ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​គួរឱ្យអាណិតផង ហួសចិត្តផង! ករណីសិស្ស​១​ក្រុមនាំគ្នាលួ.ចបេះផ្លែទុរេនចែកគ្នាហូប ត្រូវម្ចាស់ទុរេនប្តឹង

55 នាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្អែក​តាម​ចម្លើយ​សារភាព​​​គួរ​ឱ្យអាណិតផង និង​ហួសចិត្ត​ផង ដែល​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ក្មេង​ប្រុស​ៗ​ជា​សិស្សសាលា​ទាំង ៦​នាក់ បាន​​រៀបរាប់​ថា មូលហេតុ​ដែល​ពួក​គេ​សម្រេចចិត្ត​ធ្វើ​សកម្មភាព​លួច​បែប​នេះ គឺ​ដោយសារ​តែ «​ផ្លែ​ទុរេន​មាន​ក្លិន​ឈ្ងុយ​ពេក​» ហើយ​ពួក​គេ​គ្មាន​ប្រាក់​ទិញ ទើប​នាំ​គ្នា​ដាច់​ចិត្ត​លួច​បេះ​យក​ទៅ​ពុះ​បក​ចែក​គ្នា​ហូប​តែ​ម្តង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ ក្រោយ​ម្ចាស់​ទុរេន​បាន​បង្ហោះ​រឿងរ៉ាវ​ដែល​ក្រុម​ក្មេង​ៗ​លួច​ទុរេន​ដែល​ខ្លួន​ដាក់​លក់​តាម​ដងផ្លូវ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​លុះដល់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ ជន​រង​គ្រោះ​ក៏​បាន​សម្រេចចិត្ត​មក​ដាក់​ពាក្យបណ្ដឹង​ជា​ផ្លូវការ​នៅ​ប៉ុស្តិ៍​នគរបាល​។

ក្រោយ​ទទួល​បាន​បណ្តឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុ​ម សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​អត្តសញ្ញាណ និង​នាំ​ខ្លួន​ក្រុម​ក្មេង​ប្រុស​ទាំង ៦​នាក់ មក​ធ្វើការ​សាកសួរ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ។

សិស្ស១ក្រុមដែលត្រូវឃាត់ខ្លួនខាងលើរួមមាន ១-ឈ្មោះ យ.ផ.រ ភេទប្រុស អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៨ ២-ឈ្មោះ អ.ព ភេទប្រុស អាយុ១៣ឆ្នាំ ឈប់រៀនទី៦ ៣-ឈ្មោះ ឆ.រ.ធ ភេទប្រុស អាយុ​១៥ឆ្នាំ ៤-ឈ្មោះ រ.ម.ន ភេទប្រុស អាយុ​១៦ឆ្នាំ រៀនថ្នាក់ទី៨ ៥-ឈ្មោះ រ.ដ.វ ភេទប្រុស អាយុ​១៤ឆ្នាំ រៀនថ្នាក់ទី៨ និង៦-ឈ្មោះ ឡ.ដ.វ ភេទប្រុស អាយុ​១៧ឆ្នាំ រៀនថ្នាក់ទី៨

ដោយ​ពិនិត្យ​ឃើញ​ថា អ្នក​ប្រព្រឹត្ត​ទាំងអស់​សុទ្ធតែ​ជា​សិស្សសាលា និង​ស្ថិត​ក្នុង​វ័យ​អនីតិជន ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក ជា ចិ​ត្រា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​បាន​សម្រេច​អនុវត្ត​វិធានការ ដោយ​ធ្វើការ​អប់រំ​ណែនាំ និង​ឱ្យ​ក្រុម​ក្មេង​ៗ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ខុសច្បាប់​។ ទន្ទឹម​នឹង​នោះ សមត្ថកិច្ច​ក៏​បាន​កោះហៅ​អាណាព្យាបាល​របស់​ពួក​គេ មក​ធ្វើ​លិខិតធានា ដើម្បី​នាំ​យក​កូនចៅ​ទៅ​អប់រំ​បន្ត​នៅ​តាម​គេហដ្ឋាន​រៀង​ៗ​ខ្លួន​ផង​ដែរ​៕​