ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកយុទ្ធនាការក្តៅ! ផាកពិន័យ​ក្រុម​គ្រួសារ​អន​ឡាញ​ជិត ២​ម៉ឺន​ដុល្លារ ព្រមា.ន​ម្ចាស់​សណ្ឋាគារ​-​ផ្ទះសំណាក់ បើហ៊ា.ន​លាក់បំពួន​បទល្មើ.ស

2 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​បើក​យុទ្ធនា​ការ​ក្តៅ ដោយ​អនុវត្ត​វិធានការ​ច្បាប់​ផាកពិន័យ​ជា​ទឹកប្រាក់​សរុប​១៩,០០០​ដុល្លារ​អា​មេ​រិ​កលើ​ជនសង្ស័យពាក់ព័ន្ធ​បទល្មើស​បច្ចេកវិទ្យា​ចំនួន ១៩ នាក់ (​ម្នាក់​ៗ ៤ លាន​រៀល​)​។

វិធានការ​ក្តៅ​គគុក​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ខេត្ត​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា កាលពី​ថ្ងៃ​ទី ១១​ខែ​មិ​ថុនា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​។

លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង បាន​ចេញ​ព្រមាន​យ៉ាង​ម៉ឹង​ម៉ាត់​ចំ​ៗ​ថា ចាប់ពី​ពេល​នេះ​ទៅ មិន​មានការ​លើកលែង ឬ​ទទួល​ការ​អន្តរាគមន៍​ណាមួយ​ឡើយ ចំពោះ​បុគ្គល​ដែល​ល្មើសច្បាប់​។

លោក​បាន​សង្កត់ធ្ងន់​ថា​៖​ផ្ទះសំណាក់ សណ្ឋាគារ ឬ​ផ្ទះ​ស្នាក់​ណា ដែល​បណ្តោយ​ឱ្យ​មាន​បទល្មើស​អន​ឡាញ​កើតឡើង​ក្នុង​ទីតាំង​របស់​ខ្លួន ហើយ​សមត្ថកិច្ច​រក​ឃើញ នឹង​ត្រូវ​រង​វិន័យ​ដាច់ខាត​។​លោក​អភិបាលខេត្ត ក៏​បាន​ជម្រះ​មន្ទិល​ជុំវិញ​ថវិកា​ផាកពិន័យ​ជិត ២ ម៉ឺន​ដុល្លារ​នោះ​ដែរ​ថា ថវិកា​ទាំងនេះ​ត្រូវ​បាន​បង់​ចូល​ស្ថាប័នរដ្ឋ​ត្រឹមត្រូវ​តាម​វិក្កយបត្រ​ច្បាប់​ថវិកា ដោយ​មិន​បាន​យក​ទៅ​រក្សា​ទុក​នៅ​រដ្ឋបាល​ខេត្ត ឬ​ស្នងការដ្ឋាន​នគរបាល​ឡើយ ហើយ​នេះ​គ្រាន់តែ​ជា​ទណ្ឌកម្ម​វិន័យ​ជំហាន​ដំបូង ដោយ​មិន​ទាន់​គិត​ពី​ទោសទណ្ឌ​ផ្សេង​ៗ​ទៀត​នោះ​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ​លោក កែវ សុធា ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត បាន​បង្ហើប​ថា ក្រុម​ឧក្រិដ្ឋជន​អនឡាញ​អាច​រក​លុយ​ខុសច្បាប់​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ៗ ដែល​នេះ​ជា​មហន្តរាយ​សន្តិសុខ ទើប​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​ថ្មី​ដែល​មានទោស​ទណ្ឌ និង​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​បែប​នេះ​។

លោក​ឧត្តមសេនីយ៍ទោ សេរី​បុត្រ សត្យា ស្នងការ​នគរបាល​ខេត្ត បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរ និង​តុលាការ ព្រោះ​ការ​បង្ក្រាប​សំបុក​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នេះ មិនមែន​ជា​កាតព្វកិច្ច​របស់​សមត្ថកិច្ច​តែ​ម្នាក់ឯង​នោះ​ទេ ដើម្បី​ធានា​សុវត្ថិភាព​រួម​ក្នុង​ខេត្ត​។

សូម​បញ្ជាក់​ថា «​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ដែល​មាន ៥ ជំពូក និង ២៤ មាត្រា ត្រូវ​បាន​ប្រមុខរដ្ឋ​ស្តីទី សម្តេច​តេ​ជោ ហ៊ុន សែន ចុះហត្ថលេខា​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ០៦ ខែមេសា ឆ្នាំ ២០២៦ កន្លង​ទៅ​នេះ ហើយ​កំពុង​មាន​អានុភាព​អនុវត្ត​យ៉ាង​ទាន់ហន់​នៅ​លើ​ទូ​ទាំង​ប្រទេស​៕