លុបឈ្មោះមេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺចេញពីក្របខ័ណ្ឌទាហាន
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ អត្តលេខ១៦១៥៧២ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវបានរាជរដ្ឋាភិបាលសម្រេចលុបឈ្មោះចេញពីក្របខណ្ឌ ព្រោះតែមិនគោរពច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ។

នេះបើតាមអនុក្រឹត្យដែលចុះហត្ថលេខារបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៨ មីនា ឆ្នាំ២០២៦ ដែលសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ តាមសំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ការសម្រេចលុបឈ្មោះវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទបែបនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់អំពីមូលហេតុឱ្យដឹងថា «មិនគោរពច្បាប់ ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ» ។
ទោះជាបែបណា ការបែកធ្លាយ៣ខែក្រោយ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលុបឈ្មោះ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ ចេញពីក្របខ័ណ្ឌ គឺដោយសារលោកពាក់ព័ន្ធរឿងទទួលផលប្រយោជន៍ពីបទល្មើសគ្រឿងញៀន ។
សូមបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០២៣កន្លងទៅ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ រួមទាំង មេបញ្ជាការអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីអាវុធហត្ថ៤នាក់ផ្សេងទៀត សរុប៦នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការទទួលផលប្រយោជន៍ពីមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕



ចែករំលែកព័តមាននេះ