ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្ក្រាប​ទីតាំង​ឆបោក​អន​ឡាញ ៣​កន្លែង និង​ឃ្លាំង​សាច់​បង្កក​នាំ​ចូល​ពី​ថៃ ៤​កន្លែង

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ បាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ចុះ​ពិនិត្យ​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស ONLINE SCAMS ដោយ​បាន​រក​ឃើញ​ពាក់ព័ន្ធ​ប្រព្រឹត្ត បទល្មើស ONLINE SCAMS ៣​ករណី ជាមួយ​និង​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​សង្ស័យ​បាន​នាំ​ចូល​ស្តុក​សាច់​បង្កក ទំនិញ ត្រី សាច់ គ្រប់​ប្រភេទ ពី​ប្រទេស​ថៃ បាន​ចំនួន​៥១​ទីតាំង រក​ឃើញ​ឃ្លាំង និង​សិប្បកម្ម​ចំនួន​៤​កន្លែង នាំ​ចូល​ទំនិញ​ទាំងនេះ​ពី​ប្រទេស​ថៃ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦​នេះ ។

លោកស្រី ដោ សម្ផស្ស បាន​បន្ត​ថា គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ បាន​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​អគារ ខុន​ដូរ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) ក្នុង ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ បាន​ចំនួន​៨៩​ទីតាំង រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន​៥២០​នាក់ (​ស្រី​១៧៨​នាក់​) ពុំ​មាន​លិខិតឆ្លងដែន​៣​នាក់​។ ក្នុង​នោះ ក្រុមការងារ​បាន​រក​ឃើញ​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស ONLINE SCAMS ៣​ករណី រួម​មាន ៖

-​នៅផ្ទះ​លេខ​១០៦ ផ្លូវ​លេខ​៩ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល បុរី​ពិភព​ថ្មី ផ្លូវជាតិ​លេខ​៣ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​បង់​ក្លា​ដេ​ស ចំនួន ៥​នាក់ ព្រមទាំង​សម្ភារ​មួយ​ចំនួន រួម​មាន​៖ ទូរ​សព្ទ​ចំនួន ២១​គ្រឿង​, កុំព្យូទ័រ (Laptop) ចំនួន​០១​គ្រឿង លិខិតឆ្លងដែន ជនជាតិ​ចិន ចំនួន​០២​ក្បាល ។

-​នៅផ្ទះ​លេខ​០៧ ផ្លូវ​លេខ​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល បុរី​ពិភព​ថ្មី ផ្លូវជាតិ​លេខ​៣ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​បង់​ក្លា​ដេ​ស ចំនួន​៩​នាក់ (​ពុំ​មាន​លិខិតឆ្លងដែន​៣​នាក់​) ព្រមទាំង​សម្ភារ​មួយ​ចំនួន រួម​មាន​៖ ទូរ​សព្ទ​ចំនួន ២៦​គ្រឿង ក្ដា​ចុច (Keyboard) ចំនួន​០៣​គ្រឿង ស៊ី​ម​កាត​បរទេស​មិន​ទាន់​ប្រើ (​នៅ​ថ្មី​) ចំនួន​៣៣​ស៊ី​ម ស៊ី​ម​កាត​បរទេស​ប្រើប្រាស់​រួច ចំនួន​១៩​ស៊ី​ម កុំព្យូទ័រ (Laptop) ចំនួន​០១​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

-​អគារ​ខុន​ដូ ដឺ​ខាស​ហ្ស​ល​រ៉ូ​យ៉ា​ល់ (DE CASTLE ROYAL) ស្ថិត​នៅ​អគារ​៣៤ ផ្លូវ​២៨៨ ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង នៅ​ជាន់​ទី​១៣ (​បន្ទប់​លេខ​១៣០៩) ជាន់​ទី​១១ (​បន្ទប់​លេខ​១១០៩) ជាន់​ទី​៦ (​បន្ទប់​លេខ​៦០៥) ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១០​នាក់ ព្រមទាំង សម្ភារ​មួយ​ចំនួន រួម​មាន​៖ ទូរ​សព្ទ ២៨​គ្រឿង​, កុំព្យូទ័រ AllIn one ២​គ្រឿង​, Laptop ១៣​គ្រឿង​, Tablet ១​គ្រឿង និង​ស៊ី​មកា​ត​មួយ​ចំនួន ។

លោកស្រី ដោ សម្ផស្ស ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​សម្ភារ​ជា​កុំព្យូទ័រ និង​ទូរ​សព្ទ បាន​សន្និដ្ឋាន​បាន​ថា ទីតាំង​ខាងលើ​ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ONLINE SCAMS​។ ជនសង្ស័យ និង​សម្ភារ​ខាងលើ ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​។ ចំពោះ​ទីតាំង​ផ្ទះ និង​បន្ទប់​ខាងលើ ក្រុមការងារ​បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ។

ជាមួយ​គ្នា​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការ​ផាកពិន័យ ចំពោះ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​តាម​អនុក្រឹត្យ​លេខ​០៣ សរុប​ចំនួន ៣​ទីតាំង មនុស្ស​ចំនួន​៨​នាក់ គិត​ជា​ថវិកា​សរុប​បាន​ចំនួន ៣២.០០០.០០០​រៀល (​សាមសិប​ពីរ​លាន​រៀល )​។

លោកស្រី ដោ សម្ផស្ស បាន​បន្ត​ទៀត​ថា ដោយឡែក​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ គណៈ​បញ្ជាការ​រដ្ឋបាល​ខណ្ឌ​ទាំងអស់ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​ការពារ​សិទ្ធិ​អ្នក​ប្រើប្រាស់ (​ក​.​ប​.​ប​) ដោយ​មានការ​សម្របសម្រួល​ផ្លូវច្បាប់ ពី​ព្រះរាជអាជ្ញា​រង បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​សង្ស័យ​បាន​នាំ​ចូល ស្តុក និង​បង្កក​ទំនិញ ត្រី សាច់ គ្រប់​ប្រភេទ ពី​ប្រទេស​ថៃ សរុប​បាន​ចំនួន​៥១​ទីតាំង​។ ក្នុង​ចំណោម​ទីតាំង​ទាំង​អស់នេះ កម្លាំង​ចម្រុះ​បាន​រក​ឃើញ​ទីតាំង​ឃ្លាំង និង​សិប្បកម្ម​ចំនួន ៤​កន្លែង នៅ​ខណ្ឌទួលគោក ខណ្ឌមានជ័យ និង​ខណ្ឌ​ជ្រោយចង្វារ មាន​ស្តុក​សាច់ និង​ប្រហិត​ចម្រុះ​គ្រប់​ប្រភេទ​ជា​ច្រើន​មុខ ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ ។
ក្រុមការងារ​បាន​សម្រេច​បិទ​ទីតាំង​ទាំងនោះ​បណ្តោះអាសន្ន និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ទាំងនោះ នាំ​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី ។

លោកស្រី អ្នកនាំពាក្យ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អនុវត្ត​ទៅ​តាម​អនុ​សាស​ន៏​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​ឃ្លាំមើល និង​ចុះ​ពិនិត្យ​គ្រប់​ឃ្លាំង និង​ទីតាំង​ស្តុក​ផលិតផល​ទាំងអស់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងណា​រក​ឲ្យ​ឃើញ​នូវ​ការ​លួច​នាំ​ចូល ស្តុក​ទុក និង​ចែកចាយ​សាច់​បង្កក​ពី​ប្រទេស​ថៃ ៕