ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីប្រាប់មន្ទីរពេទ្យនានា ឲ្យពង្រឹងសីលធម៌វិជ្ជាជីវៈ

3 ម៉ោង មុន

លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រាប់​ឲ្យ​មន្ទីរពេទ្យ​ជាតិ ទាំង​១១ មន្ទីរពេទ្យ​បង្អែក មណ្ឌល់​សុខភាព​នានា ឲ្យ​យកចិត្តទុកដាក់​លើ​បដិសណ្ឋារកិច្ច​ល្អ និង​សីលធម៌​វិជ្ជាជីវៈ ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «​បដិសណ្ឋារកិច្ច​របស់​មន្ត្រី​សុខាភិបាល ចំពោះ​អ្នកជំងឺ​ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ ជា​គុណ​តម្លៃ​នៃ​សេវា​សុខាភិបាល​» នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពី​ថ្ងៃ​ទី ១១ ខែមិថុនា លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា បដិសណ្ឋារកិច្ច​ល្អ និង​សីលធម៌​វិជ្ជាជីវៈ គឺជា​គុណ​តម្លៃ​ស្នូល​នៃ​សេវា​សុខាភិបាល​សាធារណៈ ។

លោក ឈាង រ៉ា បាន​សង្កត់ធ្ងន់​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​លើ​បដិសណ្ឋារកិច្ច​ល្អ ក្នុង​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​សុខាភិបាល​ស្រប​តាម​គោលការណ៍​អាទិភាព មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ពាក្យ​«​បដិសណ្ឋារកិច្ច​» គឺ​កិច្ច​សម្តែង​នូវ​ការ​ទទួល​រាក់ទាក់ ដែល​ទាមទារ​ឱ្យ​មានការ​ចាត់ចែង​ការងារ​ប្រទាក់ក្រឡា​គ្នា ចាប់ពី​ការ​រៀបចំ​ទីតាំង​ផ្តល់​សេវា​ឱ្យ​ងាយស្រួល រហូត​ដល់​ឥរិយាបថ ពាក្យ​សម្តី​រួសរាយ មិន​រើសអើង និង​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​អ្នក​ផ្តល់​សេវា ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​តាំងពី​ការ​គោរព​, ការ​ខិតខំ​យល់ចិត្ត​អ្នកជំងឺ​, ការ​ទំនាក់ទំនង​ល្អ​, ការ​ចេះ​គ្រប់គ្រង​ខ្លួនឯង​, ភាព​វិជ្ជមាន​, ការ​ដោះស្រាយ​បញ្ហា​ដោយ​មិន​លាយឡំ​រឿង​បុគ្គល​, ការ​ទទួលខុសត្រូវ និង​ភាព​ស្មោះត្រង់ ៕