ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ត្រូវ​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​ឬ​ផលិតផលបង្កក​ដែល​សង្ស័យ​នាំ​ចូល​ពី​ប្រទេស​ថៃ ត្រូវ​សួរនាំ​ឱ្យ​បាន​លម្អិត​ថា អ្នក​ណា​ជា​អ្នក​នាំ​ចូល ?

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦​កន្លង​ទៅ ក្រោម​ការ​ដឹកនាំ​​ និង​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ    រដ្ឋបាល​ខណ្ឌ​ព្រែក​​ព្នៅ សហការ​ជាមួយ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋា​ន​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ដោយ​លោកស្រី ផាត់ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រងបាន​ចុះ​ពិនិត្យ​ទីតាំង​ឃ្លាំង​យីហោ​ «​ភុ​ត ប៊ុ​ន​ហម​ » ស្ថិត​នៅ​ក្នុងភូមិ​ធ្លក សង្កាត់​គោក​រកា ដែល​សង្ស័យមាន​នាំ​ចូល និង​ស្តុក​សាច់​បង្កក​ពី​ប្រទេស​ថៃ ។ នេះ​​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ ។

ក្នុង​ចុះ​ត្រួតពិនិត្យ​នេះ ក្រុមការងារ​ចម្រុះ​បាន​រក​ឃើ​ញ ៖

១-​មាន​លិខិតអនុញ្ញាត​អាជីវកម្ម និង​ប័ណ្ណ​ពន្ធ​ប៉ាតង់ ឆ្នាំ​២០២៥ ។ ២-​ផលិតផល​ក្នុងស្រុក ៖ ប្រហិត​មាន់ ប្រហិតសាច់​គោ ហត​ដក​ច្រើន​ប្រភេទ ណែម​មីសួ សាច់​ជ្រូក​ចង្កាក់ និង​ឆ្អឹងខ្ចី​ទ្រូង​មាន់ ។ ៣-​ផលិតផល​សរសៃ​កែង​មាន់​បង្កក​សរុប ៦៤២​ដុំ​តូច មាន​ដាក់​អក្សរ THAILAND ចំនួន​១៣៧​ដុំ និង​ផលិតផល​ដែល​គ្មាន​អក្សរ​បញ្ជាក់​ប្រភព​ចំនួន​៤២៧​ដុំ​តូច ។

ក្រោយ​ពេល​ចប់​ប្រតិបត្តិការ ម្ចាស់​ទីតាំង​ខាងលើ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​បន្ថែម​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការ​នាំ​ចូល​ផលិតផល​ទាំងនេះ និង​ស្វែងរកអ្នក​​ពាក់ព័ន្ធ ។ រីឯ​ទីតាំង​ឃ្លាំង ក្រុមការងារ​សម្រេច​បិទ​ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី ។

លោកស្រី​អ្នកនាំពាក្យបាន​បន្ត​ថា ក្នុងថ្ងៃនេះ​ដែរ រដ្ឋបាល​ខណ្ឌឫស្សីកែវ ដោយ​មានការ​ចូលរួម​សហការ​ពី​លោកស្រី​ព្រះ​រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ និង​មន្ដ្រី ក​.​ប​.​ប រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​សាច់​បង្កក​ចំនួន៣​ទីតាំង ដែល​សង្ស័យ​​ ​ពាក់ព័ន្ធ​ករណី​នាំ​ចូលស្តុក​ទុក និង​ចែកចាយ​ផលិតផល​សាច់​បង្កក​ជា​ផ​លិ​លត​ផល​របស់​ប្រទេស​ថៃ​រួម​មាន​៖

១-​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ។ ២-​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ។ ទី​៣-​ឃ្លាំងទំនិញ ISR(​ចែ​ទូច​) ស្ថិត​នៅ​ផ្លូវលំ ភូមិ​ទី​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ។

ចំពោះ​ទីតាំង​ទាំង​៣​នេះ កម្លាំង​ចម្រុះ​បាន​ចុះពិនិត្យ​មិនឃើញ​មាន​ករណី​ទំនិញ​បង្កក​ដែល​នាំចូល​មក​ពី​ប្រទេស​ថៃ​ឡើយ ។ជាមួយ​គ្នា​នេះ លោក​អភិបាល​ខណ្ឌឫស្សីកែវ បាន​ថ្លែង​អំណរគុណ​ម្ចាស់​ទីតាំង​ដែល​បាន​ផ្តល់​ការ​សហការ​ល្អ​សម្រាប់​ក្រុម​ការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ ហើយ​បាន​សន្យា​ថា មិន​មានការ​ទទួលយក​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ មក​បង្កក​ទុក​នៅ​ទីតាំង​ឃ្លាំង​នេះ​ឡើយ ។ដោយឡែក នៅ​ខណ្ឌ​សែន​សុខ​វិញ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ចម្រុះ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែង​របស់​ក្រុមហ៊ុន FWI ស្ថិត​នៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ បន្ទាប់​ពី​មានការ​សង្ស័យ​ថា​មានការ​ស្តុក​សាច់​បង្កក​នាំ​ចូល​ពី​ប្រទេស​ថៃ ។

ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ និង​ធ្វើតេស្ត​វិភាគ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) និង​សាខា​គយ​និង​រដ្ឋាករ​ខណ្ឌ​សែនសុខ បាន​រក​ឃើញ​មានការ​ស្តុក​ទំនិញ​ចំនួន​៩​ប្រទេស ក្នុង​នោះ ចិន ប្រេ​ស៊ីល សហរដ្ឋអាមេរិក ឥណ្ឌា ហូ​ឡង់ តៃវ៉ាន់ អូស្ត្រាលី និង​កម្ពុជា ។

ក្នុង​ចំណោម​មុខទំនិញ និង​សាច់​បង្កក​ទាំងអស់ ក្រុមការងារ​មិន​បាន​រក​ឃើញ​មុខទំនិញ​ណា​នាំ​ចូល​ពី​ប្រ​ទស​ថៃ​ឡើយ ។ជាមួយ​គ្នា​នេះ លោកស្រី​អ្នកនាំពាក្យ​បាន​បញ្ជាក់​ទៀត​ថា ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​និង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​លោក លោកស្រី អភិបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ ឬ​ផលិតផល​បង្កក​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លូ​ន ដែល​សង្ស័យ​អាច​មាន​ប្រភព​នាំ​ចូល​ពី​ប្រទេស​ថៃ​ឱ្យ​បាន​ម៉ត់ចត់ ។ ក្នុង​ករណី​រក​ឃើញ​ត្រូវ​សួរនាំ​ឱ្យ​បាន​លម្អិត​ថា អ្នក​ណា​ជា​អ្នក​នាំ​ចូល ? ចូល​តាម​ច្រក​ណា ? ខេត្ត​ណា ? មាន​អាជ្ញាប័ណ្ណ​នាំ​ចូល​ឬទេ ? ហើយ​អ្នក​ណា​ជា​អ្នក​ដឹក​ជញ្ជូន ?

ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​បន្ត​ថា កិច្ចការ​ទាំង​អស់នេះ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​តែ​បន្ត​ត្រួតពិនិត្យ​ព្រម​ៗ​គ្នា ជាមួយនឹង​ការងារ​ចុះ​ប្រតិបត្តិការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ដោយ​មិនត្រូវ​រា​ថយ​ជា​ដាច់ខាត ៕