួន តែ​នគរបាល​បដិសេធ​ ។​ ក្រោយមក​នៅ​យប់​ថ្ងៃ​ទី​ ១៦ ខែ
មេ​សា បន្ទាប់​ឃាត់ខ្លួន​មួយ​ថ្ងៃ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចេញពី​ប៉ុស្តិ៍​នគរបាល​បាត់​ស្រមោល
។ ​នៅ​ពេល​សួរ​ដេញដោល​ពី​ក្រុម​គ្រួសារ​រង​គ្រោះ លោក ឡង់ ជា អនុ​ប៉ុស្តិ៍ បាន​ឆ្លើយ​តប​យ៉ាង​ព្រងើយកន្តើយ​ថា ​៖ «​អ្នក​ណា​ទៅ​ឈ្នះ​អង្គុយ​យាម​គេ​»​ ។

រហូត​ដល់​រសៀល​ថ្ងៃ​ទី ​២០ ខែមេសា ទើប​អ្នកដើរ​រក​ឃ្មុំ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ក្នុង​ស្ថានភាព​ហើម​ស្អុយរលួយ​នៅ​ចំណុច​ព្រៃ​ចាស់​​ញ៉ើ​ន ឃុំ​ស្តៅ ស្រុក​សេ​សាន ​។ សព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ពិនិត្យ និង​ធ្វើបុណ្យ​បូជា​ភ្លាម​ៗ​នៅ​នឹង​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី ​២១ ខែមេសា​ ។

លោក ហួត ស៊ូ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​តា​ឡា​ត​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​ត្រឡប់​មក​វិញ​បាន​នៅ​ឡើយ​ទេ​ ។

លោក វ៉ា សុ​ផា​ន់ ស្នងការ​រង​នគរបាល​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ខេត្តស្ទឹងត្រែង​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ​២២ ខែមេ​សា​នេះ​ថា ខាង​ជំនាញ​មិន​ទាន់​ឡើង​របាយការណ៍​មក​នៅឡើយ​ទេ​ ។

គួរ​រំលឹក​ផង​ដែរ​ថា ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ដេ​ន គឺជា​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ឆ្នាំ ​២០១៨ ក្នុង​ករណី​ចោរកម្ម​គាស់​ផ្ទះ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​ខែ​រួច​មក​ហើយ​ ។
មហាជន​កំពុង​រង់ចាំ​មើល​ថា តើ​នឹង​មានការ​ទទួលខុសត្រូវ​បែប​ណា ចំពោះ​ការ​បណ្តោយ​ឱ្យ​ជនសង្ស័យ​រត់គេច​ខ្លួន​បែប​នេះ ខណៈ​ដែល​គ្រួសារ​ជន​រង​គ្រោះ​កំពុង​ទាមទារ​រក​យុត្តិធម៌​យ៉ាង​ខ្លាំងក្លា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ